Home ព័ត៌មានអន្តរជាតិ របត់ថ្មី! សាលារៀនជប៉ុនអនុញ្ញាតឱ្យសិស្សពាក់វ៉ែនតាការពារពន្លឺថ្ងៃ

របត់ថ្មី! សាលារៀនជប៉ុនអនុញ្ញាតឱ្យសិស្សពាក់វ៉ែនតាការពារពន្លឺថ្ងៃ

99
0

តូក្យូ៖ សាលារៀនជាច្រើននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមអនុញ្ញាតឱ្យសិស្សពាក់វ៉ែនតាការពារកាំរស្មីយូវី (UV) ជាបណ្តើរៗហើយនាពាក់កណ្តាលឆ្នាំ២០២៦នេះ បន្ទាប់ពីការសាកល្បងកាលពីឆ្នាំ២០២៥ បង្ហាញថា វាអាចជួយកាត់បន្ថយអាការៈឈឺភ្នែក និងភ្នែកក្រហមយ៉ាងមានប្រសិទ្ធភាព។ នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏ធំមួយ ព្រោះបើតាមវប្បធម៌ជប៉ុន ការពាក់វ៉ែនតាខ្មៅនៅសាលារៀន ឬទីសាធារណៈ ធ្លាប់ត្រូវបានគេមើលឃើញថាជាទង្វើខ្វះការគួរសម ឬឆើតឆាយពេក។

មូលហេតុចម្បងដែលនាំឱ្យមានការកែប្រែទម្លាប់នេះ គឺដើម្បីការពារភ្នែកសិស្សពីផលប៉ះពាល់ធ្ងន់ធ្ងរនៃកាំរស្មីយូវី និងទប់ស្កាត់ការខូចខាតគ្រាប់ភ្នែកដោយសារកម្តៅព្រះអាទិត្យដែលកាន់តែដុតកំដៅខ្លាំងឡើងៗ ជាពិសេស នៅពេលសិស្សានុសិស្សត្រូវធ្វើសកម្មភាពកណ្តាលវាលក្នុងរយៈពេលយូរ។

សាលាឯកជនដ៏ល្បីល្បាញមួយឈ្មោះ «Joshi Seigakuin» ដែលបង្រៀនសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងទីក្រុងតូក្យូ គឺជាសាលាដំបូងគេបង្អស់ដែលបានអនុវត្តការសាកល្បងនេះតាំងពីខែតុលា ឆ្នាំ២០២៥ ដោយអនុញ្ញាតឱ្យសិស្សពាក់វ៉ែនតាក្នុងពេលធ្វើដំណើរមកសាលា និងពេលហាត់ប្រាណនៅខាងក្រៅអគារ។ បន្ទាប់ពីទទួលបានការគាំទ្រ និងការឆ្លើយតបវិជ្ជមានពីសិស្សានុសិស្សថា វាអាចជួយការពារភ្នែកបានពិតមែន សាលានេះក៏បានដាក់ចេញជាគោលការណ៍ផ្លូវការតែម្តង។ បច្ចុប្បន្ន សាលារៀនជាច្រើនទៀតនៅទីក្រុងតូក្យូបានចាប់ផ្តើមយកគំរូតាមជាបន្តបន្ទាប់ ប៉ុន្តែវាមិនមែនជាវិធានការបង្ខំឡើយ ពោលគឺអាស្រ័យលើការសម្រេចចិត្ត និងការកែប្រែបទបញ្ជាផ្ទៃក្នុងរបស់សាលានីមួយៗ។

កាលពីមុន សាលារៀនជប៉ុនហាមដាច់ខាតមិនឱ្យសិស្សពាក់វ៉ែនតាខ្មៅឡើយ ព្រោះមើលទៅដូចជាក្រុមបងធំ ឬតារាល្បីៗ ដែលមិនសមរម្យសម្រាប់បរិបទសិក្សា។ ប៉ុន្តែពេលនេះ ទស្សនៈនោះត្រូវបានផ្លាស់ប្តូរមកជាការការពារសុខភាពវិញ។ យ៉ាងណាមិញ វ៉ែនតាដែលសាលាអនុញ្ញាតភាគច្រើនជាប្រភេទកញ្ចក់ថ្លា ឬមានពណ៌ស្រាលដែលអាចការពារកាំរស្មីយូវីបាន ១០០% ប៉ុន្តែនៅតែអាចមើលឃើញកែវភ្នែករបស់សិស្សច្បាស់ ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា និងមិនបង្កភាពភ័យខ្លាចដល់អ្នកដទៃ។

ចាប់ពីខែឧសភា ដល់ខែមិថុនា សីតុណ្ហភាពបានហក់ឡើងខ្ពស់ខ្លាំងនៅទូទាំងទីក្រុងតូក្យូ។ កម្តៅដែលភាយចេញពីផ្លូវថ្នល់ និងអគារកញ្ចក់ បានបង្ខំឱ្យអ្នកថ្មើរជើងត្រូវបាំងឆ័ត្រ និងពាក់អាវដៃវែងដើម្បីការពារខ្លួន។ ស្ថានភាពអាកាសធាតុក្តៅខ្លាំងនេះ បានធ្វើឱ្យនាយកសាលាជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់កុមារ ដែលត្រូវធ្វើសកម្មភាពហាលថ្ងៃជាប្រចាំ ទើបសម្រេចចិត្តអនុញ្ញាតឱ្យសិស្សកម្រិតមធ្យមសិក្សាពាក់វ៉ែនតានេះតែម្តង។

គួររំលឹកផងដែរថា ប្រទេសជប៉ុនមានបទពិសោធន៍ជោគជ័យក្នុងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ដូចជា ខ្យល់ព្យុះ និងការរញ្ជួយដី ហើយបច្ចុប្បន្ន ជប៉ុនក៏បានចាត់ទុកបញ្ហាកម្តៅខ្លាំង និងកាំរស្មីយូវី គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរមិនចាញ់គ្រោះធម្មជាតិដទៃទៀតឡើយ។ បើតាមអ្នកជំនាញរោគភ្នែករបស់ជប៉ុនបានព្រមានថា ផលប៉ះពាល់នៃកាំរស្មីយូវីទៅលើភ្នែកមនុស្សយើងពេញមួយជីវិត គឺកើតឡើងខ្លាំងបំផុតនៅមុនអាយុ ១៨ ឆ្នាំ។ ដូច្នេះ ការពាក់វ៉ែនតាការពារតាំងពីវ័យនេះ គឺជាវិធានការដ៏សំខាន់ក្នុងការជួយសង្គ្រោះកុមារពីជំងឺភ្នែកឡើងបាយ និងជំងឺរលាកភ្នែកផ្សេងៗនៅថ្ងៃអនាគត៕