បទ «Way You Are» របស់ Jady សហការជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដោយអ្នកលេងទិកតុកជាច្រើនបានលេងបទចម្រៀងនេះ។ ភាពជោគជ័យនិងសមត្ថភាពរបស់ Jady បានជំរុញឱ្យ ជូវី លីន លើកឡើងថា Jady គួរតែទទួលបានការគាំទ្រជាងនេះ ខណៈ សុងសុង ក៏គាំទ្រនិងបានលើកឡើងពីសមត្ថភាពសិល្បករម្នាក់ទៀតគឺ M-Fatt។

នៅយប់ថ្ងៃទី១ ខែមិថុនា ជូវី លីន ស្រាប់តែបង្ហោះសំណេរជាភាសាអង់គ្លេសដែលមានន័យថា JADY គឺជាសិល្បកររស់រវើកដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា គ្មានដែនកំណត់។ ប៉ុន្តែតារាចម្រៀងរូបនេះនៅតែត្រូវបានគេមើលស្រាល។ ជូវី ថា Jady សមនឹងទទួលបានការទទួលស្គាល់ច្រើនជាងនេះហើយទស្សនិកជនគួរតែផ្តល់ឱ្យសិល្បកររូបនេះមានការប្រគំតន្ត្រីទោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សំណេររបស់ ជូវី សុងសុង ដែលជាអតីតតារាចម្រៀងមួយរូបក៏បានបង្ហាញការគាំទ្រដូចគ្នា។ លោកបានសរសេរជាភាសាអង់គ្លេសដោយមានអត្ថន័យបន្ថែមថា «តាមទស្សនៈរបស់ខ្ញុំ គាត់ពិតជាមានសមត្ថភាពមែន ខ្ញុំស្រឡាញ់បុរសម្នាក់នោះ JADY។ គាត់ពូកែគ្រប់យ៉ាង ហើយមានម្នាក់ទៀតជា MFAT ពួកគេពិតជាមានទេពកោសល្យមែន»។
.png)
គួរឱ្យដឹងថា JADY មានបទចម្រៀងល្បីៗជាច្រើនបទទាំងបទទោលរួមទាំងការសហការជាមួយអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា និងបទ ស៊ីជម្ពូរ ជាមួយនឹង យូហៃ។ យ៉ាងណាដ្បិតតែមានបទចម្រៀងផ្ទុះនៅលើទីផ្សារប៉ុន្តែឈ្មោះរបស់លោកហាក់ដូចជានៅមានកម្រិតពុំទាន់ទូលំទូលាយខ្លាំងនោះទេ។
ចំណែកឯ M-Fatt វិញនៅរយៈពេលចុងក្រោយនេះលោកបញ្ចេញស្នាដៃនៅពីក្រោយបទល្បីៗជាច្រើនក៏ដូចជាចូលរួមក្នុងកម្មវិធី The Next level Rapstar ។ កាលពីខែមេសា M-Fatt ទើបបានចេញផ្សាយបទថ្មីរបស់ខ្លួនមានចំណងជើងថា «សុំស្នេហ៍»។ សិល្បកររូបនេះក៏នៅពីក្រោយការផលិតបទមួយចំនួនរបស់ វណ្ណដា ផងដែរ៕










