តារារ៉េប វណ្ណដា បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមក្រោយពីមានរូបភាពនិងវីដេអូបែកធ្លាយនៅលើបណ្តាញអ៊ីនធឺណិតកៀកកិតជាមួយនឹងនារីវ័យក្មេងម្នាក់។ មនុស្សជាច្រើនបានគិតថានារីវ័យក្មេងដ៏ស្រស់ស្អាតរូបនេះគឺជាគូស្នេហ៍ថ្មីរបស់លោក ខណៈតារារ៉េបល្បីឈ្មោះរូបនេះពុំទាន់ចេញមកបញ្ជាក់ពីទំនាក់ទំនងជាសាធារណៈនៅឡើយទេ។

ចាប់តាំងពីយប់ថ្ងៃទី១៣ ខែមិថុនា តារារ៉េប វណ្ណដា បានធ្វើឱ្យកកក្រើកពេញបណ្តាញសង្គមក្រោយពីមាននារីវ័យក្មេងម្នាក់នៅជិតលោក ហើយត្រូវបានគេបញ្ជាក់ថាអ្នកទាំងពីរកំពុងនៅគឺខេត្តក្រចេះ។ ក្រោយពីមានរូបភាពបែកធ្លាយមានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិវែកញែក ខណៈ វណ្ណដា ត្រូវរងនូវមតិប្រតិកម្មចម្រុះពីសាធារណជន។

អ្នកគាំទ្រមួយចំនួនគិតថានេះគឺជាជីវិតឯកជនទោះបីជា វណ្ណដា មានសង្សារថ្មីក៏គ្មានអ្វីខុសដែរ ខណៈអ្នកមួយចំនួនហាក់ស្តីបន្ទោសតារាចម្រៀងរ៉េបរូបនេះមានចិត្តសាវ៉ាបែកស្នេហាមិនទាន់បានប៉ុន្មានក៏ចាប់ផ្តើមមានទំនាក់ទំនងថ្មី។ មានគណនីខ្លះបានចោទ វណ្ណដា ថាស្រលាញ់តែនារីវ័យក្មេងទៀតផង ខណៈព័ត៌មានលេចធ្លាយថានារីក្នុងរូបភាពនេះមានអាយុ១៨ឆ្នាំដែលទើបបញ្ចប់ថ្នាក់ទី១២កាលពីឆ្នាំ២០២៥។ ទោះយ៉ាងណាមតិមួយផ្នែកទៀតគិតថា នារីវ័យក្មេងរូបនេះគ្រប់អាយុហើយដូច្នេះការចាប់ផ្តើមណាត់ជួបនរណាម្នាក់ពុំមានកំហុសនោះទេ។
មិនត្រឹមតែមានរូបភាពដែល វណ្ណដា កៀកកិតនឹងនារីវ័យក្មេងរូបនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានរូបភាពផ្សេងទៀតដែលបង្ហាញពីប៉ាម៉ាក់ វណ្ណដា និងទំនងជាម៉ាក់របស់នារីរូបនេះបានជួបជុំគ្នាទៀតផង។

យ៉ាងណាមិញ ជុំវិញប្រធានបទពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាថ្មីនេះដែលជាប្រធានបទក្តៅគគុក តារារ៉េប វណ្ណដា ពុំទាន់បានចេញមកបញ្ជាក់នៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៕










