ភ្ញាក់ផ្អើលពេញពិភពលោក! សមត្ថកិច្ចកាណាដាបានឃាត់ខ្លួនលោក Geoffrey Wall អាយុ៥៩ឆ្នាំ ជាអតីតអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ពីបទគ្មានប័ណ្ណបើកបរយន្តហោះខ្នាតធំ ហើយក្លែងបន្លំប័ណ្ណបើកបរយន្តហោះខ្នាតធំអស់រយៈពេលជិត១៧ឆ្នាំ (ចាប់ពីឆ្នាំ២០០៩ ដល់ ២០២៥) ដោយបានបើកយន្តហោះទាំងក្នុង និងក្រៅប្រទេស រហូតដល់ជាង៩០០ជើង និងដឹកអ្នកដំណើររាប់ម៉ឺននាក់។
បើតាមសមត្ថកិច្ច គឺលោក Wall មានប័ណ្ណបើកបរយន្តហោះពាណិជ្ជកម្មទូទៅ (Commercial Pilot Licence) ប៉ុន្តែពេលឡើងឋានៈជាប្រធានអាកាសយានិកនៅឆ្នាំ២០០៩ លោកគ្មានប័ណ្ណបើកបរប្រភេទ (Airline Transport Pilot License for Aeroplanes” (ATPL-A) ទេ សម្រាប់បញ្ជាយន្តហោះធំៗ ដូចជា Boeing 767, Boeing 777 និង Boeing 787។ ហេតុនេះ លោកក៏ក្លែងបន្លំប័ណ្ណបើកបរយន្តហោះខ្នាតធំ (ATPL) ដើម្បីរក្សាឋានៈជាប្រធានអាកាសយានិក រួចហើយបើកបរយន្តហោះដឹកអ្នកដំណើររហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០២៥ ដោយទទួលបានប្រាក់បៀវត្សសរុបជិត៣លានដុល្លារ។
.jpg)
ការឈានទៅឃាត់ខ្លួនអតីតអាកាសយានិករូបនេះ បន្ទាប់ពីនាយកដ្ឋានដឹកជញ្ជូនកាណាដាបានត្រួតពិនិត្យឯកសាររបស់អាកាសយានិកទាំងអស់ ហើយរកឃើញភាពខុសប្រក្រតីក្នុងឯកសាររបស់លោក។ សមត្ថកិច្ចក៏ចាប់ផ្តើមស៊ើបអង្កេតនៅខែមករា ឆ្នាំ២០២៦ ដោយចោទប្រកាន់ពីបទល្មើសជាច្រើន រួមមាន ក្លែងបន្លំប័ណ្ណបើកបរយន្តហោះ និងប្រើប្រាស់ត្រាក្លែងក្លាយ ជាដើម។

មហាជនភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាប្រព័ន្ធសុវត្ថិភាពបស់ក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់ពិភពលោក និងភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ស៊ីវិល បណ្តោយឱ្យមានការបន្លំឯកសាររហូតដល់ទៅ១៧ឆ្នាំ ទើបតែរកឃើញ?
.jpg)
ទោះជាមហាជនភ្ញាក់ផ្អើល ប៉ុន្តែក្រុមហ៊ុន Air Canada បញ្ជាក់ថា ការបើកបរយន្តហោះរបស់លោកគ្មានបញ្ហាអ្វីទេ ដោយសារលោកបានឆ្លងកាត់ការវាយតម្លៃសមត្ថភាព ហ្វឹកហាត់រៀងរាល់៦ខែម្តង និងត្រូវបានត្រួតពិនិត្យការហោះហើរជាក់ស្តែងជារៀងរាល់ឆ្នាំ ។ លោកមានប័ណ្ណបើកបរយន្តហោះពាណិជ្ជកម្មទូទៅ (Commercial Pilot Licence) គ្រាន់តែគ្មានប័ណ្ណបើកបរយន្តហោះខ្នាតធំ (ATPL) ប៉ុណ្ណោះ៕









