តារាចម្រៀង ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរ បានចែករំលែកនិងដាស់តឿនទៅកាន់សិល្បករថ្មីៗកុំប្រើជីវិតឡូយហ៊ឺហាដូចជាសិល្បកររៀមច្បងទាំងដែលខ្លួនទើបនឹងចាប់ផ្តើមបោះជំហានចូលកាំទី១ប៉ុណ្ណោះ។លោក ក៏បានលើកឡើងទៀតថាសិល្បករមួយចំនួនទើបតែល្បីប៉ុន្មានបទប៉ុណ្ណោះប៉ុន្តែធ្វើឫកដូចជា Super Star ។
.png)
នៅយប់ថ្ងៃទី៩ មិថុនា តារាចម្រៀង ជា សុជាតិ បានបង្ហោះវីដេអូមួយដែលមានរយៈពេលជាង៥នាទី ជាមួយនឹងចំណងជើងថា «ឃើញដំរីជុះ កុំជុះតាមដំរី»។ តាមការសង្កេតរបស់លោក សិល្បករថ្មីៗនេះហាក់មានទំនោរបង្ហើបពីជីវិតសិល្បៈរបស់ខ្លួនឯងខ្លាំងពេកដោយសារតែអាចឃើញរៀមច្បងជោគជ័យឃើញជីវិតរស់នៅរបស់គាត់ហាយសូរ ចង់ឡូយដូចគេដែរ។ តារាចម្រៀងរូបនេះលើកឡើងទៀតថា កាលពីជំនាន់របស់លោកមិនសូវមានបណ្តាញសង្គមទូលំទូលាយនោះទេទោះបីជាអ្នកសិល្បៈឡូយហាយសូរប៉ុន្តែការរស់នៅវិញគឺធម្មតា។
ជា សុជាតិ បានលើកពីឧទាហរណ៍ខ្លួនឯងថាទោះបីជាលោកមានបទចម្រៀងផ្ទុះល្បី កើបលុយបានច្រើនពីវាយ៉ាងណាប៉ុន្តែលោកនៅតែហូបបាយតាមចិញ្ចើមថ្នល់ ចាយវាយសន្សំសំចៃ ប៉ុន្តែសិល្បករថ្មីៗនេះរកលុយបានល្មមៗគឺរស់នៅហាយសូរធ្វើខ្លួនដូចជាសេដ្ឋីតែម្តង។ សមាជិកក្មេងខ្មែររូបនេះលើកឡើងទៀតថា ការប្រើជីវិតបែបស៊ីវិល័យនេះទំនងដោយសារតែឃើញគេរស់នៅឡូយបែបនេះហើយខ្លួនឯងចង់ឡូយដែរ។

យ៉ាងណាក៏ដោយ តារាចម្រៀង ជា សុជាតិ ថាសិល្បករដែលទើបតែចាប់ផ្តើមឈានដល់កាំទី១ប៉ុន្តែគិតថាខ្លួនឯងដូចនៅលើមេឃកាំទី១០ ហើយលោកគិតថានេះជាចំណុចមិនល្អឡើយសម្រាប់ដំណើរជីវិតលើវិថីសិល្បៈអាចធ្វើឱ្យយើងដើរទៅមុខមិនបានយូរពីព្រោះឆាប់អបអរសមិទ្ធផលខ្លួនឯងខ្លាំងពេក។ ក្នុងដំណើរជីវិតសិល្បៈរយៈពេលជាង១០ឆ្នាំមកនេះ ម្ចាស់បទ «សៀវភៅកំណត់ហេតុស្នេហ៍»ថាខ្លួនមិនទាន់អបអរធំដុំនៅឡើយហើយលោកតែងតែប្រកាន់ភ្ជាប់ការរស់បែបធម្មតាៗ។
ជាមួយគ្នានេះដែរ តារាចម្រៀង ជា សុជាតិ ក៏បានលើកឡើងពីសិល្បករមួយចំនួនដែលមានបទចម្រៀងផ្ទុះពីរ បី បទប៉ុន្តែហាក់ធ្វើខ្លួនដូចជា Super star លែងមើលមុខអ្នកណាទាំងអស់លែងស្គាល់បង លែងស្គាល់ប្អូន លែងស្គាល់ចាស់ទុំ និងមិត្តភក្តិខ្លួនឯងដែលធ្លាប់តស៊ូជាមួយគ្នាមក។ 
ក្នុងនោះដែរ ជា សុជាតិ ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលឃើញ សិល្បករថ្មីៗមានភាពជោគជ័យ ទទួលបានសមិទ្ធផល ចាប់ផ្តើមបានផ្លែផ្កាប៉ុន្តែលោកលើកទឹកចិត្តឱ្យសិល្បករថ្មីៗប្រឹងប្រែងតស៊ូទៅមុខទៀតឱ្យបានវែងឆ្ងាយ ធ្វើអ្វីឱ្យបានច្រើនជាងនេះទៀត កុំរស់នៅក្នុងសង្គមដែលស្រមៃឆ្ងាយពេកហួសពីអ្វីដែលខ្លួនឯងរស់នៅពីមុន ហើយយកភាពជោគជ័យពេលនេះបន្តការវិនិយោគ អភិវឌ្ឍសមត្ថភាព ចំណេះដឹងបន្ថែមទៀត៕










