ស្រះកែវ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គមថៃថា ច្រកព្រំដែនឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា) ត្រូវបានបើកឡើងវិញ ដើម្បីអនុញ្ញាតឱ្យកុមារកម្ពុជាចូលទៅរៀនសូត្រក្នុងទឹកដីថៃ។ ព័ត៌មានមិនពិតនេះ បានធ្វើឱ្យពលរដ្ឋថៃមួយចំនួនជឿតាម និងរិះគ.ន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul យ៉ាងខ្លាំង។
ជុំវិញករណីនេះ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អ្នកស្រី រ៉ាជឆាដា ថាណាឌិរ៉េក អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានចេញមុខបំភ្លឺថា ព្រំដែនឃ្លងលឹក ខេត្តស្រះកែវ នៅតែបន្តបិទជិត ១០០% ដដែល។ រដ្ឋាភិបាលថៃពុំមានគោលការណ៍បើកព្រំដែនណាមួយជាមួយកម្ពុជាឡើងវិញឡើយ ហើយអ្នកស្រីបានអំពាវនាវដល់ពលរដ្ឋកុំឱ្យជឿតាមព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គម។ ដើម្បីបង្ហាញតម្លាភាព អាជ្ញាធរខេត្តស្រះកែវ ក៏បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះទៅពិនិត្យស្ថានភាពនៅព្រំដែនផ្ទាល់ នៅវេលាម៉ោងជាង ៣ រសៀលថ្ងៃដដែល ដើម្បីបញ្ជាក់ពីការបិទច្រកព្រំដែនជាឯកតោភាគីនេះ។
ទន្ទឹមនឹងនេះ ផេកហ្វេសប៊ុកផ្លូវការនៃការិយាល័យទំនាក់ទំនងសាធារណៈខេត្តស្រះកែវ និងអភិបាលខេត្តផ្ទាល់ ក៏បានចេញមុខច្រានចោលពាក្យចចាមអារ៉ាមនេះដូចគ្នា ដោយស្នើឱ្យសាធារណជនជឿជាក់តែលើប្រភពព័ត៌មានផ្លូវការប៉ុណ្ណោះ។
គួរបញ្ជាក់ថា ច្រកព្រំដែនផ្លូវគោកទាំងអស់រវាងកម្ពុជា និងថៃ រួមទាំងខេត្តស្រះកែវផងដែរ បានបន្តបិទជិតដដែល ចាប់តាំងពីមានជម្លោះព្រំដែនកាលពីឆ្នាំ២០២៥ រហូតមកដល់ដើមខែមិថុនា ឆ្នាំ២០២៦ នេះ។ រដ្ឋាភិបាល និងកងទ័ពថៃបានអះអាងថា ការបិទព្រំដែននេះ គឺដើម្បីការពារសន្តិសុខ អធិបតេយ្យភាព សុវត្ថិភាពពលរដ្ឋ និងទប់ស្កាត់បទល្មើសឆ្លងដែន។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងប្រទេសទាំងពីរ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ (Fake News) អំពីបញ្ហាព្រំដែននៅលើបណ្តាញសង្គមថៃ បានកើនឡើងរហូតដល់ជាង ១,០០០ ករណី។ ព័ត៌មានបំពុលទាំងនោះត្រូវបានបង្កើតឡើងដោយក្រុមជ្រុលនិយម ដោយមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) យ៉ាងទំនើបក្នុងការកាត់តរូបភាព និងវីដេអូ ដើម្បីញុះញង់ឱ្យមានការភាន់ច្រឡំ និងបង្កើតការស្អប់ខ្ពើមជាតិសាសន៍។
ដោយឡែក ចំពោះគោលជំហររបស់កម្ពុជា ជុំវិញការបិទព្រំដែនផ្លូវគោកជាឯកតោភាគីរបស់ថៃនេះ គឺកម្ពុជាមិនមែនជាអ្នកចាប់ផ្តើមបង្កជម្លោះ ឬបិទច្រកព្រំដែនមុននោះឡើយ ដូច្នេះ ភាគីថៃដែលជាអ្នកបិទ ត្រូវតែជាអ្នកបើកមុន។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារឱ្យភាគីថៃដកថយចេញពីទឹកដីកម្ពុជាដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ ព្រមទាំងគោរពអធិបតេយ្យភាពរបស់កម្ពុជាឡើងវិញ៕










