តារាសម្តែង និងជា Influencer ឡៃ ថៃចាន់ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនរំជួលចិត្តបន្ទាប់ពីលោកបានរំលឹកពីអតីតកាលក្នុងជីវិតសិក្សារបស់ខ្លួនក្រោយឃើញប្អូនៗសិស្សជាច្រើនមានគ្រួសារ និងមិត្តភក្តិនៅក្បែរនៅថ្ងៃស្តាប់លទ្ធផលប្រឡង។ លោកបានរៀបរាប់ថាខ្លួនមានសំណាងដែលអាចខិតខំរៀនរហូតទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ប៉ុន្តែដំណើរនៃការសិក្សារបស់លោកមិនដូចអ្នកដទៃឡើយព្រោះអ្វីៗមានតែម្នាក់ឯង។

នៅថ្ងៃទី២ ខែកញ្ញា ឡៃ ថៃចាន់ បានសរសេរថាចាប់ពីថ្នាក់បឋមសិក្សារហូតដល់វិទ្យាល័យ លោករៀននៅក្នុងវត្តដោយមិនមានឱកាសបានចូលរៀននៅសាលាឯកជនដូចកុមារមួយចំនួនទៀតឡើយ។ អ្វីដែលធ្វើឱ្យលោកមានអារម្មណ៍ឯកោជាងនេះ គឺមិនមានឪពុកម្តាយ បងប្អូន ឬសាច់ញាតិជួយណែនាំ និងដាស់តឿនក្នុងការសិក្សាក្រៅតែពីការពឹងផ្អែកលើខ្លួនឯង និងលោកបងៗ(ព្រះសង្ឃ)។ មិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែពេលទៅប្រឡងថ្នាក់ទី១២ (បាក់ឌុប) លោកក៏ទៅតែម្នាក់ឯងហើយពេលទៅស្តាប់លទ្ធផលក៏នៅតែម្នាក់ឯងដែរ។
ចំណែកថ្ងៃចូលរៀននៅមហាវិទ្យាល័យ និងថ្ងៃទទួលសញ្ញាបត្រ ក៏មិនខុសគ្នាឡើយ។ លោកត្រូវធ្វើដំណើរតែម្នាក់ឯងរហូតដល់ថ្ងៃបញ្ចប់ថ្នាក់អនុបណ្ឌិតនិងទៅទទួលសញ្ញាបត្រដោយខ្លួនឯងដដែល។
ទោះជាអតីតកាលរបស់ ឡៃ ថៃចាន់ ពោរពេញដោយភាពឯកាប៉ុន្តែការខិតខំប្រឹងប្រែងមិនបានធ្វើឱ្យលោកបោះបង់ការសិក្សាឡើយ។ ផ្ទុយទៅវិញ លោកអាចជម្នះឧបសគ្គ និងបន្តការសិក្សារហូតទទួលបានសមិទ្ធផលដ៏គួរឱ្យមោទនភាពដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់អ្នកដទៃទៀត។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាពិសេស គឺពាក្យដែលលោកបាននិយាយពីអារម្មណ៍របស់ខ្លួន ក្រោយឃើញប្អូនៗសិស្សមានឪពុកម្តាយនិងក្រុមគ្រួសារនៅក្បែរនៅថ្ងៃស្តាប់លទ្ធផល។ លោកបានសរសេរយ៉ាងរំជួលចិត្តថា «ថ្ងៃនេះឃើញប្អូនៗទៅស្តាប់លទ្ធផល ជុំមិត្តភក្ដិ ជុំគ្រួសារ បងពិតជាសប្បាយចិត្តជំនួស»៕










