Home ព័ត៌មានអន្តរជាតិ វិស័យឯកជនថៃទាមទាររដ្ឋាភិបាលពន្លឿនបន្តសុពលភាពប័ណ្ណការងារដល់ពលករកម្ពុជា និងប្រទេសផ្សេងៗ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច

វិស័យឯកជនថៃទាមទាររដ្ឋាភិបាលពន្លឿនបន្តសុពលភាពប័ណ្ណការងារដល់ពលករកម្ពុជា និងប្រទេសផ្សេងៗ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច

86
0

បាងកក៖ គណៈកម្មការរួមនៃស្ថាប័នឯកជនថៃ បានដាក់លិខិតផ្លូវការមួយទៅកាន់ក្រសួងការងារ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យពន្លឿនការបន្តសុពលភាពប័ណ្ណការងារដល់ពលករមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជាបន្ទាន់។ ការសុំអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីវិស័យឯកជនរកឃើញថា ប្រទេសថៃកំពុងខ្វះខាតកម្លាំងពលកម្មរហូតដល់ ៥សែននាក់ ដែលកំពុងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម កសិកម្ម និងការនាំចេញ ។

លោក Poj Aramwattananon ប្រធានសភាពាណិជ្ជកម្មថៃ បានដឹកនាំគណៈប្រតិភូស្ថាប័នឯកជន ចូលជួបប្រគល់លិខិតផ្ទាល់ជូនលោក Julapun Amornvivat រដ្ឋមន្ត្រីក្រសួងការងារ។ លោក Poj បានគូសបញ្ជាក់ថា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម កំពុងខ្វះខាតពលករកម្ពុជាយ៉ាងខ្លាំង ដោយសារស្ថានការណ៍តានតឹងនៅតាមព្រំដែន រួមផ្សំនឹងការធ្លាក់ចុះនៃចំនួនពលករមីយ៉ាន់ម៉ា និងការថយចុះនៃកម្លាំងពលកម្មវ័យក្មេងរបស់ថៃផ្ទាល់។ ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច លោកបានស្នើឱ្យក្រសួងប្រញាប់បន្តប័ណ្ណការងារដល់ពលករនៃប្រទេសទាំង៤ ព្រមទាំងពិចារណានាំចូលពលករបន្ថែមពីប្រទេសស្រីលង្កា បង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី ផងដែរ ។

ជាការឆ្លើយតប លោក Julapun Amornvivat រដ្ឋមន្ត្រីក្រសួងការងារ បានសន្យាថានឹងពិនិត្យ និងពន្លឿននីតិវិធីបន្តប័ណ្ណការងារនេះ ដើម្បីធានាថាខ្សែសង្វាក់ផលិតកម្ម និងការនាំចេញមិនត្រូវរាំងស្ទះ។ លោកទទួលស្គាល់ថា ថៃពិតជាកំពុងប្រឈមនឹងឱនភាពពលករចំនួន ៥សែននាក់ពិតមែន ហើយក្រសួងនឹងប្រញាប់បញ្ជូនសំណើនេះទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច។ ទោះជាយ៉ាងណា ចំពោះការនាំចូលពលករថ្មីបន្ថែមទៀត គឺត្រូវអាស្រ័យលើគោលនយោបាយរួមរបស់រដ្ឋាភិបាល។
ទោះបីជាមានការទទូចពីវិស័យឯកជនយ៉ាងណាក៏ដោយ ក្រសួងការងារថៃនៅតែប្រកាន់ជំហររឹងមាំ ដោយសម្រេចពិចារណាបន្តសុពលភាពជូនតែពលករដែលមានស្រាប់នៅក្នុងប្រទេសប៉ុណ្ណោះ។ គិតមកទល់ពេលនេះ ថៃមិនទាន់មានគោលនយោបាយបើកផ្លូវទទួលយកពលករកម្ពុជា ឬពលករបរទេសថ្មីៗបន្ថែមទៀតឡើយ ដោយសារហេតុផលសន្តិសុខជាតិ ។

គួររំឭកថា បច្ចុប្បន្ន ប្រទេសថៃកំពុងខ្វះខាតពលករបរទេសយ៉ាងខ្លាំងក្នុងផ្នែកសំណង់ និងកសិកម្ម ដែលជាប្រភេទការងារធ្ងន់ៗ និងប្រើប្រាស់កម្លាំងបាយ ខណៈពលរដ្ឋថៃមិនសូវនិយមធ្វើ ឬទាមទារប្រាក់ឈ្នួលខ្ពស់ពេក ដែលធ្វើឱ្យម្ចាស់អាជីវកម្មរំពឹងលើពលករបរទេសច្រើនជាង។ កង្វះខាតកម្លាំងពលកម្មនេះ បានបង្កជាផលប៉ះពាល់ជាខ្សែសង្វាក់ដល់សេដ្ឋកិច្ចថៃ រួមមាន ការយឺតយ៉ាវក្នុងការនាំចេញអាហារដោយសារផលិតមិនទាន់, ផលដំណាំត្រូវខូចខាតបាត់បង់គុណភាពព្រោះប្រមូលផលមិនទាន់ពេល និងគម្រោងសំណង់ជាច្រើនត្រូវជាប់គាំង ដែលបណ្តាលឱ្យខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់ ៕