មិត្តភាពដែកថែបមិនដែលបោះបង់គ្នាគ្រាលំបាក! នៅខណៈដែលពីភពលោកកំពុងជួបប្រទះនឹងវិបត្តិថាមពល និងការផ្គត់ផ្គង់ មហាអំណាចចិនបានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងជីកសិកម្មមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជាកំពុងជួបប្រទះនឹងការលំបាកផ្នែកសន្តិសុខថាមពល និងការខ្វះខាតជីកសិកម្ម។ ការគាំទ្រចំពេលមានវិបត្តិនេះ គឺជាខ្នងបង្អែកដ៏រឹងមាំមួយ ក្នុងការទប់លំនឹងសេដ្ឋកិច្ចកម្ពុជាមិនឱ្យរង្គោះរង្គើរ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការចេញថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) នៅក្រៅស្រុកនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នាទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ភាគីចិនបានយល់ព្រមភ្លាមៗក្នុងការផ្តល់ជំនួយយុទ្ធសាស្ត្រនេះ ដើម្បីជួយទ្រទ្រង់ដល់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា។ 
ការធ្លាក់ចុះនៃប្រភពផ្គត់ផ្គង់សកល និងការឡើងថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បាននិងកំពុងវាយប្រហារយ៉ាងខ្លាំងលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ដែលធ្វើឱ្យការធានាផ្គត់ផ្គង់ប្រេង និងឧស្ម័នពីចិន នឹងជួយឱ្យកម្ពុជាមានប្រភពថាមពលបម្រុងស្ថិរភាព និងរក្សាបាននូវតម្លៃសមរម្យ។ ប្រភពថាមពលទាំងនេះ នឹងដើរតួជាកាតាលីករដ៏សំខាន់ក្នុងការជំរុញ និងទ្រទ្រង់ដល់ដំណើរការរោងចក្រ ឧស្សាហកម្ម និងការផលិតថាមពលអគ្គិសនីក្នុងស្រុក កុំឱ្យជួបហានិភ័យនៃការកាត់ផ្តាច់ចរន្ត ដែលអាចរំខានដល់សេដ្ឋកិច្ចជាតិ។.jpg)
ទន្ទឹមនឹងការដោះស្រាយវិបត្តិថាមពល ជំហររបស់ចិនក្នុងការផ្គត់ផ្គង់ជីកសិកម្ម ក៏នឹងដើរតួជាការសង្គ្រោះដល់វិស័យកសិកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ កសិករកម្ពុជាតែងតែជួបផលវិបាកដោយសារការឡើងថ្លៃ ឬការកង្វះខាតជីនាំចូលនៅចំរដូវបង្កបង្កើនផល ប៉ុន្តែការគាំទ្ររបស់ចិននឹងធានាថាកសិករមានធាតុចូលកសិកម្មគ្រប់គ្រាន់ និងទាន់ពេលវេលា។ ហេតុដូចនេះនៅពេលមានជីកសិកម្មប្រើប្រាស់គ្រប់គ្រាន់ ទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងៗនឹងមិនត្រូវបានរំខានឡើយ ដែលវានឹងជួយរក្សាស្ថិរភាពតម្លៃម្ហូបអាហារក្នុងស្រុក ព្រមទាំងធានាបរិមាណសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិននាពេលនេះ មិនត្រឹមតែជាការជួយសង្គ្រោះវិបត្តិក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ក្នុងការធានាថាខឿនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំជានិច្ច៕










