ភាពតានតឹងពាណិជ្ជកម្មបានកើតឡើងជាថ្មីរវាងអាមេរិក និងសហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នាដើមខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសជាផ្លូវការនូវផែនការដំឡើងពន្ធរហូតដល់២៥% លើការនាំចូលរថយន្ត រួមទាំងរថយន្តដឹកទំនិញពីសហភាពអឺរ៉ុប ដោយអនុវត្តចាប់ពីខែឧសភា តទៅ ដោយលោកចោទប្រកាន់សហភាពអឺរ៉ុបមិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលកាលនោះអាមេរិកកំណត់ពន្ធត្រឹមតែ១៥% ។ រីឯសហភាពអឺរ៉ុបច្រានចោលការចោទប្រកាន់ និងថា កំពុងអនុវត្តតាមច្បាប់ពាណិជ្ជកម្ម ប៉ុន្តែពួកគេក៏បានត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការតបតវិញដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ។.jpg)
កាលពីថ្ងៃទី១ ខែឧសភា លោកប្រធានាធិបតី Trump បានប្រកាសតាមបណ្តាញសង្គម Truth Social ថា អាមេរិកនឹងដំឡើងពន្ធរថយន្តទាំងអស់ រួមទាំងរថយន្តដឹកទំនិញដែលនាំចូលពីអឺរ៉ុប ស្មើនឹងអត្រា២៥% អនុវត្តចាប់ពីខែឧសភាតទៅ ដោយលោកចោទប្រកាន់សហភាពអឺរ៉ុប (EU) មិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែមិនបញ្ជាក់លម្អិតតើសហភាពអឺរ៉ុបល្មើសកិច្ចព្រមព្រៀងត្រង់ចំណុចណាទេ ។

នៅថ្ងៃដដែល លោកប្រធានាធិបតី Trump បាននិយាយក្នុងកម្មវិធីមួយនៅរដ្ឋផ្លរីដា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជូនដំណឹងទៅអាល្លឺម៉ង់រួចហើយអំពីការដំឡើងពន្ធរថយន្ត ដោយសារអាល្លឺម៉ង់ និងប្រទេសផ្សេងទៀតនៅអឺរ៉ុប មិនអនុវត្តតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ដូចជា ៖ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ គឺក្រុមហ៊ុន Mercedes-Benz និង BMW បានទាញយកប្រយោជន៍ពីពលរដ្ឋអាមេរិក ។

ចំណែកគណៈកម្មការអឺរ៉ុបបានច្រានចោលការចោទប្រកាន់នេះ និងបញ្ជាក់ពីសហភាពអឺរ៉ុបនៅតែគោរពតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ព្រមទាំងជ្រើសយកជម្រើសរបស់ខ្លួនដើម្បីការពារផលប្រយោជន៍តំបន់អឺរ៉ុប ។ តាមការលើកឡើងរបស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប ប្រសិនបើអាមេរិកធ្វើអ្វីផ្ទុយនឹងកិច្ចព្រមព្រៀង ពួកគេនឹងពិចារណាចាត់វិធានការតបតវិញដើម្បីការពារផលប្រយោជន៍សហភាពអឺរ៉ុប ។
.jpg)
សូមរំឭកថា ភាពតានតឹងពាណិជ្ជកម្មជាថ្មីនេះបានកើតឡើងក្នុងពេលវេលាមិនដល់១ឆ្នាំ បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុប បានធ្វើពាណិជ្ជកម្មព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅប្រទេសស្កុតឡេន ដោយកិច្ចព្រមព្រៀងនេះបានកំណត់យកពន្ធលើរថយន្តនិងគ្រឿងបន្លាស់នាំចូលពីអឺរ៉ុប ស្មើត្រឹមតែ១៥% ប៉ុណ្ណោះ ។ កាលពីខែកក្កដា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានត្រៀមវិធានការឆ្លើយតបដោយកំណត់ទំនិញអាមេរិកមួយចំនួន ក្នុងករណីការចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបរាជ័យ ។
បើតាមការព្រមានរបស់អ្នកជំនាញសេដ្ឋកិច្ច វានឹងធ្វើឱ្យតម្លៃរថយន្តថ្មីនៅអាមេរិកកើនឡើងរាប់ពាន់ដុល្លារ ហើយបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មសារជាថ្មីជាមួយសហភាពអឺរ៉ុប ។ បើតាមរបាយការណ៍ពី Reuters គឺការសម្រេចចិត្តនេះធ្វើឡើងស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរវាងអាមេរិក និងសហភាពអឺរ៉ុប លើបញ្ហាផ្សេងៗផងដែរ ៕










