តារាចម្រៀង NPN ដែលមានឈ្មោះពិតថា នីន ផាន់នី ស្រាប់តែបង្ហាញអារម្មណ៍របស់ខ្លួនថាទទួលបានភាពកក់ក្តៅពីអ្នកគាំទ្រ មិត្តសិល្បៈ រៀមច្បងទាំងក្នុងនិងក្រៅសិល្បៈដែលតែងជួយប្រាប់កែតម្រូវចាប់តាំងពីលោកបោះជំហានចូលវិថីសិល្បៈ។ ការបង្ហាញនេះធ្វើឡើងក្រោយពី NPN បោះសម្តីថា «អ្នកសិល្បៈនៅខ្មែរកើតខុស Map»។ ការលើកឡើងរបស់ NPN ក៏ជំរុញឱ្យតារាចម្រៀង ណូលី ចេញមកបង្ហាញចំណាប់អារម្មណ៍លើវិថីសិល្បៈដែលបច្ចុប្បន្នមាននិន្នាការទៅខាងវិស័យហ៊ីបហប ស្របពេលបច្ចេក AI កាន់តែវាយលុកខ្លាំង។
បន្ទាប់ពីបង្ហាញអារម្មណ៍ខាងលើនេះម្ចាស់បទ «កូនកាត់បីសាសន៍» ស្រាប់តែបង្ហាញថាតាំងពីលោកចូលសិល្បៈមកលោកទទួលបានភាពកក់ក្តៅនិងអារម្មណ៍ល្អពីអ្នកគាំទ្រនិងអ្នកនៅក្នុងចង្កោមសិល្បៈ។ នៅល្ងាចថ្ងៃទី១៣ ខែឧសភា NPN បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «តាំងពីខ្ញុំចូលសិល្បៈមកខ្ញុំទទួលបានអារម្មណ៍ល្អ និង ទទួលបានអារម្មណ៍កក់ក្តៅខ្លាំងណាស់ ពី អ្នកគាំទ្រ និង មិត្តភក្តិនៅក្នុងសិល្បៈ ហើយនិងបងៗនៅក្រៅនិងក្នុងសិល្បៈដែលតែងជួយប្រាប់និងកែតម្រូវផ្លូវខ្ញុំ»។
តារាចម្រៀងមានដើមកំណើតមកពីខេត្តកំពង់ធំរូបនេះបានចាត់ទុកខ្លួនឯងថាមានសំណាងណាស់ព្រោះទទួលបានការផ្តល់កម្លាំងចិត្តទាំងនៅគ្រាលំបាកនិងសប្បាយ ហើយនេះគឺជាចំណែកមួយដ៏ធំដែលធ្វើឱ្យលោកមានកម្លាំងទៅមុខបន្តទៀត។
គួរឱ្យដឹងថាមុននឹងបោះជំហានចូលអាជីពសិល្បៈ NPN មិត្តភក្តិស្និទ្ធស្នាលរបស់តារាចម្រៀង ទេព ពិសិដ្ឋ ធ្លាប់ជាកម្មករចំណាកស្រុក ធ្លាប់ធ្វើជាជាងភ្លើង។ មានមនុស្សជាច្រើនរួមទាំងឪពុករបស់ NPN ផ្ទាល់មិនបានរំពឹងទុកថាលោកនឹងក្លាយជាអ្នកសិល្បៈផ្លាស់ប្តូរវាសនាខ្លួនឯងបាននោះទេ ប៉ុន្តែជោគវាសនា NPN ជាអ្នកកំណត់ខ្លួនឯងរហូតលោកអាចឈរជើងនៅលើអាជីពមួយនេះដែលកំពុងមានការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ៕










