រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់សមាគមន៍អាស៊ានដោយបើកចំហថាមានការរើសអើង និងចោទប្រកាន់សមាជិកទាំងអស់របស់អាស៊ានថាបក្ខពួកនិយម បន្ទាប់ពីមេដឹកនាំរបស់ខ្លួនត្រូវបានអាស៊ានហាមប្រាមមិនឲ្យចូលរួមពីកិច្ចប្រជុំកម្រិតខ្ពស់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងសេប៊ូ បើទោះមីយ៉ាន់ម៉ាមានការបោះឆ្នោត និងជ្រើសរើសរដ្ឋាភិបាលស៊ីវិលថ្មីហើយក៏ដោយ។
.jpg)
យោងសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា មីយ៉ាន់ម៉ាបានអះអាងពីការទទួលរងនូវចំណាត់ការរើសអើងពីសំណាក់ប្លុកអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនបានបង្ហាញឲ្យឃើញថា អាស៊ាននៅបន្តរក្សាទុកប្រទេសមីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅដដែល ទោះការដឹកនាំនៃរបបយោធាត្រូវបានកន្លងផុតក៏ដោយ។ .jpg)
សូមជម្រាបថា អាស៊ានបានដាក់បម្រាមមិនឱ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូល ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី ហើយចាប់ឃុំខ្លួនលោកស្រី និងបង្កឱ្យផ្ទុះជាសង្រ្គាមស៉ីវិល មកទល់សព្វថ្ងៃ។
ក្រោយអនុវត្តច្បាប់អាជ្ញាសឹកអស់រយៈពេល៥ឆ្នាំ របបសឹកបានរៀបចំការបោះឆ្នោតសកល ដែលត្រូវបានរឹតត្បិតជាខ្លាំង ហើយជាលទ្ធផលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីដើមឆ្នាំនេះ និងកាលពីខែមុន អតីតប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បានឡើងកាន់តំណែងជាប្រធានាធិបតីស៉ីវិល។
នៅឯកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានក្នុងប្រទេសហ្វីលីពីន កាលពីសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានលើកឡើងថា វាហាក់ដូចជាគ្នាវឌ្ឍនភាពអ្វីទាល់តែសោះនៅមីយ៉ាន់ម៉ា។ ជាការឆ្លើយតប ក្រសួងការបរទេសមីយ៉ាន់ម៉ា នាពេលនេះ បានចេញសេចក្តីថ្លែងការណ៍ថា វាមិនដូច្នោះទេ ផ្ទុយទៅវិញការវិវត្តវិជ្ជមានបាននិងកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកអាស៊ានភាគច្រើន។.jpg)
យ៉ាងណាមិញ មីយ៉ាន់ម៉ាបានបន្ថែមថា «ទោះបែបនេះក្តី មានការសង្កេតឃើញថា រដ្ឋជាសមាជិកមួយចំនួនតូច បន្តរក្សាការរឹតត្បិត ចំណាត់ការរើសអើង និងការហាមរដ្ឋាភិបាលមីយ៉ាន់ម៉ា ចេញពីការចូលរួមតំណាងដោយស្មើភាព»។ ក្នុងកិច្ចប្រជុំនៅហ្វីលីពីន រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា មីយ៉ាន់ម៉ាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីអាចត្រឡប់មកអង្គុយនៅតុប្រជុំវិញទេ ដោយសារតែការប្រព្រឹត្តអំពើឃោរឃៅ ចំពោះពលរដ្ឋខ្លួនឯង នៅតែកំពុងបន្តកើតមាន។ ប្រទេសដូចជាឥណ្ឌូណេស៉ី ព្រមទាំងសិង្ហបុរី ដែលនឹងក្លាយជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ ត្រូវបានជឿថា ប្រកាន់ជំហរដូចម៉ាឡេស៉ី។.jpg)
ក្រសួងការបរទេសមីយ៉ាន់ម៉ា បានលើកឡើងដូច្នេះថា «ការធ្វើប្រាស្រ័យទាក់ទងមិនមានលក្ខណៈស្ថាបនា ជាមួយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា នឹងជាការពង្រើយកន្តើយចំពោះឆន្ទៈស្មោះត្រង់របស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ រយៈពេល៥ឆ្នាំមកនេះ ទោះប្រឈមទង្វើមិនស្មើភាពចេញមកពីគោលជំហររបស់រដ្ឋសមាជិកអាស៊ានមួយចំនួនក៏ដោយ មីយ៉ាន់ម៉ាបានព្យាយាមអត់ធ្មត់។ គួរបញ្ជាក់ថា ដោយមិនបានលើកឡើងឈ្មោះប្រទេសណាមួយចំៗ មីយ៉ាន់ម៉ាក៏បានចោទប្រកាន់ប្រទេសមួយចំនួន អំពីទង្វើលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការរិះគន់និងការដាក់សម្ពាធផងដែរ៕










