តើការបង្កើតគម្រោងឡើងមកដើម្បីជួយប្រជាពលរដ្ឋ ឬជាគម្រោងគ្មានប្រសិទ្ធភាព? គម្រោង «អាហារ ១ចាន តម្លៃ ៤០បាត» របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កំពុងរងការរិះគ.ន់ និងសើចចំអកយ៉ាងចាស់ដៃពីសំណាក់មហាជនថា «គ្មានបានការ និងមិនដោះស្រាយផលប៉ះពាល់ជាក់ស្តែង» ខណៈតម្លៃទំនិញគ្រប់មុខនៅលើទីផ្សារ បន្តហក់ឡើងខ្ពស់កប់ពពក។ វាមិនមែនគ្រាន់តែជាការមិនពេញចិត្តធម្មតាទេ ប៉ុន្តែជាការរិះគ.ន់ចំៗលើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលមើលមិនឃើញពីទុក្ខលំបាកពិតប្រាកដរបស់ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អ្នកស្រី Suphajee Suthumpun បានលើកឡើងពីការបង្កើតគម្រោង «អាហារ ១ចាន តម្លៃ ៤០បាត» (ប្រហែលជាង ១ដុល្លារ) ប៉ុន្តែនៅថ្ងៃទី១៤ ខែកក្កដា នេះ អ្នកស្រីក៏សម្រេចចិត្តដកថយ និងផ្អាកការដាក់សំណើទៅកាន់គណៈរដ្ឋមន្ត្រីវិញ បន្ទាប់ពីទទួលរងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកជំនាញសេដ្ឋកិច្ចថា គឺជាគម្រោងគ្មានប្រសិទ្ធភាព។
.jpg)
អ្នកស្រីថា ការបង្កើតគម្រោងនេះមានរយៈពេល ៣ខែ ក្នុងគោលបំណងជួយកាត់បន្ថយបន្ទុកការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើការស៊ីប្រាក់ខែ ដោយសារតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ធ្វើឱ្យអាហារតាមហាងទូទៅ ឡើងថ្លៃលើសពី ៥០បាតក្នុង ១ចាន។ រដ្ឋាភិបាលគ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភថ្លៃវត្ថុធាតុដើម ចាប់ពី ៣,០០០ ទៅ ១០,០០០បាត ដល់ហាងអាហារប្រមាណ ១០០,០០០កន្លែង ដែលស្ម័គ្រចិត្តចូលរួមក្នុងគម្រោង ដើម្បីអាចលក់បាយដែលមានម្ហូប ២មុខ ក្នុងតម្លៃមិនលើសពី ៤០បាត ក្នុង១ចាន។.jpg)
ប៉ុន្តែមហាជនលើកឡើងថា បច្ចុប្បន្ន អាហារ ១ចាន តម្លៃក្រោម ៤០បាត គឺមានលក់នៅទូទាំងប្រទេសស្រាប់ទៅហើយ ហាងអាហារខ្លះលក់ថោកជាងនេះ គឺត្រឹមតែ ៣០បាតក្នុង១ចាន ដូច្នេះ គម្រោងនេះគ្រាន់តែជាការធ្វើទីផ្សារផ្សព្វផ្សាយប៉ុណ្ណោះ វាមិនបានដោះស្រាយប្រភពបញ្ហាទេ។ ការឡើងថ្លៃអាហារ គឺបណ្តាលមកពីថ្លៃដើមកើនឡើង រួមមាន ហ្គាសចម្អិនអាហារ ថ្លៃអគ្គិសនី ប្រេងឥន្ធនៈ និងតម្លៃពលកម្ម ប្រសិនបើរដ្ឋាភិបាលមិនអាចកាត់បន្ថយថ្លៃដើមទាំងនេះទេ ការបង្កើតគម្រោងតាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់ហាងអាហារ គឺមិនអាចដោះស្រាយបញ្ហាយូរអង្វែងបានឡើយ។
.jpg)
មហាជនបារម្ភពីគម្រោងនេះអាចជំរុញឱ្យម្ចាស់ហាងអាហារនាំគ្នាកាត់បន្ថយគុណភាព និងបរិមាណអាហារ ដើម្បីឱ្យត្រូវតាមស្តង់ដារកំណត់តាមប្រាក់ឧបត្ថម្ភដែលទទួលបានពីរដ្ឋាភិបាល ជាជាងការជួយការសម្រាលការចំណាយរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប។ ម្យ៉ាងទៀត ការចំណាយថវិកាជាតិទៅលើការឧបត្ថម្ភរយៈពេលខ្លីបែបនេះ នឹងធ្វើឱ្យរដ្ឋាភិបាលជំពាក់បំណុល មិនអាចជួយដល់កំណើនសេដ្ឋកិច្ចជាតិយូរអង្វែងឡើយ។

សូមរំឭកថា ចាប់តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីចុងឆ្នាំ២០២៥ មក អ្នកស្រី Suphajee បានរងការរិះគន់ពីមហាជនជាបន្តបន្ទាប់ ដូចជា៖ អ្នកស្រីសហការជាមួយអ្នកលក់ទំនិញតាមអនឡាញ ដើម្បីលក់ទុរេនក្នុងតម្លៃថោកៗត្រឹមតែ ១០០បាត ក្នុង ១ផ្លែ និងរងការរិះគន់រឿងក្រសួងពាណិជ្ជកម្មគ្មានវិធានការយូរអង្វែងដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ ជាដើម៕









