តារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានចេញបកស្រាយក្រោយពីបង្ហោះសំណេរមួយទាក់ទងនឹងក្រុម BTS ជាមួយនឹងពាក្យថាអ្នកគាំទ្រក្រុមចម្រៀងនេះ «ក្មេងៗ» ដែលនាំឱ្យមានមតិប្រតិកម្មពី Army មួយចំនួននៅក្នុងប្រទេសកម្ពុជាដោយពួកគេមិនពេញចិត្តចំពោះពាក្យនេះឡើយ។ ឃើញមានអ្នកគាំទ្រ BTS ចេញមកចែករំលែកនិងប្រតិកម្មជាបន្តបន្ទាប់តារាចម្រៀងរូបនេះបានចេញមកបកស្រាយ។

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វ៉ាន់ នីឡា បានបង្ហោះសំណេរមួយថា « បងប្អូន មិចចឹង? យប់មិញខ្ញុំយល់សប្តិឃើញមានគេមកបបួលខ្ញុំទៅមើល BTS សំបុត្រ vip free ខ្ញុំសួរគេស្អីគេអាហ្នឹង?? ដល់ពេលមិញបើក Facebook ឃើញក្មេងៗផុស BTS ព្រៀត។ ថីហ្នឹងញាណទី៧ស្គាល់ Kpop តែសំបកខ្លួនអត់ស្គាល់»។ ក្រោយមកក្រុមអ្នកគាំទ្រមួយចំនួនតូចរបស់ BTS បានចេញមកប្រតិកម្មដោយបានចែករំលែកការបង្ហោះរបស់ វ៉ាន់ នីឡា ក្នុងន័យមិនពេញចិត្តចំពោះពាក្យសម្តីរបស់ វ៉ាន់ នីឡា ដែលហៅអ្នកគាំទ្រ BTS ថា «ក្មេងៗ»។
អ្នកគាំទ្រមួយចំនួនបានអះអាងថាពួកគេមិនបានក្មេងនោះទេដោយសារតែពួកគេខ្ទង់ជាង២០ឆ្នាំហើយ។ អ្នកខ្លះក៏ផ្លែផ្កាជាមួយនឹងពាក្យសម្តីថា ពួកគេអាយុ១៦,១៧,១៨ ឆ្នាំជារៀងរហូត។ ក្រោយសំណេររបស់ខ្លួនរងប្រតិប្រតិកម្ម វ៉ាន់ នីឡា បានចេញវីដេអូខ្លីមួយបកស្រាយទាក់ទឹងនឹងពាក្យសម្តីរបស់នាងដែលហៅអ្នកគាំទ្រ BTS ថា «ក្មេងៗ»។
តារាចម្រៀង និងពិធីការិនីរូបនេះបាននិយាយថា ដោយសារតែអ្វីដែលនាងបានឃើញឃើញគឺក្មេងៗមែនខណៈដែលរូបនាងវ័យ៣៥ឆ្នាំហើយ ដូច្នេះនាងមិនបានសម្លឹងឃើញអ្នកគាំទ្រអាយុខ្ទង់៤០ឆ្នាំឬច្រើនជាងខ្លួននោះទេ។ វ៉ាន់ នីឡា ថាពាក្យ ក្មេងៗ មិនអាក្រក់នោះទេដោយនាងមិនបាននិយាយថា GenZ ឬ និយាយថា «ពួកក្មេងៗ»។ 
វ៉ាន់ នីឡា បានចោទសួរទៅកាន់អ្នកប្រតិកម្មវិញថាពាក្យ «ក្មេងៗ» ជាភាសាខ្មែរនេះអាក្រក់ខ្លាំងឬទើបបានជាប្រតិកម្មមិនពេញចិត្ត។ ទាក់ទងនឹងការមិនស្គាល់ក្រុម BTS តារាចម្រៀងរូបនេះបានតបវិញថាមិនមែនឱ្យតែជាតារាល្បីត្រូវឱ្យគេស្គាល់មួយពិភពលោកទេ។ ពិធីការិនីរូបនេះបានជាឧទាហរណ៍ពីបទចម្រៀងស្រុកខ្មែរដូចជាធ្លាប់ឮបទចម្រៀងនោះប៉ុន្តែអ្នកមួយចំនួនគឺមិនបានស្គាល់ថានរណាជាអ្នកច្រៀងឡើយ។ ជាក់ស្តែងដូចជា BTS នាងធ្លាប់ឮឈ្មោះដឹងថាជាតារាកូរ៉េ ហើយធ្លាប់ឮបទចម្រៀងតែបើសួរថាអ្នកណាជាអ្នកច្រៀងនាងមិនដឹងឡើយ។
តារាចម្រៀង វ៉ាន់ នីឡា បន្ថែមថាមិនមែនឱ្យតែក្រុមដែលមានហ្វេនគាំទ្រហើយអ្នកដទៃមិនស្គាល់គេខុសនោះទេ នោះគឺជាសិទ្ធិសេរីភាពរបស់គេជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ហើយស្ទាយ៍នៃការស្តាប់បទចម្រៀងរបស់មនុស្សម្នាក់ៗគឺខុសគ្នា៕










