មេខ្លោងដ៏ធំ ដែលលាងលុយឱ្យឧក្រិដ្ឋកម្មល្បែងអនឡាញ តាមរយៈគណនី Alipay, WeChat ជាង ៦,០០០ គណនី និងបំប្លែងជាលុយគ្រីបតូ សរុបជិត ២៩ លានដុល្លារ ត្រូវបានប៉ូលីសចិន សហការជាមួយអាជ្ញាធរថៃ ចុះឆ្មក់បង្រ្កាប និងចាប់ខ្លួនបាននៅក្នុងភូមិគ្រឹះប្រណីតនាខេត្តឈុនបុរី ក្រោយរត់គេចពីការតាមប្រមាញ់របស់រដ្ឋាភិបាលចិន។
________________.jpg)
លាក់ខ្លួនយ៉ាងស្រណុកសុខស្រួលនៅក្នុងភូមិគ្រឹះដ៏ប្រណីត! ឧក្រិដ្ឋជនឆ្លងដែនដែលជាមេខ្លោងធំជនជាតិចិន រដ្ឋាភិបាលចិនព្យាយាមតាមប្រមាញ់ ត្រូវបានរកឃើញថាកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ និងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះថៃបើកប្រតិបត្តិការឆ្មក់បង្ក្រាប និងវាយខ្នោះបានទាំងស្រឡ។ ការចាប់ខ្លួនមេខ្លោងរូបនេះ បានលាតត្រដាងនូវបណ្ដាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្នាតយក្ស ពាក់ព័ន្ធនឹងការលាងលុយខ្មៅដ៏មហាសាលឱ្យល្បែងស៊ីសងអនឡាញអន្តរជាតិ ដែលមានទំហំទឹកប្រាក់រហូតដល់ទៅជិត ២៩ លានដុល្លារអាមេរិក។.jpg)
ផ្អែកលើរបាយការណ៍ព័ត៌មានជាក់ស្តែង ជនសង្ស័យមេខ្លោងជាតិចិនរូបនេះមានអាយុ ៣១ ឆ្នាំ មានឈ្មោះថា YU ត្រូវបានកងកម្លាំងប៉ូលិសថៃ ភ្នាក់ងារប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមជ្ឈមណ្ឌលប្រឆាំងបទល្មើសអន្តោប្រវេសន៍ (ACSC) សហការគ្នាឡោមព័ទ្ធចាប់ខ្លួនបាន នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃមួយកន្លែង ស្ថិតក្នុងឃុំ Huai Yai ស្រុក Bang Lamung ខេត្ត Chonburi ប្រទេសថៃ។ តាមចម្លើយសារភាព ជនសង្ស័យគឺជាមេធំគ្រប់គ្រងសង្វាក់លាងលុយខុសច្បាប់ដ៏ល្បីឈ្មោះមួយ មានឈ្មោះបណ្តាញថា «PAOFENG» ដែលបានបង្កើតឡើង និងដំណើរការតាំងពីឆ្នាំ២០១៩ មកម៉្លេះ។

ល្បិចកលនៃការរកស៊ីខុសច្បាប់នេះ គឺក្រុមរបស់លោកមានសមាជិកជាង ៦០ នាក់ និងបានគ្រប់គ្រងគណនី Alipay ព្រមទាំង WeChat ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង ៦,០០០ គណនី សម្រាប់ប្រើប្រាស់ផ្ទេរ និងទទួលប្រាក់កាសវិលជុំពីអ្នកលេងល្បែងអនឡាញនៅក្រៅប្រទេស។ ដើម្បីបិទបាំងភ្នែកសមត្ថកិច្ច និងរារាំងការតាមដានប្រភពដើមនៃសាច់ប្រាក់ បណ្តាញនេះបានបំប្លែង និងផ្ទេរប្រាក់បន្តតាមរយៈរូបិយប័ណ្ណឌីជីថល ដែលមានទំហំទឹកប្រាក់លាងខុសច្បាប់សរុបមានរហូតដល់ទៅជិត ១ពាន់លានបាត (ឬប្រហែល ២៨ ទៅ ២៩ លានដុល្លារអាមេរិក)។ លោក YU បានដឹងខ្លួនថាអាជ្ញាធរចិនកំពុងតាមប្រមាញ់ ទើបលបលួចចូលមកប្រទេសថៃដើម្បីគេចវេសពីសំណាញ់ច្បាប់។
ជារួមមក ប្រតិបត្តិការបំបែកសម្បុកលាងលុយខ្មៅដ៏ធំធេងរបស់ប៉ូលិសថៃនាពេលនេះ គឺជាការកាត់ផ្តាច់ខ្សែសង្វាក់ឧក្រិដ្ឋកម្មឆ្លងដែនដ៏មានឥទ្ធិពល និងឆ្លុះបញ្ចាំងពីកិច្ចសហការសន្តិសុខយ៉ាងមុតស្រួចនៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្ន មេខ្លោងចិនរូបនេះ ត្រូវបានបញ្ជូនទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍ថៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងរៀបចំធ្វើការបណ្តេញចេញ ព្រមទាំងធ្វើបត្យាប័នបញ្ជូនខ្លួនត្រឡប់ទៅកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារនៅប្រទេសចិនវិញ ឱ្យខានតែបានក្នុងពេលឆាប់ៗខាងមុខនេះ៕










