សេដ្ឋកិច្ចប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រធានសមាគមពាណិជ្ជកម្មថៃ-កម្ពុជា បានចេញមុខព្រមានថា កង្វះខាតកម្លាំងពលកម្មកម្ពុជា អាចធ្វើឱ្យខ្សែចង្វាក់ផលិតកម្ម និងវិស័យកសិកម្មថៃត្រូវរាំងស្ទះទាំងស្រុង។ វិបត្តិនេះបានកើតឡើងបន្ទាប់ពីមានជម្លោះព្រំដែនកាលពីឆ្នាំ២០២៥ ដែលបង្ខំឱ្យពលករកម្ពុជាជិត ៩០ម៉ឺននាក់ ចាកចេញពីប្រទេសថៃ។

លោក រ័ត្នថាវីត តាំងគៀតផាឆារ៉ា ប្រធានសមាគមពាណិជ្ជកម្មថៃ-កម្ពុជា បានសង្កត់ធ្ងន់ថា ថៃមិនអាចរកពលករពីប្រទេសផ្សេងមកជំនួសពលករជំនាញរបស់កម្ពុជាបានឡើយ ហើយផលប៉ះពាល់ដ៏ធំបំផុត គឺអាចនឹងធ្លាក់ទៅលើការប្រមូលផលផ្លែឈើនៅឆ្នាំ២០២៧ ខាងមុខ ជាពិសេសផ្លែមៀន ដែលអាចធ្វើឱ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់ចំណូលចន្លោះពី ៨,០០០លាន ទៅ ៩,០០០លានបាត។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ វិស័យឯកជនបានស្នើឱ្យរដ្ឋាភិបាលថៃ ពន្លឿនការបន្តលិខិតអនុញ្ញាតការងារ (Work Permit) ជូនពលករកម្ពុជាដែលនៅសេសសល់ឱ្យបានស្របច្បាប់ ទោះបីជាព្រំដែនមិនទាន់បើកដំណើរការឡើងវិញក៏ដោយ។
.jpg)
ព្រឹត្តិការណ៍នេះបានលាតត្រដាងការពិតថា កម្លាំងពលកម្មកម្ពុជា គឺជា «ដង្ហើមសេដ្ឋកិច្ច» ដ៏សំខាន់របស់ថៃ ដែលមិនអាចខ្វះបានឡើយ។
សូមរំឭកថា ការព្រមាននេះបានបង្ហាញពីសេដ្ឋកិច្ចថៃមិនអាចខ្វះខាតកម្លាំងពលកម្មកម្ពុជាបានទេ ហើយការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ព និងរដ្ឋាភិបាលថៃ បាននិងកំពុងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ព្រោះតែវិស័យឧស្សាហកម្ម និងកសិកម្ម រាំងស្ទះដំណើរការ៕










