តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយថ្មីមួយ ដោយអនុញ្ញាតឱ្យមានការបន្ថែមថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍រហូតដល់៣ថ្ងៃ។ វិធានការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ពេលវេលាគ្រប់គ្រាន់ជូនពលរដ្ឋក្នុងការរៀបអាពាហ៍ពិពាហ៍ បង្កើតកូន និងមានឱកាសថែទាំកូនស្របតាមតម្រូវការគ្រួសារ។

ទោះជាយ៉ាងណា គោលនយោបាយថ្មីនេះតម្រូវឱ្យបុគ្គលិកដែលជ្រើសរើសជម្រើសធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ត្រូវបង្កើនម៉ោងធ្វើការប្រចាំថ្ងៃឱ្យបានយូរជាងមុន ដើម្បីរក្សាតុល្យភាពការងារ។
ការសម្រេចចិត្តដាក់ចេញនូវគោលនយោបាយដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុនមើលឃើញពីសម្ពាធការងារដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យក្រុមគ្រួសារជាច្រើនត្រូវចំណាយពេលស្ទើរតែទាំងស្រុងលើការងារ និងមានពេលវេលាផ្ទាល់ខ្លួនតិចតួចបំផុត។ .jpg)
កន្លងមក ភាពខ្វះខាតពេលវេលានេះបានបង្ខំឱ្យស្ត្រីជាម្តាយជាច្រើនសម្រេចចិត្តលាឈប់ពីការងារ ដើម្បីមកទទួលខុសត្រូវកិច្ចការផ្ទះសម្បែង និងមើលថែកូន។ ដូច្នេះ របត់ថ្មីនៃប្រព័ន្ធការងារនេះត្រូវបានរំពឹងថា នឹងជួយឱ្យពលរដ្ឋមានពេលទំនេរច្រើន ដោយមិនចាំបាច់លះបង់អាជីពការងាររបស់ខ្លួនឡើយ។.jpg)
ជាជំហានដំបូងនៃការសាកល្បង គម្រោងនេះនឹងត្រូវអនុវត្តទៅលើក្រុមមន្ត្រីរាជការ និងបុគ្គលិកសាធារណៈនៅក្នុងទីក្រុងតូក្យូ ប្រមាណ ១៦០,០០០នាក់ ដើម្បីធ្វើជាគំរូ និងជាការជំរុញដល់បណ្តាក្រុមហ៊ុនឯកជននានា។ នៅក្រោមក្របខ័ណ្ឌនេះ បុគ្គលិកនឹងធ្វើការត្រឹមតែ ៤ថ្ងៃក្នុងមួយសប្តាហ៍ និងទទួលបានថ្ងៃឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យ។

ក្រៅពីការកែសម្រួលម៉ោងធ្វើការ រដ្ឋាភិបាលជប៉ុនក៏បានដាក់ចេញនូវវិធានការគាំទ្របន្ថែមជាច្រើនទៀត រួមមាន៖ អនុញ្ញាតឱ្យឪពុក-ម្តាយសុំឈប់សម្រាកពីការងារមួយរយៈដើម្បីថែទាំកូនតូចនៅផ្ទះ, អនុញ្ញាតឱ្យអ្នកមានកូនតូចអាចចេញពីធ្វើការមុនម៉ោងដោយមានការបង្កើនប្រាក់ឧបត្ថម្ភពីរដ្ឋ និងបង្កើតកម្មវិធីរៀបចំដោយរដ្ឋាភិបាលក្នុងការជួយស្វែងរកគូស្រករជូនពលរដ្ឋវ័យក្មេងថែមទៀត។
.jpg)
វិធានការទាំងអស់នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងវិបត្តិប្រជាសាស្ត្រដ៏ស្រួចស្រាវ ដែលអត្រាកំណើតបានធ្លាក់ចុះយ៉ាងគំហុក រហូតឈានទៅរកការខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលចំនួនពលរដ្ឋវ័យចំណាស់កំពុងកើនឡើងជាលំដាប់។
យោងតាមទិន្នន័យផ្លូវការ ចំនួនពលរដ្ឋជប៉ុនបានធ្លាក់ចុះរហូតដល់ ៣លាននាក់ ឬស្មើនឹង២.៥% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈចំនួនទារកកើតថ្មីបានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេល១០ឆ្នាំជាប់ៗគ្នា។ គិតត្រឹមឆ្នាំ២០២៥ ចំនួនពលរដ្ឋជប៉ុនសរុបបានថយចុះមកសល់ត្រឹមតែ ១២៣លាននាក់ប៉ុណ្ណោះ ដែលជារបត់ធ្លាក់ចុះដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩២០ មក។

ទោះជាយ៉ាងណា គោលនយោបាយថ្មីនេះបានបង្កើតឱ្យមានទស្សនៈចម្រុះនៅក្នុងសង្គម។ យុវជន និងបុគ្គលិកវ័យក្មេងភាគច្រើនបានសម្តែងការគាំទ្រយ៉ាងខ្លាំង ដោយសារពួកគេយល់ថា ការសម្រាកច្រើនថ្ងៃអាចជួយកាត់បន្ថយភាពតានតឹង និងផ្តល់កម្លាំងចិត្តក្នុងការធ្វើការឱ្យមានប្រសិទ្ធភាពជាងមុន។.jpg)
ផ្ទុយទៅវិញ មជ្ឈដ្ឋានមួយចំនួនទៀតបង្ហាញក្តីបារម្ភថា គោលនយោបាយនេះអាចនឹងមិនអាចទៅរួចទាំងស្រុងនោះទេ ដោយសារបច្ចុប្បន្ន ជប៉ុនកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មស្រាប់ ដែលអាចនឹងប៉ះពាល់ដល់ដំណើរការការងារប្រចាំថ្ងៃ ជាពិសេស នៅក្នុងវិស័យស្នូល ដូចជា មន្ទីរពេទ្យ សាលារៀន និងផ្នែកសេវាកម្ម។ ជាមួយគ្នានេះ សម្រាប់វិស័យឯកជន គេបារម្ភថា ការកាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤ថ្ងៃ អាចនឹងឈានទៅដល់ការកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ដែលជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមួយកម្រិតទៀត។
ទោះបីជាមានការជជែកដេញដោលយ៉ាងណាក្តី ការផ្លាស់ប្តូរប្រព័ន្ធការងារនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងដ៏ធំធេង និងជាប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការកែប្រែវប្បធម៌ធ្វើការដើម្បីស្រោចស្រង់ និងសង្គ្រោះអនាគតប្រជាសាស្ត្ររបស់ជាតិខ្លួនឡើងវិញ៕










