ផ្ទុះការជជែកដេញដោលដ៏ក្តៅគគុក ក្រោយទំព័រហ្វេសប៊ុក «Earthquake News Everyday» ដែលតែងជូនដំណឹងពីគ្រោះរញ្ជួយដី បានបង្ហោះព្រ.មាន និងរាយការណ៍ថា កម្ពុជា (ត្រង់ចំណុចក្រុងបានលុង ខេត្តរតនគិរី) ស្ថិតក្នុងបញ្ជីរងគ្រោះរញ្ជួយដីទំហំ ៤.៥ រ៉ិចទ័រ ក្នុងពេលប៉ុន្មានថ្ងៃនេះ។
______________
តើជាការពិតដែរឬទេ ដែលថាប្រទេសកម្ពុជាអាចនឹងរងការវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងពេលឆាប់ៗខាងមុខនេះ? នាពេលថ្មីៗនេះ ពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរបាយការណ៍ព្រមាន និងការប្រកាសអាសន្នរបស់ទំព័រហ្វេសប៊ុកបរទេសមួយ ដែលបានធ្វើការព្យាករណ៍ថា ប្រទេសនៅក្នុងតំបន់ឥណ្ឌូចិន រួមទាំងកម្ពុជា ជាពិសេសត្រង់ក្រុងបានលុង ខេត្តរតនគិរី នឹងត្រូវជួបប្រទះនូវគ្រោះរញ្ជួយដី ក្នុងអំឡុងចុងខែកញ្ញា ឆ្នាំ២០២៦ នេះ។
.jpg)
យោងតាមការបង្ហោះជាបន្តបន្ទាប់របស់ទំព័រហ្វេសប៊ុកឈ្មោះ «Earthquake News Everyday» កាលពីថ្ងៃទី២២ ខែកញ្ញា បានបញ្ចេញផ្ទាំងរូបភាពប្រកាសអាសន្នថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងតំបន់វៀតណាម ឡាវ កម្ពុជា និងថៃ នឹងមានការរញ្ជួយដីជាបន្តបន្ទាប់ក្នុងទំហំពី ៣.៥ ដល់ ៥.៥ រ៉ិចទ័រ។ ត្រឹមតែប៉ុន្មានម៉ោងក្រោយមក ទំព័រដដែលនេះបានបង្ហោះសារអះអាងបន្ថែមទៀតថា នៅថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង ១០:៥៦ នាទីព្រឹក មានគ្រោះរញ្ជួយដីទំហំ ៤.៥ រ៉ិចទ័រ កើតឡើងជាក់ស្តែងនៅតាមតំបន់មួយចំនួន រួមទាំងរាលដាលដល់ក្រុងបានលុង ខេត្តរតនគិរី នៃប្រទេសកម្ពុជាថែមទៀតផង ដែលធ្វើឱ្យមានការចែករំលែកតៗគ្នាយ៉ាងច្របូកច្របល់។.jpg)
ទោះជាយ៉ាងណា ជុំវិញសេចក្តីរាយការណ៍ និងការបង្ហោះព្រមានខាងលើនេះ សូមបងប្អូនកុំទាន់មានការភិតភ័យ ឬព្រួយបារម្ភពេកអី ព្រោះវាមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយពីស្ថាប័នជំនាញ ឬក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ។ ផ្អែកតាមតថភាពជាក់ស្តែង និងការពិតផ្នែកវិទ្យាសាស្ត្រភូគព្ភវិទ្យាសកល បច្ចុប្បន្នគេនៅមិនទាន់មានសមត្ថភាព ឬបច្ចេកវិទ្យាទំនើបណាដែលអាចធ្វើការព្យាករណ៍យ៉ាងត្រឹមត្រូវទុកមុនអំពីថ្ងៃខែ ម៉ោង និងទីតាំងជាក់លាក់នៃការកើតឡើងគ្រោះរញ្ជួយដីបានឡើយ។ ម្យ៉ាងវិញទៀត ស្ថានភាពនៅក្នុងក្រុងបានលុង ខេត្តរតនគិរី ក៏កំពុងមានភាពស្ងប់ស្ងាត់ធម្មតា ដោយគ្មានការញ័ររំជើបរំជួលណាមួយកើតឡើងនោះទេ ដូច្នេះការបង្ហោះទាំងនេះ គឺគ្រាន់តែជាព័ត៌មានដែលផ្សាយដើម្បីទាញយកការចាប់អារម្មណ៍ប៉ុណ្ណោះ។
ជារួមមក សេចក្តីរាយការណ៍ដែលថា កម្ពុជាអាចប្រឈមនឹងគ្រោះរញ្ជួយដី ឬកំពុងរងការរញ្ជួយដីនៅខេត្តរតនគិរី គឺគ្រាន់តែជាការផ្សព្វផ្សាយក្រៅផ្លូវការ និងមិនទាន់មានការផ្ទៀងផ្ទាត់ផ្នែកភូគព្ភវិទ្យាច្បាស់លាស់នោះឡើយ។ ករណីនេះបានដាស់តឿនឱ្យពលរដ្ឋខ្មែរគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មានតាមប្រព័ន្ធឌីជីថល ជៀសវាងការស្លន់ស្លោ ឬភិតភ័យដោយមិនចាំបាច់។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់ ងាកមកតាមដានបច្ចុប្បន្នភាព និងស្ថានភាពគ្រោះធម្មជាតិ ព្រមទាំងការប្រែប្រួលអាកាសធាតុ តាមរយៈការប្រកាសផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នជំនាញរបស់ព្រះរាជាណាក្រកម្ពុជាវិញ ដើម្បីទទួលបានព័ត៌មានដ៏ត្រឹមត្រូវ និងមានសុវត្ថិភាពបំផុត៕










