ភ្នំពេញ៖ នគរបាលជាតិកម្ពុជា ចាប់ដៃសហការជាមួយការិយាល័យ FBI អាម៉េរិក បើកប្រតិបត្តិការស្រាវជ្រាវសំណុំរឿង ១២ករណី ឈានទៅបោសសម្អាតទីតាំងស្កេមខុសច្បាប់ ៥០កន្លែងរួមគ្នា នៅក្នុងខេត្ត-ក្រុងចំនួន ៧ ទូទាំងប្រទេស ជំរុញឲ្យនាយក FBI បានចេញមុខស្ញើចសរសើរដោយផ្ទាល់ចំពោះឆន្ទៈមោះមុត និងតម្លាភាព១០០% របស់រាជរដ្ឋាភិបាលកម្ពុជា។
___________.jpg)
លាងជម្រះមុខមាត់ប្រទេស! នាយក FBI ចេញមុខស្ញើចសរសើរចំពោះឆន្ទៈមោះមុត ភាពស្មោះត្រង់ តម្លាភាព និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយបានសហការគ្នាយ៉ាងដុតដៃដុតជើងជាមួយកងកម្លាំងនគរបាលជាតិខ្មែរ បើកប្រតិបត្តិការស្រាវជ្រាវសំណុំរឿងបច្ចេកវិទ្យាចំនួន ១២ ករណី ឈានទៅវាយកម្ទេច និងបោសសម្អាតទីតាំងស្កេម រហូតដល់ទៅ ៥០ កន្លែង យ៉ាងជោគជ័យទូទាំងប្រទេស។
.jpg)
យោងតាមព័ត៌មានលម្អិតផ្លូវការពីក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ កិច្ចសហប្រតិបត្តិការបំបែកសម្បុកឧក្រិដ្ឋកម្មនេះ ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមអនុស្សរណៈ MoU ទ្វេភាគី ឆ្នាំ២០១៦ និងឆ្នាំ២០១៩ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការិយាល័យ FBI អាម៉េរិក។ នៅក្នុងប្រតិបត្តិការនោះ កងកម្លាំងចម្រុះបានវាយឆ្មក់បង្ក្រាបទីតាំងបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាសរុប ៥០ ទីតាំង ស្ថិតក្នុងភូមិសាស្ត្រខេត្ត-ក្រុងចំនួន ៧ រួមមាន៖ ឧត្តរមានជ័យ, បន្ទាយមានជ័យ, កណ្តាល, ស្វាយរៀង, កំពត, ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។ ក្រុមការងារជំនាញក៏បានបង្ហាញសមត្ថភាពបច្ចេកទេសខ្ពស់ ក្នុងការស៊ើបអង្កេតករណីរូបិយប័ណ្ណគ្រីបតូ ផ្ទៀងផ្ទាត់ IP Address និងផ្តល់ភស្តុតាងត្រឡប់ទៅឱ្យភាគីអាមេរិកវិញភ្លាមៗ។

ជោគជ័យដ៏ធំធេងនេះ បានស្តែងឱ្យឃើញពីភាពវិជ្ជមានយ៉ាងច្បាស់លាស់របស់កម្ពុជាលើឆាកអន្តរជាតិ។ វាបានបង្ហាញពីគោលការណ៍មិនអត់ឱនដាច់ខាតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកម្ទេចឫសគល់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីការពារស្ថិរភាពសង្គម។ ជាមួយគ្នានេះ វាបានបង្កើនទំនុកចិត្តខ្ពស់លើសមត្ថភាពបច្ចេកវិទ្យារបស់សមត្ថកិច្ចខ្មែរ ក្នុងការគ្រប់គ្រងសន្តិសុខឌីជីថល ដែលជាកត្តាជម្រុញការជឿជាក់ពីវិនិយោគិនបរទេស។ ចំណុចគន្លឹះសំខាន់ គឺវាបានបង្ហាញថា កម្ពុជាគឺជាដៃគូការទូតដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តបំផុត ក្នុងការសហការដុតដៃដុតជើងជាមួយមហាអំណាចសហរដ្ឋអាមេរិក តាមរយៈក្រុមការងារចម្រុះ ដើម្បីរួមគ្នារក្សាសន្តិសុខសកល។

ជារួមមក លទ្ធផលផ្លែផ្កានៃការចាប់ដៃគ្នារវាងនគរបាលជាតិកម្ពុជា និង FBI អាម៉េរិក គឺជាខែលការពារកិត្យានុភាពជាតិដ៏រឹងមាំ និងជាការស្តារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងមានប្រសិទ្ធភាព។ សម្រែកកោតសរសើរដ៏ខ្ពង់ខ្ពស់ពីស្ថាប័នច្បាប់កំពូលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនមែនជាជម្រករបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ។ កម្ពុជានៅតែបន្តឈរលើជំហរការទូតដ៏ស្អាតស្អំ និងបើកចំហរទ្វារសហការជាសកល ដើម្បីរួមគ្នាកម្ទេចរាល់បទល្មើសឆ្លងដែន ជួញដូរមនុស្ស និងភេរវកម្ម ដើម្បីធានាសុវត្ថិភាព និងភាពស្អាតស្អំនៃប្រព័ន្ធឌីជីថលទូទាំងពិភពលោក៕









