ឱកាសចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Worl Cup របស់កីឡាករ Christiano Ronaldo និងជំនួបបើកឆាកដំបូងក្នុងវគ្គចែកពូលរវាងព័រទុយហ្កាល់ និងកុងហ្គោ បានធ្វើអ្នកតាមដានវិស័យកីឡាករបាល់ទាត់រួមទាំងអ្នកទៅទស្សនាផ្ទាល់បានសើចចំអកដល់កីឡាកររូបនេះដោយសារតែមិនអាចរកគ្រាប់បាល់បាន។ ជុំវិញការជជែកវែកញែកលើកីឡាករដែលមានវ័យច្រើនជាងគេក្នុងការប្រកួតនេះបានជំរុញឱ្យតារាចម្រៀង ចេន បញ្ជាក់ពីមូលហេតុដែលលោកស្រលាញ់ រ៉ូណាល់ដូ។
នៅរសៀលថ្ងៃទី១៨ ខែមិថុនា ម្ចាស់បទ «ជូនអូនទៅរកគេ» បានបង្ហោះរូបភាពមួយសន្លឹករបស់កីឡាករល្បីឈ្មោះ រ៉ូណាល់ដូ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារបញ្ជាក់ពីការស្រលាញ់កីឡាកររូបនេះដោយមិនត្រឹមតែគាំទ្រតែលើរឿងបាល់ទាត់តែមួយនោះទេ។
តារាចម្រៀង ចេន បានពន្យល់ថា លើសពីការលេងបាល់ ដំណើរជីវិតរបស់ រ៉ូណាល់ដូ បានបង្រៀនលោកឱ្យដឹងថាគ្រាដែលយើងចាប់ផ្តើមពីចំនុចសូន្យយើងតស៊ូខិតខំរហូតមានសមត្ថភាពខ្លាំងក្នុងវ័យរឹងមាំជោគជ័យលើសលុបអ្នកណាក៏សាទរចង់រកចង់ក្បែរចង់ស្គាល់ផ្តល់កិត្តិយសតែ រ៉ូណាល់ដូ នៅតែគ្មានថ្ងៃភ្លេចគ្រាប់បាល់ឡើយ ឆន្ទៈស៊ូមើលថែខ្លួនឯងរហូតដល់អាយុ៤១នៅតែស្មោះត្រង់ជាមួយបាល់ទាត់ទោះវ័យគាត់ពិបាកលេងក៏ដោយ។
ចេន បន្ថែមថាគ្រប់គ្នាមើលមិនឃើញនៅការប្រឹងប្រែងរបស់ រ៉ូណាល់ដូ បែរជារិះគន់ថាលោកលេងមិនកើត ហើយមានតែគ្រួសារនិងអ្នកគាំទ្រដែលស្រលាញ់យល់ពីលោកពិត។ ដំណើរជីវិតនេះបានបង្ហាត់បង្រៀនឱ្យមនុស្សយល់ច្បាស់ថា «គ្រាយើងធ្វើបានអ្វីៗក៏ល្អដែរ តែយើងធ្លាក់បន្តិចឬធ្វើលែងបានគឺគេលែងត្រូវហើយរងពាក្យមើលងាយជាន់ពន្លិចទោះបីកាលពីមុនអ្នកធ្លាប់ខ្លាំងប៉ុណ្ណាក៏ដោយ។ ចេន សង្កត់ធ្ងន់ថា «នេះហើយគឺជាចិត្តមនុស្ស»។

គួរឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការប្រកួតរវាង ព័រទុយហ្កាល់ និងកុងហ្គោ ដែលមានលទ្ធផល ១ស្មើបានធ្វើឱ្យអ្នកគាំទ្រកុងហ្គោដែលទៅទស្សនានៅពហុកីឡដ្ឋានបានស្រែកឈ្មោះកីឡាករ Messi មកកាន់ Christiano Ronaldo ។ ទោះយ៉ាងណាកីឡាកររូបនេះនៅតែបង្ហាញភាពវិជ្ជមានរបស់ខ្លួនដោយទះដៃអបអរសាទរចំពោះការហៅឈ្មោះនោះដែលធ្វើឱ្យអ្នកទស្សនាតាមអ៊ីនធឺណិតអាណិត Ronaldo យ៉ាងខ្លាំង។ ការសើចចំអកនេះគឺស្របពេលដែលការប្រកួតរបស់ Messi បានរកគ្រាប់បាល់ឱ្យ អាហ្សង់ទីន រហូតដល់ទៅ៣គ្រាប់៕










