តើអ្នកណាខ្លះកំពុងញានកាហ្វេ ហើយទម្លាប់ផឹកកាហ្វេច្រើនពែងជារៀងរាល់ថ្ងៃ? ប្រសិនបើនោះជាអ្នក ការសិក្សាថ្មីនេះ គឺជាអ្វីដែលអ្នកមិនគួររំលងឡើយ។ ការសិក្សាស្រាវជ្រាវបែបប្រវត្តិសាស្ត្រមួយនៃសាកលវិទ្យាល័យ Flinders University បានលាតត្រដាងពីផលប៉ះពាល់នៃការញ៉ាំកាហ្វេទៅលើសុខភាពឆ្អឹងដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង។
.jpg)
តាមរយៈការតាមដាន និងវិភាគលើទិន្នន័យសុខភាពយ៉ាងម៉ត់ចត់អស់រយៈពេលរហូតដល់ ១០ ឆ្នាំ លើក្រុមស្ត្រីដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញទំនាក់ទំនងយ៉ាងច្បាស់លាស់មួយ។ ស្ត្រីវ័យចំណាស់ដែលទទួលទានកាហ្វេក្នុងបរិមាណច្រើនជ្រុល ពោលគឺលើសពី ៥ ពែងក្នុងមួយថ្ងៃ មានការថយចុះកម្រិតដង់ស៊ីតេទម្ងន់ឆ្អឹងយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងអ្នកដែលផឹកតិចជាងនេះ។
.jpg)
ការស្រុតចុះនៃដង់ស៊ីតេឆ្អឹងនេះឯង ដែលជាមូលហេតុចម្បងធ្វើឱ្យរចនាសម្ព័ន្ធខាងក្នុងនៃឆ្អឹងប្រែជាស្រួយ ប្រហោង និងបាត់បង់ភាពរឹងមាំ។ ជាលទ្ធផល វាបានបង្កើនហានិភ័យខ្ពស់នៃការកើតជំងឺពុកឆ្អឹង និងធ្វើឱ្យឆ្អឹងងាយនឹងបាក់បែកបំផុត ទោះបីជាមានការប៉ះទង្គិច ឬដួលបន្តិចបន្តួចក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលចូលចិត្តញ៉ាំកាហ្វេជារៀងរាល់ថ្ងៃ មិនចាំបាច់បារម្ភរហូតដល់ថ្នាក់ផ្តាច់ការផឹកទាំងស្រុងនោះទេ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា ការទទួលទានកាហ្វេក្នុងកម្រិតបង្គួរ ត្រឹម ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ គឺសុវត្ថិភាព និងមិនបានបង្កផលប៉ះពាល់អវិជ្ជមានណាមួយដល់សុខភាពឆ្អឹងនោះឡើយ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ នៅក្នុងការសិក្សាដដែលនេះ អ្នកវិទ្យាសាស្ត្រក៏បានធ្វើការប្រៀបធៀបរវាងការញ៉ាំកាហ្វេ និងការញ៉ាំតែផងដែរ។ លទ្ធផលបានបង្ហាញឱ្យឃើញថា ការផឹកតែជាប្រចាំ បែរជាជួយពង្រឹងដង់ស៊ីតេឆ្អឹងត្រកៀកឱ្យកាន់តែមាំមួនទៅវិញ។ អ្នកជំនាញបានពន្យល់ថា សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមាននៅក្នុងតែ ដូចជាសារធាតុ Catechins ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ ការពារ និងកសាងកោសិកាឆ្អឹងឡើងវិញ។
ជាការណែនាំចុងក្រោយពីអ្នកជំនាញសុខភាព ស្ត្រីដែលមានវ័យជ្រែគួរតែចាប់ផ្តើមសង្កេត និងសម្រួលបរិមាណនៃការញ៉ាំកាហ្វេប្រចាំថ្ងៃឱ្យស្ថិតក្នុងកម្រិតល្មមសមរម្យ ហើយប្រសិនបើអាច គួរតែផ្លាស់ប្តូរមកញ៉ាំតែជំនួសវិញខ្លះ ដើម្បីជួយថែរក្សាសុខភាពឆ្អឹងឱ្យនៅតែរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងទៅថ្ងៃអនាគត៕










