យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ មជ្ឈមណ្ឌលព័ត៌មានរួមស្ថានភាពថៃ-កម្ពុជា (JIC) បានសម្រេចប្រើប្រាស់យន្តហោះយោធា ដឹកដៃក្រុមអ្នកសារព័ត៌មានអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពី ៣ ប្រទេស ចុះទៅ Fact-Checking ដល់តំបន់ព្រំដែនអូរស្មាច់-ចុងចម។
_______________
ក្រោយរងសម្ពាធធ្លាយរឿងអាស្រូវពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាបន្តបន្ទាប់ នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ មជ្ឈមណ្ឌលព័ត៌មានរួម (JIC) របស់ថៃ បានសម្រេចប្រកាសបើកតំបន់ព្រំដែន ដោយប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនខ្នាតធំ C-130 នាំយកក្រុមអ្នកសារព័ត៌មានជាតិ បរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៅព្រំដែន ដើម្បីរៀបចំជារបាយការណ៍ពីខាងភាគីថៃវិញម្ដង។ ការនេះត្រូវបានថៃបញ្ជាក់ថា ធ្វើឡើងក្នុងបំណងបង្ហាញពីភាពតម្លាភាព និងដើម្បីបន្សាបព័ត៌មានអវិជ្ជមានទាំងឡាយនៅលើឆាកអន្តរជាតិ។
.jpg)
យោងតាមការចុះផ្សាយព័ត៌មានក្តៅៗពីសារព័ត៌មាន Khaosod លោក នាយឧត្តមសេនីយ៍ឯក ប្រផាស សនចៃឌី ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) ស្ថានភាពថៃ-កម្ពុជា បានដឹកនាំគណៈប្រតិភូអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ធ្វើដំណើរទៅកាន់តំបន់អូរស្មាច់-ចុងចម។ បេសកកម្មនេះ គឺដើម្បីបើកឱកាសឱ្យអ្នកកាសែតបរទេសបានចុះពិនិត្យសំណង់អាគារ និងស្លាកស្នាមផ្សេងៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងទំនាស់កន្លងមកតាមបន្ទាត់ព្រំដែនដោយសេរី។
នៅក្នុងឱកាសចុះពិនិត្យការពិតជាក់ស្តែង (Fact-Checking) នេះ មជ្ឈមណ្ឌល JIC បានបញ្ជាក់ថា នឹងបើកសិទ្ធិឱ្យអ្នកសារព័ត៌មានប្រើប្រាស់រាល់ព័ត៌មានដែលពួកគេប្រមូលបាន ដើម្បីយកទៅធ្វើសេចក្តីរាយការណ៍ និងវាយតម្លៃស្ថានភាពដោយឯករាជ្យបំផុត។ នៅពេលអ្នកកាសែតចោទសួរពីសារនយោបាយដែលថៃចង់បញ្ជូនទៅកាន់ពិភពលោក លោក ប្រផាស បានឆ្លើយតបយ៉ាងមុតស្រួចថា៖ «យើងមិនបានស្នើសុំឱ្យនរណាម្នាក់មកកាន់ជើង ឬលម្អៀងមកខាងភាគីណាឡើយ ប៉ុន្តែយើងចង់ឱ្យពួកគេពិចារណាលើអង្គហេតុ និងការពិតជាក់ស្តែងឱ្យបានគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ» ដែលនេះស្តែងឱ្យឃើញពីការប្រឹងប្រែងរបស់ថៃក្នុងការទាក់ទាញសហគមន៍លោកសេរីឱ្យមកគាំទ្រជំហររបស់ខ្លួន។
សរុបសេចក្តីមក ការសម្រេចដឹកដៃអ្នកកាសែតអន្តរជាតិ និងក្រុម AOT ចុះទៅដល់ព្រំដែនអូរស្មាច់-ចុងចោមរបស់មេយោធាថៃនៅព្រឹកនេះ គឺជាយុទ្ធសាស្ត្រការទូតបុរេសកម្ម ក្នុងបំណងកាត់បន្ថយសម្ពាធអន្តរជាតិ ក្រោយពេលរងការចោទប្រកាន់ជាបន្តបន្ទាប់ជុំវិញជម្លោះព្រំដែន។ ទោះបីជាភាគីថៃប្រកាសថាខ្លួនចង់បានភាពតម្លាភាព និងយន្តការទ្វេភាគីយ៉ាងណាក៏ដោយ ប៉ុន្តែការបើកទ្វារឱ្យមានការស៊ើបអង្កេតផ្ទាល់ដីនេះ នឹងក្លាយជាការសាកល្បងមួយដ៏សំខាន់ថាតើ អង្គហេតុដែលអ្នកកាសែតអន្តរជាតិប្រមូលបានដោយឯករាជ្យ នឹងបង្ហាញការពិតស្របទៅតាមអ្វីដែលភាគីថៃបានអះអាង ឬយ៉ាងណានោះទេ៕










