អស់រយៈពេលជាយូរមកហើយដែលអ្នកគាំទ្របានសង្ស័យទៅលើចំណងមិត្តភាពរវាងតារាសម្តែង គង់ ចាន់ស្រីមុំ និង អ្នកនាង យ៉ាន លីនដា មានភាពរង្គោះរង្គើបន្ទាប់ពីរាប់អានគ្នាជាច្រើនឆ្នាំ។ ទោះបីជាមានពាក្យចចាមអារ៉ាមនិងការចង់ដឹងពីអ្នកមួយចំនួនក្តីប៉ុន្តែតារាស្រីទាំងពីរដួងមិនដែលចេញមកបញ្ជាក់នោះទេរហូតដល់ថ្មីៗនេះទើបអ្នកគាំទ្របានឃើញដឹងពីចំណងមិត្តភាពរបស់ពួកគេ។

ក្នុងពិធីមង្គលការមួយដែលបានប្រមូលផ្តុំទៅដោយសិល្បករ សិល្បការិនីល្បីៗជាច្រើនចូល បានធ្វើឱ្យអ្នកសិល្បៈទាំងថ្មីទាំងចាស់ដែលមិនសូវជាមានពេលជួបជុំ មានឱកាសជួបជុំគ្នានិងពោរពេញដោយភាពរីករាយក្នុងពិធីមង្គលការនេះ។ ក្នុងនោះដែរក៏មានវីដេអូមួយបង្ហាញពីអ្នកនាង គង់ ចាន់ស្រីមុំ និងអ្នកនាង យ៉ាន លីនដា កំពុងមានទំនាក់ទំនងល្អនឹងគ្នាឡើងវិញបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាបែកបាក់។

តាមរយៈវីដេអូនោះគេបានឃើញតារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី រួមទាំងអ្នកនាង យ៉ាន លីនដា និងស្វាមីរួមទាំងកូនស្រីបានថតរូបជាមួយគ្នាប្រកបដោយស្នាមញញឹម ខណៈតារាសម្តែងស្រីទាំងពីររូបបានកាន់ដៃនិងឱបដៃគ្នាយ៉ាងជិតស្និទ្ធ។ សកម្មភាពនេះគឺអាចបញ្ចប់ពាក្យចចាមអារ៉ាមពីមុនបន្ទាប់ពីកន្លងមកពួកគេទាំងពីរនាក់ហាក់រក្សាគម្លាតជាមួយគ្នា។

ពីមុនមានពាក្យចចាមអារ៉ាមថាមិត្តភាពយូរអង្វែងរបស់អតីតពិធីការិនី 3Fun គង់ ចាន់ស្រីមុំ និងអ្នកនាង យ៉ាន លីនដា ទំនងជារង្គោះរង្គើបន្ទាប់ពីអ្នកគាំទ្រកត់សម្គាល់ឃើញថាអ្នកទាំងពីរលែងជួបជុំគ្នាដូចមុនសូម្បីតែការរៀបការម្តងទៀតរបស់អ្នកនាង យ៉ាន លីនដា និងស្វាមី ក៏បាត់មុខមិត្តសម្លាញ់។ លើសពីនេះទៅទៀត ទោះបីជាអ្នកទាំងពីរទៅចូលរួមកម្មវិធីតែមួយក៏អ្នកនាង គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា ពុំបានផ្សារភ្ជាប់ទំនាក់ទំនង។
ក្រោយឃើញសិល្បការិនីទាំងពីររូបជួបជុំនិងមានទំនាក់ទំនងល្អនឹងគ្នាបែបនេះធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេបង្ហាញការសប្បាយចិត្ត ចំណែកអ្នកខ្លះទៀតបានបង្ហាញថាស្ទើរតែចង់ជឿថារឿងនេះអាចនឹងកើតឡើងម្តងទៀតនោះទេ៕










