ថៃហាក់កំពុងបញ្ឆេះភាពតានតឹងតាមព្រំដែនឲ្យកើនឡើងកម្ដៅសារជាថ្មី! តាមរយៈការបញ្ជូនកម្លាំងទ័ព ប្រហែលពី ៤០ ទៅ ៥០នាក់ និងលួចលាក់រាយរបងលួសបន្លាបន្ថែមនៅតំបន់យុទ្ធសាស្ត្រមុំបី ក្បែរច្រកចុងបូក ដោយលើកហេតុផលថាដើម្បីការពារសុវត្ថិភាពនៅក្នុងតំបន់។ ស្ថានការណ៍នេះបង្ខំឱ្យយោធាកម្ពុជាចេញមុខតវ៉ាប្រឆាំងដាច់ខាត និងជំរុញឲ្យពួកគេដកថយទៅវិញជាបន្ទាន់ភ្លាមៗ។

យោងតាមរបាយការណ៍ព័ត៌មានពីគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) ភាគីកម្ពុជា និងប្រភពសន្តិសុខថៃ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងយោធាថៃប្រមាណ ៤០ ទៅ ៥០នាក់ បានផ្លាស់ទីចូលទៅរៀបចំដាក់ពង្រាយរបងលួសបន្លា ប្រវែងប្រហែល ១៥០ម៉ែត្រ នៅតំបន់ភាគនិរតីនៃចំណុចទួលយុទ្ធសាស្ត្រ ជិតច្រកចុងបូក (តំបន់មុំបី ស្រុកណាំយឿន ខេត្តឧប៊ុនរ៉ាចាថានី)។
ជុំវិញការលួចបន្លំដាក់ពង្រាយរបងលួសបន្លានេះ ខាងភាគីកងទ័ពភូមិន្ទថៃ និងកងកម្លាំងសុរនារី បានចេញមុខមកបំភ្លឺជាសាធារណៈ ដោយព្យាយាមការពារទង្វើរបស់ខ្លួនថា ប្រតិបត្តិការយោធានេះគឺធ្វើឡើងក្នុង «បេសកកម្មដើម្បីការពារខ្លួន» និងដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព នៅក្នុងតំបន់គ្រប់គ្រងដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ថៃប៉ុណ្ណោះ។ ថៃបានសង្កត់ធ្ងន់ថា ការដាក់ខ្សែលួសបន្លាគឺជាវិធានការធម្មតា ដើម្បីកាត់បន្ថយហានិភ័យនៃការរំលោភបំពាន និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន។.jpg)
ទោះជាយ៉ាងណា ហេតុផលការពារសុវត្ថិភាពរបស់ថៃ មិនអាចយកមកបិទបាំងទង្វើរំលោភបំពានដែនអធិបតេយ្យភាពបានឡើយ។ ភ្លាមៗនៅពេលកើតហេតុ កងកម្លាំងយោធាកម្ពុជាដែលប្រចាំការនៅក្នុងភូមិសាស្ត្រនោះ បានចូលទៅបង្ហាញជំហរទាស់ទែង ហាមឃាត់ និងបញ្ជាឱ្យភាគីថៃបញ្ឈប់សកម្មភាពបោះរបងលួសបន្លានោះជាបន្ទាន់ ព្រមទាំងបានបញ្ជាឱ្យកងទ័ពកម្ពុជាត្រៀមលក្ខណៈរឹតបន្តឹងសន្តិសុខ និងដាក់ពង្រាយកម្លាំងការពារនៅក្នុងទឹកដីរបស់ខ្លួនដើម្បីតាមដានស្ថានការណ៍យ៉ាងម៉ឺងម៉ាត់។
បន្ថែមលើការប្រឈមមុខដាក់គ្នានៅលើដីជាក់ស្ដែង ភាគីកម្ពុជាបានផ្ញើលិខិតផ្លូវការមួយទៅកាន់ RBC ភាគីថៃ ដើម្បីតវ៉ាដាច់អហង្ការចំពោះសកម្មភាពខាងលើ ដោយចាត់ទុកថានេះជាការរំលោភលើកិច្ចព្រមព្រៀង និងអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងតំបន់ដែលមិនទាន់មានការខណ្ឌសីមាព្រំដែនច្បាស់លាស់។
គួរបញ្ជាក់ថា តំបន់មុំបី និងច្រកចុងបុក គឺជាចំណុចយុទ្ធសាស្ត្រយោធាដ៏ក្តៅគគុកមួយ និងជាតំបន់ទាមទារអធិបតេយ្យភាពជាន់គ្នា ដែលធ្លាប់បានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកម្ពុជា និងថៃជាច្រើនលើកមកហើយកាលពីអតីតកាល។ ទោះបីជាប្រទេសទាំងពីរធ្លាប់បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីកាត់បន្ថយភាពតានតឹងកាលពីចុងឆ្នាំ២០២៥ កន្លងទៅក៏ដោយ ប៉ុន្តែការប្រឈមមុខដាក់គ្នាចុងក្រោយតាមរយៈការបន្ថែមកម្លាំងទ័ព និងរាយរបងលួសបន្លារបស់ថៃនៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ស្ថានការណ៍តាមបណ្តោយព្រំដែននៅតែមានភាពផុយស្រួយខ្លាំងណាស់ ហើយសន្តិភាពអាចនឹងត្រូវរង្គោះរង្គើគ្រប់ពេលវេលា ប្រសិនបើភាគីថៃនៅតែបន្តទង្វើឈ្លានពានឯកតោភាគីបែបនេះ៕










