សណ្ឋាគារភាគច្រើនបានរំលង «ជាន់ទី១៣» វាមិនមែនគ្មានជាន់នេះទេ គ្រាន់តែគេបោកភ្នែករបស់អ្នកប៉ុណ្ណោះ! ជាក់ស្តែង ជាន់នេះនៅតែមានរូបរាងដដែល ប៉ុន្តែភ្ញៀវមិនហ៊ានស្នាក់នៅដោយសារតែជំនឿថាមិនល្អ ទើបធ្វើឱ្យខាងសណ្ឋាគារបង្ខំចិត្តប្តូរឈ្មោះជាន់នេះទៅជា «ជាន់ 12A» ឬឈ្មោះផ្សេងវិញ ដើម្បីកុំឱ្យបាត់បង់ភ្ញៀវ បាត់បង់ចំណូល។
.jpg)
ពេលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬជិះជណ្តើរយន្តឡើងសណ្ឋាគារនៅទូទាំងពិភពលោក យើងនឹងមិនឃើញស្លាក «ជាន់ទី១៣» ទេ គឺឃើញតែ «ជាន់ទី១២» រួចហើយក៏រំលងទៅ «ជាន់ទី១៤» តែម្តង ទាំងដែលការពិត «ជាន់ទី១៣» នៅតែមានរូបរាងពិតប្រាកដក្នុងអគារ គ្រាន់តែគេមិនហៅឈ្មោះវាប៉ុណ្ណោះ។ នេះមិនមែនជាកំហុសឆ្គង ឬបញ្ហាក្នុងការសាងសង់អគារនោះទេ ប៉ុន្តែបណ្តាលមកពីភ្ញៀវមានជំនឿថា «លេខ១៣» នាំមកនូវសំណាងអាក្រក់ ឬជាលេខជាប់បណ្តាសា។
យោងតាមវប្បធម៌លោកខាងលិចយល់ថា លេខ១៣ ជាលេខនាំស៊យ ឬនាំមកនូវសំណាងអាក្រក់ ដែលជំនឿនេះផ្អែកតាមសាសនាគ្រិស្ត គឺ យូដាស (Judas) ដែលក្បត់ព្រះយេស៊ូវ ជាមនុស្សទី១៣ ដែលបានអង្គុយតុអាហាររួមគ្នា ទើបពលរដ្ឋលោកខាងលិចចាត់ទុកលេខនេះជាលេខមិនល្អ ឬការបាត់បង់។ រីឯថ្ងៃសុក្រ ទី១៣ (Friday the 13th) ក៏ត្រូវបានគេចាត់ទុកជាថ្ងៃអកុសលបំផុតផងដែរ។
ប្រសិនបើសណ្ឋាគារមានជាន់ទី១៣ ភ្ញៀវភាគច្រើននឹងបដិសេធមិនព្រមស្នាក់នៅជាន់នោះ ឬស្នាក់នៅបន្ទប់លេខ១៣ ឡើយ ដែលធ្វើឱ្យសណ្ឋាគារពិបាកជួលបន្ទប់នៅជាន់នោះ នាំឱ្យខាតបង់ប្រាក់ចំណូល។ ហេតុនេះ សណ្ឋាគារខ្លះក៏ប្តូរជាន់ទី១៣ ទៅជាឈ្មោះផ្សេងដូចជា «ជាន់ 12A» វិញ ឬយកជាន់ទី១៣ ធ្វើជា Sky Floor ដែលមិនមែនជាបន្ទប់ស្នាក់នៅ។ .jpg)
ទោះជាបច្ចុប្បន្ន មនុស្សភាគច្រើនយល់ថា «លេខ១៣» គឺគ្រាន់តែជាជំនឿបុគ្គល ប៉ុន្តែសណ្ឋាគារជាច្រើននៅទូទាំងពិភពលោក នៅតែមិនដាក់ស្លាក «ជាន់ទី១៣» ក្នុងគោលបំណង ៖
-ឱ្យភ្ញៀវចូលមកស្នាក់នៅមានអារម្មណ៍ស្ងប់ចិត្ត មិនបារម្ភពីលេខមិនល្អ
-ភ្ញៀវនឹងសប្បាយចិត្ត និងសម្រេចចិត្តស្នាក់នៅសណ្ឋាគារភ្លាមៗ
-សម្របខ្លួនឱ្យស្របនឹងវប្បធម៌ និងជំនឿរបស់ភ្ញៀវទេសចរមកពីប្រទេសជាច្រើន។
សរុបមក គ្មានជាន់ទី១៣ ក្នុងសណ្ឋាគារ មិនមែនដោយសារច្បាប់កំណត់ ឬស្តង់ដារសំណង់ទេ ប៉ុន្តែមកពីជំនឿរបស់វប្បធម៌លោកខាងលិច ថាជាលេខជាប់បណ្តាសា។ ដូច្នេះ ដើម្បីកុំឱ្យការស្នាក់នៅរបស់ភ្ញៀវធ្លាក់ចុះ សណ្ឋាគារជាច្រើនក៏លុបបំបាត់លេខនេះ។
សូមរំឭកថា ជំនឿនេះ ស្រដៀងគ្នានឹងនៅអាស៊ីដែរ គឺប្រទេសចិន កូរ៉េ និងជប៉ុន តែងតែរំលងជាន់ទី៤ ពីព្រោះពាក្យថា «បួន» នៅក្នុងភាសាទាំងនោះមានសំឡេងអានស្រដៀងនឹងពាក្យថា «ស្លាប់»៕










