សង្ឃឹមថានេះមិនមែនជាឱកាសក្នុងការសម្រុកនាំចេញមកកម្ពុជាទៅចុះ! ទុរេន Ri6 ដែលជាពូជ«ស្ដេចទុរេន»លេខ១របស់វៀតណាម បានធ្លាក់ចុះតម្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត ដោយសល់មិនដល់ ១ដុល្លារផងក្នុងមួយគីឡូក្រាម។ កត្តានេះត្រូវបានគេមើលឃើញថា បណ្ដាលមកពីជ្រៀតចូលទីផ្សាររបស់ទុរេនថៃ និងបញ្ហាការនាំចេញទៅកាន់ទីផ្សារចិន ដោយសារទុរេនវៀតណាមមានផ្ទុកនូវសារធាតុគីមីច្រើនលើសលប់។

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកវៀតណាម VNExpress បានឲ្យដឹងថា នៅដើមរដូវប្រមូលផលផ្លែទុរេន ដែលគេរំពឹងថានឹងលក់បានក្នុងតម្លៃថ្លៃ តម្លៃផ្លែទុរេន Ri6 បែរជាធ្លាក់តម្លៃមកនៅត្រឹមតែ ២០,០០០–៣៥,០០០ ដុង (៣,០០០ – ជាង ៥,០០០រៀល) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ជាមួយនឹងតម្លៃនេះ កសិករវៀតណាមមិនត្រឹមតែមិនចំណេញ ឬរួចថ្លៃដើមនោះទេ ប៉ុន្តែក៏ត្រូវខាតបង់លើថ្លៃជី កម្លាំងពលកម្ម និងថ្នាំកសិកម្មផងដែរ។.jpg)
ការធ្លាក់ចុះយ៉ាងគំហុករបស់ Ri6 នៅពេលនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាបណ្ដាលមកពីការប្រកួតប្រជែងខ្លាំងរបស់ទុរេនថៃ ដែលហូរចូលក្នុងប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពេលដែលប្រជាជនវៀតណាមមានការពេញចិត្តចំពោះពូជទុរេន ម៉ាន់ថង របស់ថៃ ដែលមានសាច់ច្រើន និងគ្រាប់តូចជាងពូជទុរេន Ri6 ដែលដាំដុះនៅក្នុងប្រទេសរបស់ខ្លួន។

កត្តាដែលសំខាន់មួយទៀត គឺប្រទេសចិនដែលជាទីផ្សារធំជាងគេ និងគ្របដណ្ដប់ប្រមាណពី ៩០-៩៧% សម្រាប់ការនាំចេញទុរេនរបស់វៀតណាមត្រូវបានរឹតបន្តឹង ក្រោយអាជ្ញាធរចិនបានត្រួតពិនិត្យឃើញសារធាតុគីមីពណ៌លឿងហាមឃាត់ និងសារធាតុ Cadmium នៅក្នុងផ្លែទុរេនដែលនាំចូលពីវៀតណាម។ ដោយសារតែការដកដង្ហើមតាមច្រមុះរបស់ចិនបែបនេះហើយ ទើបនៅពេលដែលចិន រឹតបន្តឹងគុណភាព នៅច្រកព្រំដែន តម្លៃទុរេននៅក្នុងប្រទេសវៀតណាម (ដូចជា Ri6) ធ្លាក់ចុះភ្លាមៗនិងសល់គពេញចម្ការតែម្តង។.jpg)
បច្ចុប្បន្នអាជ្ញាធរវៀតណាមកំពុងចាត់វិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ រួមមានការរឹតបន្តឹងលើគុណភាពដាំដុះ, ហាមឃាត់កសិករមិនឲ្យប្រើប្រាស់សារធាតុគីមី, ជំរុញប្រជាជនឲ្យគាំទ្រផលិតផលក្នុងស្រុក, សម្របសម្រួលជាមួយគយចិន និងពង្រីកទីផ្សារថ្មីដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែង។
ទោះជាយ៉ាងណាយើងសង្ឃឹមថា ការថយចុះនៃតម្លៃរបស់ទុរេនវៀតណាមនៅទីផ្សារក្នុងស្រុកដូចខាងលើ ពុំមែនជាឱកាសក្នុងការសម្រុកចូលមកកម្ពុជាទៅចុះ ដ្បិតកម្ពុជាយើងក៏មានពូជទុរេនល្អៗ និងកំពុងឈានដល់រដូវការប្រមូលផលឆាប់ៗនេះផងដែរ៕










