ទីបំផុតចប់ហ្គេមត្រឹមទឹកដីថៃ! មេខ្លោងម៉ាហ្វៀជប៉ុនដ៏មានឥទ្ធិពល ដែលបញ្ជាការបណ្តាញ Scammer និងជួ.ញដូរមនុស្សឆ្លងដែនដ៏ធំនៅឥណ្ឌូចិន ត្រូវបានរកឃើញនិងចាប់ខ្លួននៅក្នុងប្រទេសថៃ ខណៈកំពុងសម្ងំសោយសុខជីវិតយ៉ាងស៊ីវិល័យក្នុងខុនដូប្រណីតកណ្តាលក្រុងបាងកក។ ការបំបែកសំណុំរឿងអន្តរជាតិនេះ បានទម្លាយការពិតដ៏ជូរចត់មួយថា ប្រទេសថៃកំពុងក្លាយជា «ផ្ទះដ៏ធំទូលាយ» សម្រាប់ក្រុមឧក្រិដ្ឋជនមកលាក់ខ្លួនយ៉ាងមានក្តីសុខ ក្រោយពេលសាងបទល្មើសរួច។.jpg)
យោងតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថា Yusuke Sasaki អាយុ ៣៩ឆ្នាំ ជាមេខ្លោងធំដែលតុលាការស្រុក Nagoya នៃប្រទេសជប៉ុន បានចេញដីកាតាមចាប់ខ្លួនជាអន្តរជាតិពីបទឆបោកជាសាធារណៈ។ តាមការស៊ើបអង្កេត ជនល្មើសរូបនេះបានបង្កការខូចខាតជាទឹកប្រាក់រហូតដល់រាប់ពាន់លានយ៉េន (រាប់សិបលានដុល្លារអាមេរិក) ទៅលើជនរងគ្រោះ ដែលភាគច្រើនជាប្រជាពលរដ្ឋវ័យចំណាស់នៅក្នុងប្រទេសជប៉ុន។
នៅក្នុងដំណើររឿងនៃបទល្មើស ជនសង្ស័យឈ្មោះ Sasaki បានប្រើប្រាស់ល្បិចកលយ៉ាងមានឥទ្ធិពល និងឆ្លាតវៃ ដោយរូបគេមិនដែលបង្ហាញមុខផ្ទាល់នៅក្នុងទីតាំងឆបោកឡើយ។ ផ្ទុយទៅវិញ គេបានជួលខុនដូប្រណីតមួយកន្លែងនៅខណ្ឌ Watthana ក្រុងបាងកក ដើម្បីបញ្ជាការពីចម្ងាយតាមប្រព័ន្ធអនឡាញ ទៅកាន់សម្បុកឆបោកតាមទូរស័ព្ទ (Call Center Scam) ដ៏ធំមួយដែលមានមូលដ្ឋាននៅក្រៅប្រទេសថៃ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកគ្រប់គ្រងជនជាតិចិន។

បន្ថែមលើការបោកប្រាស់ប្រាក់ ជនល្មើសរូបនេះថែមទាំងបានបង្កើតបណ្តាញជួញដូរមនុស្សឆ្លងដែន ដោយធ្វើការអូសទាញ និងបង្ខិតបង្ខំជនជាតិជប៉ុនដែលមានបំណុលវណ្ឌក ឱ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាទា.សករជម្រិតទារប្រាក់នៅក្នុងសង្វាក់ឧក្រិដ្ឋកម្មរបស់គេ។ ដើម្បីគេចពីសំណាញ់ច្បាប់ មេខ្លោងរូបនេះបានធ្វើដំណើរផ្លាស់ប្តូរទីលំនៅឆ្លងកាត់ប្រទេសជាច្រើនដូចជា ចិន ម៉ាឡេស៊ី និងវៀតណាម មុនពេលសម្រេចចិត្តមកសម្ងំលាក់ខ្លួនជាមួយក្រុមគ្រួសារនៅក្នុងប្រទេសថៃ។
សូមជម្រាបថា ការចាប់ខ្លួនមេឧក្រិដ្ឋជនរូបនេះមិនមែនគ្រាន់តែបង្ហាញថាវាគឺជាជោគជ័យរបស់ប៉ូលីសថៃ និងកិច្ចសហការអន្តរជាតិនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងបន្ថែមថា ប្រទេសថៃគឺជាផ្ទះដ៏ធំទូលាយមួយសម្រាប់ឧក្រិដ្ឋជនជាច្រើនលាក់ខ្លួន ជាហេតុធ្វើឲ្យពួកគេតែងតែរត់មកសម្ងំសោយសុខនៅទីនេះ។ ភាពធូររលុងនៃប្រព័ន្ធត្រួតពិនិត្យ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុងបាងកក បានក្លាយជាខែលការពារដ៏ល្អសម្រាប់ក្រុមឧក្រិដ្ឋជនអន្តរជាតិ មកលាក់ខ្លួនយ៉ាងមានក្តីសុខ ក្រោយពេលសាងបទល្មើសរួច។
បច្ចុប្បន្ន អាជ្ញាធរថៃបានឃាត់ខ្លួនជនសង្ស័យរូបនេះជាបណ្តោះអាសន្ន និងកំពុងរៀបចំនីតិវិធីធ្វើបត្យាប័នដើម្បីបញ្ជូនខ្លួនមេខ្លោងរូបនេះ ត្រឡប់ទៅកាត់ទោសតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសជប៉ុនវិញក្នុងពេលឆាប់ៗខាងមុខនេះ៕










