លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាពប្រចាំស្រុកខ្មែរបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីបង្ហាញថាលោកដើរលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្តកាននៅឯប្រទេសបារាំង។ ការបង្ហាញខ្លួនក្នុងកម្មវិធីដ៏ធំនេះលោក អូលីវ៉ា គង់ បាននាំយកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ»។

នៅព្រឹកថ្ងៃទី១៩ ខែឧសភា (ម៉ោងនៅកម្ពុជា) លោក អូលីវ៉ា គង់ បានបង្ហោះវីដេអូមួយដែលបញ្ជាក់ថាលោកកំពុងស្ថិតនៅក្នុងកម្មវិធីធំមួយដែលកំពុងរៀបចំឡើងនៅប្រទេសបារាំងគឺកម្មវិធី Cannes Festival 2026។

អ្នកច្នៃម៉ូតរូបនេះបានសរសេរនៅលើវីដេអូរបស់ខ្លួនថា «ទីបំផុតអ្វីខ្ញុំចង់បង្ហាញគឺបានសម្រេចហើយ… ឈុត “ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ” បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម Cannes Festival 2026 ដោយមោទនភាពខ្ពស់បំផុត។ឈុតនេះមិនមែនត្រឹមតែសម្លៀកបំពាក់ទេ ប៉ុន្តែជានិមិត្តរូបនៃជ័យជម្នះ កម្លាំងជំនឿ និងពន្លឺនៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងលើឆាកពិភពលោក ដំណើរនេះពោរពេញដោយការលំបាក ប៉ុន្តែចុងក្រោយវាមានតម្លៃខ្លាំងណាស់»។
ការបង្ហោះនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ភ្លាមៗនិងបង្ហាញការភ្ញាក់ផ្អើលសម្រាប់ការចូលរួមដើរលើកម្រាលព្រំក្រហមរបស់លោក អូលីវ៉ា គង់។ លោកគឺជាអ្នកច្នៃម៉ូតដែលតំណាងឱ្យជនជាតិខ្មែរដំបូងគេដែលបានចូលរួមក្នុងកម្មវិធីនេះក្នុងឆ្នាំ២០២៦។ សម្រាប់លោក អូលីវ៉ា គង់ ផ្ទាល់នេះគឺជាលើកទី២ សម្រាប់ការចូលរួមក្នុងកម្មវិធី Cannes Festival 2026 របស់លោក។
ក្នុងឆ្នាំ២០២៤ លោក អូលីវ៉ា គង់បានចូលរួមដើរលើកម្រាលព្រំក្រហម Cannes Festival 2026 ចំនួនពីរថ្ងៃដោយនៅថ្ងៃទី១ លោកបាននាំយកឈុត «រយលានអត្ថន័យ» ជាមួយនឹងឈុតផ្កាដែលមានទម្ងន់ ៣០គីឡូ។ នៅថ្ងៃទី២ លោកបាននាំយកឈុត «សមរាត្រីបរមវិស្ណុលោក»។ គួរឱ្យដឹងថានៅក្នុងឆ្នាំ២០២៤ គឺជាឆ្នាំមួយដែលសិល្បករ សិល្បការិនី ខ្មែរជាច្រើនរូបបានចូលរួមក្នុងកម្មវិធីដ៏ធំនេះ៕










