រដូវកាលស្វាយចូលមកដល់ ជឿជាក់ថាលោកអ្នកច្បាស់ជាធុញទ្រាន់នឹងការញុាំបែបដដែលៗ ជាពិសេសគឺស្វាយទុំតែម្ដង។ តាមពិតទៅស្វាយទុំមិនត្រឹមតែមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារធាតុចញ្ចឹមសំខាន់ៗដល់រាងកាយទៀតផង ដែលគេប្រដូចវាជាស្ដេចផ្លែឈើ។ ស្វាយទុំសម្បូរទៅដោយវីតាមីន C និង A ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជំនួយភ្លែក ស្បែក និងសក់ កាត់បន្ថយជាតិកូឡេស្តេរ៉ល ថែមទាំងមានជាតិសរសៃ ដែលសម្រួលដល់ការបន្ទោរបង់។ ជាពិសេស វាមានសារធាតុ Polyphenols ជួយបង្ការការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។

ដូច្នេះជំនួសឲ្យការបោះវាចោល អ្នកគួរមកសាកល្បងវិធីសាស្ត្រងាយៗក្នុងការច្នៃស្វាយទុំឱ្យក្លាយជាអាហារសម្រន់ បង្អែម និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ដែលអាចរក្សាទុកបានយូរ និងកាត់បន្ថយការខ្ជះខ្ជាយបានមួយកម្រិតផងដែរ ដូចខាងក្រោមនេះ៖
១. ដំណាប់ស្វាយបន្ទះសម្រាប់ទុកញ៉ាំបានយូរ៖
ដំណាប់ស្វាយបន្ទះគឺជាជម្រើសទីមួយសម្រាប់ប្រជាជនខ្មែរយើង។ លោកអ្នកគ្រាន់តែយកសាច់ស្វាយមកកិនឱ្យម៉ដ្ត រួចយកទៅរំងាស់លើភ្លើងបន្តិចដើម្បីឱ្យស្រកទឹក បន្ទាប់មកចាក់រាយលើថាស ឬស្លឹកចេកឱ្យស្ដើងៗ រួចយកទៅហាលថ្ងៃឱ្យស្ងួត។ វិធីនេះមិនត្រឹមតែជួយរក្សាទុកស្វាយបានរាប់ខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាចំណីសម្រន់ដ៏មានរសជាតិផ្អែមដិត និងស្វិតឆ្ងាញ់ទៀតផង។.jpg)
២. ដំណាប់ស្វាយសម្រាប់លាបនំបុ័ង៖
ប្រសិនបើអ្នកចូលចិត្តអាហារពេលព្រឹកជាមួយនំបុ័ង ការធ្វើដំណាប់ស្វាយគឺជាគំនិតដ៏ឆ្លាតវៃ។ ដោយគ្រាន់តែរំងាស់សាច់ស្វាយជាមួយស្ករស និងបន្ថែមទឹកក្រូចឆ្មារបន្តិចដើម្បីឱ្យមានរសជាតិជូរអែម និងជួយរក្សាពណ៌ស្វាយឱ្យនៅស្រស់។ រំងាស់រហូតដល់សាច់ស្វាយឡើងខាប់ស្អិត រួចច្រកចូលក្នុងកែវទុកក្នុងទូរទឹកកកសម្រាប់ប្រើប្រាស់ជំនួសឱ្យប័រដែលទិញពីផ្សារ។
៣. ច្នៃធ្វើជាទឹកស្វាយក្រឡុក៖
ស្វាយដែលទុំជោរមានក្លិនក្រអូបឈ្ងុយខ្លាំងជាងស្វាយទុំធម្មតា ដែលស័ក្តិសមបំផុតសម្រាប់ធ្វើជាភេសជ្ជៈ។ លោកអ្នកអាចចិតសាច់ស្វាយដាក់ក្នុងប្រអប់ រួចក្លាសេក្នុងកន្លែងកកឱ្យកក រួចសឹមយកមកក្រឡុកជាមួយទឹកដោះគោ ឬយ៉ាអួ។ ការប្រើស្វាយកកនឹងធ្វើឱ្យភេសជ្ជៈរបស់អ្នកមានភាពខាប់ (Creamy) និងត្រជាក់ដោយមិនបាច់ប្រើទឹកកកច្រើនដែលនាំឱ្យបាត់បង់រសជាតិដើម។
៤. ធ្វើការ៉េមស្វាយបែបធម្មជាតិ៖
សម្រាប់អ្នកដែលស្រឡាញ់សុខភាព លោកអ្នកអាចយកសាច់ស្វាយដែលកិនម៉ដ្តទៅលាយជាមួយទឹកក្រូចឆ្មារបន្តិច រួចដាក់ក្នុងទូរទឹកកកឱ្យកក ក្លាយជាការ៉េមបែប Sorbet។ វាជាបង្អែមដ៏ឆ្ងាញ់ត្រជាក់ចិត្ត និងមានជាតិស្ករធម្មជាតិពីផ្លែឈើពិតៗ គ្មានសារធាតុរក្សាទុកយូរ ដែលផ្តល់ទាំងភាពស្រស់ស្រាយ និងអត្ថប្រយោជន៍ដល់រាងកាយ។
៥. យកធ្វើនំប៉័ង និងនំខេក៖
សាច់ស្វាយទុំជោរអាចយកទៅប្រើប្រាស់ជំនួសចេកទុំក្នុងការធ្វើនំបុ័ង (Mango Bread) ឬធ្វើជាសាច់នំខេកបាន។ ដោយសារសាច់ស្វាយទុំមានភាពទន់ខ្លាំង វាងាយស្រួលក្នុងការលាយជាមួយម្សៅនំ ដែលធ្វើឱ្យនំមានសំណើមល្អ និងមានក្លិនក្រអូបឈ្ងុយឈ្ងប់ចេញពីក្នុងសាច់នំតែម្តង៕.jpg)










