ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌាបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រកាសហាមឃាត់ការប្រើប្រាស់កម្មវិធី Telegram នៅទូទាំងប្រទេសភ្លាមៗ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ វិធានការក្តៅនេះត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធររកឃើញថា មានក្រុមខិលខូចបានប្រើប្រាស់បណ្តាញសង្គមមួយនេះ ដើម្បីលេចធ្លាយ និងចែកចាយវិញ្ញាសាប្រឡងចូលរៀនថ្នាក់វេជ្ជសាស្ត្រជាតិ (NEET-UG 2026) កាលពីខែឧសភាកន្លងទៅ ព្រមទាំងមានការទារប្រាក់ពីបេក្ខជនជាថ្នូរនឹងការទទួលបានវិញ្ញាសាទៀតផង។
ការបែកធ្លាយវិញ្ញាសានេះ បានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំពីសំណាក់និស្សិតនៅទូទាំងប្រទេស ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan ចុះចេញពីតំណែងដើម្បីទទួលខុសត្រូវ រហូតឈានទៅដល់ការលុបចោលលទ្ធផលប្រឡងចាស់ (ដែលមានបេក្ខជនចូលរួមជាង ២,៣ លាននាក់) និងរៀបចំការប្រឡងឡើងវិញនៅថ្ងៃទី២១ ខែមិថុនា។
.jpg)
ជាការឆ្លើយតប ក្រុមហ៊ុន Telegram មិនសុខចិត្តឡើយ ដោយបានដាក់ពាក្យប្តឹងរដ្ឋាភិបាលឥណ្ឌាត្រឡប់ទៅវិញ ទៅកាន់តុលាការជាន់ខ្ពស់ទីក្រុងញូវដេលី។ លោក Pavel Durov ស្ថាបនិក Telegram បានរិះគន់ថា ការបិទកម្មវិធីទាំងស្រុងបែបនេះ គឺជា «វិធានការហួសហេតុ» និងរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់ជាង ១៥០លាននាក់នៅក្នុងប្រទេសឥណ្ឌា ជាពិសេសគឺប៉ះពាល់ដល់សិស្សានុសិស្សរាប់លាននាក់ដែលត្រូវការកម្មវិធីនេះសម្រាប់ចែករំលែកឯកសារមេរៀន និងការស្រាវជ្រាវ។.jpg)
ក្រុមហ៊ុន Telegram បានសង្កត់ធ្ងន់ថា ខ្លួនតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឥណ្ឌា ដោយបានលុបចោលនូវរាល់គណនី និងតំណភ្ជាប់ (URLs) ខុសច្បាប់ទាំងឡាយណាដែលពាក់ព័ន្ធនឹងការប្រឡងពេទ្យនេះភ្លាមៗតាមការស្នើសុំ។ ដូច្នេះ ការសម្រេចបិទកម្មវិធីទាំងមូលគឺជារឿងមិនត្រឹមត្រូវ និងមិនអាចជួយឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញនោះឡើយ។.jpg)
ស្របពេលជាមួយគ្នានេះ អ្នកវិភាគផ្នែកបច្ចេកវិទ្យាក៏បានបង្ហាញការយល់ឃើញថា បម្រាមនេះនឹងបង្កផលប៉ះពាល់ដល់អាជីវកម្មជាច្រើននៅក្នុងប្រទេសឥណ្ឌាដែលប្រើប្រាស់ Telegram សម្រាប់ទាក់ទងជាមួយអតិថិជន។ លើសពីនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ក៏រងការរិះគន់ជុំវិញប្រព័ន្ធស្តង់ដារពីរផងដែរ ដោយសារតែមិនមានចំណាត់ការបិទកម្មវិធីបណ្តាញសង្គមផ្សេងទៀត ដូចជា WhatsApp និង Discord ដែលអាចប្រឈមនឹងការលេចធ្លាយវិញ្ញាសាដូចគ្នាឡើយ៕










