រាជធានីភ្នំពេញ៖ ក្រោយពេលទាហានសៀម បានបង្កជម្លោះនៅតាមព្រំដែន និងរំលោភបំពានមកលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាជាបន្ដបន្ទាប់ រហូតធ្វើឲ្យសង្គ្រាមផ្ទុះឡើង ចំនួន២លើក ដោយលើកទី១ចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំពុងតែបង្កអរិភាពបន្ដទៀត ហើយឥឡូវរដ្ឋាភិបាលថៃ បានលុបចោល MOU ២០០១ ទើបរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្ត និងប្រើប្រាស់យន្ដការផ្សះផ្សា ដោយការចាប់បង្ខំ។
សម្ដេចសេនាបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ថា ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ឬមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ នៅក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួន ដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ ឬហៅកាត់ MOU 2001 ឬដែលភាគីថៃ ហៅ MOU44 ។
អស់រយៈពេលជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈ នៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខ័ណ្ឌទ្វេរភាគីតែមួយគត់ ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរ នៅក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាន នៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឲ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
ជាការគួរសោកស្តាយ ដែលភាគីថៃ បានសម្រេចដកខ្លួនជាឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈ នៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឲ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង២ទស្សវត្សន៍កន្លងមកនេះ។
ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជា ការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេស យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើង ក្រោមអនុសញ្ញាមួយនេះឡើយ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរ ថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើង ដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ UNCLOS ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរ អាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕










