លែងមានការចរចាទ្វេភាគីលើបញ្ហាដែនសមុទ្រទៀតហើយ! រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានប្រវត្តិសាស្ត្រមួយលើឆាកអន្តរជាតិ ដោយបានផ្ញើលិខិតជូនដំណឹងផ្លូវការទៅកាន់រដ្ឋាភិបាលថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្តើមដំណើរការនៃ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ចាំមើលថៃចង់រកលេសគេចវេសយ៉ាងម៉េចទៀត?
.jpg)
យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ បានបង្ហាញថា កម្ពុជាបានផ្ញើលិខិតជូនដំណឹងផ្លូវការទៅកាន់រដ្ឋាភិបាលថៃ និងផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) រួចរាល់ហើយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីចាប់ផ្តើមដំណើរការច្បាប់ជាផ្លូវការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់យ៉ាងក្បោះក្បាយដល់សាធារណជនថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជា និងថៃ មានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ ហៅថា MoU ២០០១។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និង អភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និង សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
.jpg)
ស្ថិតក្រោមអនុសញ្ញា UNCLOS 1982 យន្តការនេះនឹងបង្កើតគណៈកម្មការអ្នកជំនាញឯករាជ្យអន្តរជាតិ ដើម្បីចូលមកវាយតម្លៃ និងដោះស្រាយវិវាទ ទោះបីជាភាគីថៃព្រមចូលរួម ឬចង់គេចវេសមិនសហការក៏ដោយ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានបញ្ជាក់ក្នុងសារថ្លែងការណ៍ពិសេសនោះថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃរបស់លោក Anutin Charnvirakul បានប្រកាសលុបចោល MoU 2001 ដោយឯកតោភាគី និងបានយកបញ្ហាព្រំដែនធ្វើជាឈ្នាន់នយោបាយក្នុងស្រុកដើម្បីកេងចំណេញសម្លេងឆ្នោត។
សម្តេចសូមបញ្ជាក់ច្បាស់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជា ងាកចេញពីការសន្ទនានោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ, កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និង ដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ កម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នា ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និង ដែលអនុលោមតាមច្បាប់អន្តរ-ជាតិ។
សម្តេចក៏អំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាព ជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និង ភាពរឹងមាំ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕
Home ព័ត៌មានអន្តរជាតិ កម្ពុជានឹងចាប់បង្ខំថៃឱ្យដោះស្រាយវិវាទដែនសមុទ្រដោយប្រើប្រាស់ច្បាប់អន្តរជាតិ UNCLOS









