សង្គ្រា.មបានបង្ខំឱ្យនាវិកជាង១១,០០០នាក់ ជាប់គាំងលើកប៉ាល់រាប់រយគ្រឿងនៅកណ្តាលច្រកសមុទ្រ Hormuz ដោយខ្វះខាតអាហារ ទឹកស្អាត និងរស់នៅក្រោមការគំរា.មកំហែងអស់រយៈពេលជាច្រើនខែ! នាវិកទាំងនោះជិតបានជម្លៀសចេញពីច្រកសមុទ្រនេះហើយ បន្ទាប់ពីអង្គការដែនសមុទ្រ (IMO) ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) ប្រកាសបើកផ្លូវជម្លៀសពួកគេជាបន្ទាន់។

អង្គការដែនសមុទ្រអន្តរជាតិ (IMO) បានប្រកាសចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីជម្លៀសនាវិកជាង១១,០០០នាក់ ដែលកំពុងជាប់គាំងលើកប៉ាល់ពាណិជ្ជកម្ម និងកប៉ាល់ដឹកប្រេងឥន្ធនៈរាប់រយគ្រឿងនៅច្រកសមុទ្រ Hormuz ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយអង្គការនេះបានទំនាក់ទំនងទៅកាន់ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីជួយអន្តរាគមន៍។
.jpg)
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក Arsenio Dominguez អគ្គលេខាធិការអង្គការ IMO បញ្ជាក់ថា ការជម្លៀសអាចកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីសប្តាហ៍មុន។ ការជម្លៀសនេះក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអ៊ីរ៉ង់ អូម៉ង់ សហរដ្ឋអាមេរិក និងប្រទេសជាប់ឆ្នេរសមុទ្រក្នុងតំបន់ ដែលនឹងធ្វើឡើងជាដំណាក់កាល ពេលនេះ អង្គការបានទាក់ទងទៅកាន់កប៉ាល់នីមួយៗពីការកំណត់ថ្ងៃចាកចេញរៀងៗខ្លួន។
នាវិកទាំងនោះបានជាប់គាំងលើកប៉ាល់អស់រយៈពេលជាច្រើនខែ បន្ទាប់ពីអ៊ីរ៉ង់បិទច្រកសមុទ្រនេះកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារសង្គ្រាមផ្ទុះឡើងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលស្ថានការណ៍នេះបង្កឱ្យនាវិកជាង១ម៉ឺននាក់ខ្វះខាតស្បៀងអាហារ ទឹកស្អាត ប្រឈមនឹងការវាយប្រហារ និងមានសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ កប៉ាល់មួយចំនួនទទួលបានការផ្គត់ផ្គង់ស្បៀងអាហារបណ្តោះអាសន្នតាមរយៈទូកតូចៗពីច្រាំង។
យោងតាមក្រសួងការពារជាតិអូម៉ង់ កប៉ាល់ទាំងអស់មិនអាចចាកចេញក្នុងពេលតែមួយបានទេ ដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចគ្នា។ ការជម្លៀសតាមផ្លូវទឹកធម្មតាមិនទាន់មានសុវត្ថិភាពនៅឡើយ ដោយសារហានិភ័យបណ្តាលមកពីមីនអណ្តែតទឹក ទើបមានការបង្កើតផ្លូវបណ្តោះអាសន្នចំនួន២ (ផ្លូវខាងជើង និងខាងត្បូង) រត់ក្បែរសមុទ្រប្រទេសអូម៉ង់ ដោយមានកងទ័ពជើងទឹកសហរដ្ឋអាមេរិកជួយការពារសន្តិសុខ។
សូមបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាច្រកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយដែលមានការដឹកជញ្ជូនប្រេងឥន្ធនៈប្រមាណ ២០% នៃការដឹកជញ្ជូនប្រេងឥន្ធនៈសរុបលើពិភពលោក។ ការជម្លៀសនាវិកលើកប៉ាល់រាប់រយគ្រឿងនេះ គឺជាជំហានដំបូងក្នុងការស្តារឡើងវិញនូវការផ្គត់ផ្គង់ថាមពលពិភពលោក បើទោះជាចរាចរណ៍នាវាមិនទាន់ត្រឡប់ទៅរកភាពប្រក្រតីដូចមុនពេលកើតសង្គ្រាមទាំងស្រុងក៏ដោយ៕










