នៅក្នុងអំឡុងកិច្ចប្រជុំលើកទី៦០ នៃគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅឯទីក្រុងប៉ារីស កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា បានជម្នះឡើងថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ បកអាក្រាតចំៗពីទង្វើឈ្លា.នពា.នរបស់យោធាថៃ ធ្វើឲ្យអន្តរជាតិកាន់តែដឹងលឺច្បាស់ និងបង្ហាញពីប្រៀបឈ្នះខាងផ្លូវច្បាប់ដ៏រឹងមាំរបស់កម្ពុជាលើឆាកអន្តរជាតិ។
_____________.jpg)
យុទ្ធសាស្រ្តគំរាមដើម្បីខ្ទប់មាត់កម្ពុជា ត្រូវបានបរាជ័យយ៉ាងអាម៉ាស់បំផុត! ខណៈថៃព្យាយាមរារាំង និងប្រើប្រាស់គ្រប់ល្បិចកលការទូតទាំងបិទបាំងការពិត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បានបន្តជម្នះឡើងថ្លែងការណ៍លាតត្រដាងវាយបកចំៗពីទង្វើឈ្លានពានរបស់យោធាថៃ ដែលបានរំលោភបំពានព្រំដែនខុសច្បាប់ ធ្វើឲ្យអន្តរជាតិកាន់តែដឹងលឺច្បាស់ និងបង្ហាញពីប្រៀបឈ្នះខាងផ្លូវច្បាប់ដ៏រឹងមាំរបស់ព្រះកម្ពុជាលើឆាកអន្តរជាតិ។
ផ្អែកតាមសេចក្ដីរាយការណ៍ពីមហាសន្និបាត OIF នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ លោក លុយ ដាវីត បានលាតត្រដាងការពិតជាក់ស្តែងនៅលើដី ដែលយោធាថៃបានលួចពង្រាយកម្លាំងប្រដាប់អាវុធ ព័ទ្ធរបងលួសបន្លា និងសាងសង់ប៉ុស្តិ៍យាមយោធាដោយឯកតោភាគី ចូលមកក្នុងបូរណភាពទឹកដីអធិបតេយ្យភាពរបស់កម្ពុជា។ ជាងនេះទៅទៀត លោកក៏បានរុញរឿងនេះទៅជាវិបត្តិ «វិមាត្រសិទ្ធិមនុស្ស» យ៉ាងក្តៅគគុក ដោយបានបកអាក្រាតថា ទង្វើដូចចោរព្រៃរបស់យោធាថៃកំពុងគំរាមកំហែង និងរារាំងប្រជាពលរដ្ឋភៀសខ្លួនខ្មែរប្រមាណជាង ២ ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅលើដីធ្លី និងផ្ទះសម្បែងស្របច្បាប់របស់ពួកគេឡើយ។ សកម្មភាពរំលោភបំពាននេះ បានធ្វើឱ្យកុមារារាប់រយនាក់បាត់បង់ឱកាសទៅសាលារៀន ដែលជាការបំផ្លិចបំផ្លាញស្ថិរភាព និងសន្តិសុខតាមបន្ទាត់ព្រំដែនយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា នៅមុនពេលកិច្ចប្រជុំកំពូលដ៏សំខាន់នេះមកដល់ ភាគីថៃបានព្យាយាមធ្វើការគំរាមកំហែងកម្ពុជាដោយប្រយោល កុំឱ្យនិយាយបកអាក្រាតថាថៃឈ្លានពាននៅចំពោះមុខសហគមន៍អន្តរជាតិ។ ដោយសារតែដឹងខ្លួនថាមិនមែនជាសមាជិក OIF និងគ្មានសិទ្ធិចូលទៅអង្គុយតតាំងនៅក្នុងបន្ទប់ប្រជុំ ពួកគេបានលួចពឹងពាក់មន្ត្រីការទូតនៃប្រទេសទីបី ឱ្យមកជួយនិយាយបញ្ចុះបញ្ចូលប្រតិភូកម្ពុជា កុំឱ្យលើករឿងព្រំដែនមកជជែក ព្រមទាំងបានរត់ការដាក់សម្ពាធពីទីក្រុងបាងកក មកកាន់អគ្គលេខាធិការដ្ឋាន OIF ថែមទៀតផង។ ទោះជាយ៉ាងណា ល្បិចកលចង់បិទបាំងការពិត និងភាពខ្លាចរអាទាំងនេះត្រូវបានកម្ពុជាជម្នះវាយកម្ទេចចោលទាំងស្រុង ដោយលោកទូត លុយ ដាវីត បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ទៅកាន់បណ្តាប្រទេសសមាជិកទាំងអស់ថា កម្ពុជានឹងមិននៅស្ងៀមឡើយ ហើយត្រូវតែប្រាប់ពិភពលោកឱ្យដឹងច្បាស់ថា «ភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះពិតប្រាកដ»។
.jpg)
ការជម្នះលាតត្រដាងការពិតរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល OIF នាទីក្រុងប៉ារីស បានក្លាយជាជោគជ័យការទូតដ៏ធំធេង និងឆ្លុះបញ្ចាំងពីស្មារតីស្នេហាជាតិដ៏មុតស្រួច។ ការប្រកាសជំហរមិនរុញរាចំពោះមុខសម្ពាធ និងការគំរាមកំហែងរបស់ថៃ បានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញច្បាស់ពីមុខមាត់ពិតរបស់រដ្ឋាភិបាលនិងយោធាថៃ ដែលព្យាយាមប្រើប្រាស់កម្លាំងបំពានច្បាប់អន្តរជាតិ។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី ផ្អែកលើច្បាប់ និងយន្តការគណៈកម្មការចម្រុះ JBC ប៉ុន្តែដាច់ខាតភាគីថៃត្រូវតែគោរពតាមការអំពាវនាវ ដោយត្រូវដកកងកម្លាំងប្រដាប់អាវុធ និងរុះរើហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់ទាំងអស់ចេញពីទឹកដីអធិបតេយ្យភាពរបស់កម្ពុជាដោយគ្មានលក្ខខណ្ឌ៕










