ស្ងាត់មួយរយៈឥឡូវមកវិញហើយ! ករណីផ្ទុះមីនលើទាហានថៃបានកើតមានសារជាថ្មី ដោយបណ្ដាលឱ្យមន្ត្រីជំនាញកំទេចគ្រាប់ថៃម្នាក់ ត្រូវបាត់បង់ជើងខាងឆ្វេងភ្លាមៗ ក្នុងកំឡុងពេលបំពេញបេសកកម្មមនុស្សធម៌។ ហេតុការណ៍ផ្ទុះមីនដ៏គួឲ្យភ្ងាក់ផ្អើលនេះ បានកើតឡើងដិតជាប់ព្រំដែន ត្រង់ចំណុចភូមិណងចាន់ ក្បែរភូមិព្រៃចាន់ និងភូមិជោគជ័យរបស់កម្ពុជាយើងតែម្ដង។
យោងតាមការចុះផ្សាយព័ត៌មានទាន់ហេតុការណ៍របស់សារព័ត៌មានក្នុងស្រុករបស់ថៃ គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ ជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណច្បាស់លាស់ថាជា លោកព្រឹន្ទបាលឯក Udomsak Nuekman អាយុ ៤៤ ឆ្នាំ ជាមន្ត្រីវាស់វែងបច្ចេកទេសនៃមជ្ឈមណ្ឌលសកម្មភាពមីនថៃ។ នៅក្នុងកំឡុងពេលចុះវាស់វែងផ្ទៃដីក្នុងតំបន់ចម្ការមីនចាស់ លោកបានដើរជាន់លើមីនប្រឆាំងមនុស្សប្រភេទ PMN បណ្ដាលឱ្យផ្ទុះបោកបែកផ្កាភ្លើងដាច់ជើងខាងឆ្វេងត្រឹមភក្ដិ និងរងរបួសធ្ងន់ធ្ងរត្រង់ជើងស្ដាំ និងដៃខាងឆ្វេង មុនពេលត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Aranyaprathet។
ទោះជាយ៉ាងណា ជុំវិញហេតុការណ៍ផ្ទុះមីនដ៏រន្ធត់នេះ ភាគីខាងកងទ័ពភូមិន្ទថៃហាក់បង្ហាញភាពស្ងប់ស្ងាត់ និងសម្រួលស្ថានការណ៍ទន់ភ្លន់ជាងមុន ដោយបានចាត់ទុកករណីនេះថាជា «គ្រោះថ្នាក់ការងារចៃដន្យ» នៅក្នុងបេសកកម្មមនុស្សធម៌ និងមិនមានការចោទប្រកាន់ ឬទម្លាក់កំហុសណាមួយមកលើភាគីកម្ពុជាឡើយ។ ដូចគ្នានេះដែរ គេក៏មិនទាន់ឃើញមានសេចក្ដីប្រកាស ឬប្រតិកម្មណាមួយពីភាគីកម្ពុជាឆ្លើយតបជាផ្លូវការជុំវិញករណីនេះនៅឡើយទេ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ។
គួរបញ្ជាក់ថា តំបន់ភូមិណងចាន់ ដែលស្ថិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិព្រៃចាន់ និងភូមិជោគជ័យ របស់កម្ពុជា គឺជាអតីតសមរភូមិប្រយុទ្ធចាស់កាលពីជាង ៤០ ឆ្នាំមុន ដែលបច្ចុប្បន្នកងទ័ពថៃទើបតែបោសសម្អាតមីនបានប្រហែល ៧៦% ប៉ុណ្ណោះ មុនពេលត្រូវផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នដោយសារគ្រោះថ្នាក់នេះ។
សោកនាដកម្មផ្ទុះមីនចាស់ដាច់ជើងនៅចំណុចព្រំដែនដិតជាប់ភូមិករខ្មែរនៅក្នុងសប្តាហ៍នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល នៅតែជាការគំរាមកំហែងដល់អាយុជីវិតកងកម្លាំងជួរមុខ។ ទោះបីជាប្រតិបត្តិការមនុស្សធម៌ត្រូវជួបឧបសគ្គ និងត្រូវបានផ្អាកបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែជំហរការទូតដ៏ស្ងប់ស្ងាត់ និងមិនប្រឈមមុខដាក់គ្នារវាងប្រទេសជិតខាងទាំងពីរ គឺជាសញ្ញាណវិជ្ជមានមួយក្នុងការរក្សាសន្តិភាពព្រំដែន និងការពារកុំឱ្យមានការផ្ទុះឡើងនៃជម្លោះនយោបាយជាថ្មី៕










