កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់រដ្ឋាភិបាលជប៉ុន បានជំរុញឱ្យធ្វើសេចក្តីព្រាងច្បាប់ស្តីពី «បទល្មើសបំផ្លា.ញទង់ជាតិ» ហើយគ្រោងនឹងដាក់ជូនសភាជប៉ុនអនុម័ត ក្នុងគោលបំណងឱ្យក្លាយជាច្បាប់ផ្លូវការអនុវត្តនាពេលឆាប់ៗ ដើម្បីដាក់ទោ.សពលរដ្ឋដែលប្រមា.ថ និងបំផ្លា.ញទង់ជាតិនៅទីសាធារណៈ ពីព្រោះទង់ជាតិជានិមិត្តសញ្ញាដ៏ខ្ពង់ខ្ពស់នៃអត្តសញ្ញាណជាតិ ដែលពលរដ្ឋគោរពទូទាំងប្រទេស។ ប៉ុន្តែគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួនរិះគ.ន់ថា ច្បាប់នេះនឹងប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
.jpg)
ខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់បញ្ជាក់ថា ប្រសិនបើបុគ្គលណាដោះទង់ជាតិចេញពីបង្គោល ឬបំផ្លិចបំផ្លាញទង់ជាតិនៅទីសាធារណៈ នឹងមានទោសជាប់ពន្ធនាគាររហូតដល់២ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យចំនួន២០០,០០០យេន (ប្រហែល១,២៥០ដុល្លារ)។ គណបក្ស LDP (Liberal Democratic Party) រំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានរដ្ឋសភាអនុម័តក្នុងកិច្ចប្រជុំ បើទោះជាគណបក្សប្រឆាំងមិនឯកភាពក៏ដោយ។
មន្ត្រីគណបក្ស LDP នឹងស្នើសុំកិច្ចសហការពីគណបក្សប្រឆាំងក្នុងការបញ្ជូនសេចក្តីព្រាងច្បាប់ទៅកាន់រដ្ឋសភាអនុម័តជាផ្លូវការ ហើយបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ប៉ុន្តែវាជាតួនាទីរបស់រដ្ឋាភិបាលដែលត្រូវតែដាក់ទោសរាល់ទង្វើបំផ្លាញ (ដុត ធ្វើឱ្យប្រឡាក់) ឬមិនគោរពទង់ជាតិ ដែលជានិមិត្តសញ្ញាជាតិ។

ទោះយ៉ាងណា ការធ្វើសេចក្តីព្រាងច្បាប់ហាមប្រមាថទង់ជាតិនេះ រងនូវការរិះគន់ពីគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួនថា វាជាការល្មើសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ ពីព្រោះច្បាប់នេះមិនត្រឹមតែហាមឃាត់ការបំផ្លាញទង់ជាតិនៅទីសាធារណៈនោះទេ គឺហាមឃាត់ទាំងលើបណ្តាញសង្គមផងដែរ ដូចជា ការថតរូប ឬវីដេអូសកម្មភាពបង្ខូចទង់ជាតិ រួចយកទៅបង្ហោះ ឬផ្សាយបន្តផ្ទាល់ (Live) លើបណ្តាញសង្គម ក៏ត្រូវទទួលទោសដូចគ្នា។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ន ប្រទេសជប៉ុនមានច្បាប់ដាក់ទោសចំពោះអ្នកដែលប្រមាថទង់ជាតិបរទេសប៉ុណ្ណោះ ប៉ុន្តែគ្មានច្បាប់ការពារទង់ជាតិរបស់ខ្លួននោះទេ ទើបលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន និងមន្ត្រីគណបក្ស LDP យល់ថា វាមិនគប្បីទាល់តែសោះ ក៏ជំរុញឱ្យបង្កើតច្បាប់ការពារទង់ជាតិជប៉ុននេះឡើង។.jpg)
មូលហេតុដែលជប៉ុនជំរុញឱ្យមានច្បាប់នេះ គឺដើម្បីការពារកិត្តិយសជាតិ ពីព្រោះកាលពីពេលថ្មីៗ មានបុគ្គលមួយចំនួនបានថតរូប ឬវីដេអូដុត ជាន់ឈ្លីទង់ជាតិ រួចយកទៅបង្ហោះលើបណ្តាញសង្គមដើម្បីទាក់ទាញចំណាប់អារម្មណ៍។ សកម្មភាពនេះធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំង ទើបរដ្ឋាភិបាលជប៉ុនយល់ថា ត្រូវតែមានវិធានការទប់ស្កាត់ជាបន្ទាន់ ឱ្យដូចប្រទេសជឿនលឿនលើពិភពលោក សុទ្ធតែមានច្បាប់តឹងរ៉ឹង និងដាក់ទោសអ្នកមើលងាយទង់ជាតិរបស់ខ្លួន៕










