តារាចម្រៀង ថេណា កំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោកដែលទស្សនិកជនពុំធ្លាប់ឃើញពីមុន។ តារាចម្រៀងរូបនេះបានបង្ហើបថាស្នាដៃមួយនេះគឺជាបទបែបខ្មែរនិងសង្ឃឹមថាវានឹងក្លាយជាបទអមតៈរបស់លោកផ្ទាល់។
ថេណា គឺជាតារាចម្រៀង Original Song មួយរូបដែលទទួលបាននូវការស្រលាញ់ចូលចិត្តច្រើនពីទស្សនិកជនជាពិសេសគឺហ្វេនៗជានារីតែម្តង។ មានដើមកំណើតនៅខេត្តកោះកុង ថេណា គឺជាតារាចម្រៀងម្នាក់ដែលមិនរស់នៅក្នុងទីក្រុងឡើយ ពោលគឺលោកសុខចិត្តធ្វើដំណើរឆ្លងខេត្តនៅពេលមានកម្មវិធីម្តងៗ។ ភាពទាក់ទាញរបស់ ថេណា មិនត្រឹមតែមានបទចម្រៀងល្បីៗឈរនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ក្តោបឱកាសក្លាយជា BA របស់ក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ម្ចាស់បទ «៧២ម៉ោង» ស្រាប់តែធ្វើឱ្យអ្នកគាំទ្រផ្ទុះការការចាប់អារម្មណ៍ភ្លាមៗនៅពេលលោកបង្ហើបដំណឹងដ៏រំភើបមួយចំពោះស្នាដៃថ្មីដែលត្រៀមបង្ហាញក្នុងពេលខាងមុខនេះ។ នៅយប់ថ្ងៃទី៥ ខែឧសភា តារាចម្រៀង ថេណា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំទើបតែបញ្ចប់ចម្រៀងបែបខ្មែរមួយបទដែលខ្ញុំគិតថាជាមួយបទដែលពិសេសមួយដែលខ្ញុំមិនធ្លាប់ធ្វើ បទនេះអាចធ្វើឱ្យខ្ញុំស្រមើស្រមៃអណ្ដែតអណ្ដូងខ្លាំង ខ្ញុំសង្ឃឹមថាបទនេះជាបទដែលអមតៈរបស់ខ្ញុំចុះ បទនេះនឹងចេញឆាប់ៗ»។
ក្រោយពីលោកបង្ហោះសារខាងលើនេះទស្សនិកជនជាអ្នកគាំទ្របានសម្រុកបញ្ចេញមតិយោបល់ជាច្រើនចង់ឱ្យ ថេណា បញ្ចេញស្នាដៃថ្មីនេះឆាប់ៗហើយពួកគេពិតជាទន្ទឹងរង់ចាំយ៉ាងអន្ទះសារនិងចង់ដឹងថាបទបែបខ្មែរនេះមានអត្ថន័យឆ្លុះបញ្ចាំងពីអ្វីទៅ។.png)
គួរឱ្យដឹងថាបទល្បីៗរបស់ ថេណា ដែលមានការទទួលស្គាល់ពីទស្សនិកជនយ៉ាងទូលំទូលាយមានដូចជា «លួចស្នេហ៍ដួងច័ន្ទ» «មនុស្សល្អ» «ប្រពន្ធកម្សត់» «ពលី» «ខ្យល់ត្រជាក់» «កង់សាគួរ» «Love Is Singular» រួមទាំងបទល្បីៗជាច្រើនទៀត៕










