Home ព័ត៌មានអន្តរជាតិ ថៃរកឃើញទីតាំងវេចខ្ចប់ទុរេនខ្ចីទម្ងន់ជាង១តោននៅខេត្តចន្ទបុរី ដែលឈ្មួញបម្រុងនាំចេញទៅក្រៅប្រទេស

ថៃរកឃើញទីតាំងវេចខ្ចប់ទុរេនខ្ចីទម្ងន់ជាង១តោននៅខេត្តចន្ទបុរី ដែលឈ្មួញបម្រុងនាំចេញទៅក្រៅប្រទេស

96
0

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញថៃបានរកឃើញទុរេនខ្ចីទម្ងន់ជាង១តោន (ឬជាង៥០០ផ្លែ) ត្រូវបានក្រុមឈ្មួញវេចខ្ចប់ច្រកឡាំងរួចរាល់ ស្ថិតនៅទីតាំងចំនួន៣កន្លែង ក្នុងខេត្តចន្ទបុរី ដើម្បីត្រៀមបញ្ជូនតាមរថយន្តនាំចេញទៅក្រៅប្រទេស ។ តាមការត្រួតពិនិត្យសាច់ទុរេនម៉នថង គឺមិនស្របតាមស្តង់ដារកំណត់ ដែលក្រុមឈ្មួញបានប្រមូលទិញពីចម្ការទុរេនខូចខាតដោយសារខ្យល់ព្យុះ ហើយមន្ត្រីជំនាញក៏ដាស់តឿនឱ្យក្រុមឈ្មួញនាំចេញទុរេនមានគុណភាពល្អ ប្រសិនបើរកឃើញការលួ.ចនាំចេញទុរេនខ្ចីជាលើកទី២ នឹងដកហូតអាជ្ញាប័ណ្ណ មិនអនុញ្ញាតឱ្យនាំចេញ ចាប់ពី៣០ថ្ងៃ ទៅ៩០ថ្ងៃ និងដកហូតអាជ្ញាប័ណ្ណជារៀងរហូត ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញបានចុះឆែកឆេរទីតាំងវេចខ្ចប់ទុរេន ចំនួន៣កន្លែង នៅខេត្តចន្ទបុរី ដែលមានចំនួនសរុបស្មើ៣៥០ឡាំង (ទម្ងន់ជាង៧តោន) ដែលក្រុមឈ្មួញកំពុងត្រៀមបញ្ជូនតាមរថយន្តដើម្បីនាំចេញទៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមទុរេនទាំងនេះ មន្ត្រីជំនាញរកឃើញទុរេនខ្ចីរហូតដល់ជាង១តោន (ឬជាង៥០០ផ្លែ) ។ បន្ទាប់មក មន្ត្រីជំនាញក៏បញ្ជាឱ្យឈ្មួញរើទុរេនទាំងអស់ចេញពីឡាំង និងហាមមិនឱ្យនាំចេញទៅក្រៅប្រទេស នាំឱ្យខូចកេរ្តិ៍ឈ្មោះទុរេនថៃ ។

មន្ត្រីជំនាញដែលបានចុះត្រួតពិនិត្យទីតាំងវេចខ្ចប់ទុរេននៅខេត្តចន្ទបុរី ឱ្យដឹងថា ទុរេនខ្ចី ទុរេនគ្មានគុណភាព និងទុរេនខូចខាតដោយសារខ្យល់ព្យុះ មានទម្ងន់ជាង១តោន ត្រូវបានក្រុមឈ្មួញត្រៀមនាំចេញទៅលក់នៅក្រៅប្រទេសដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះទុរេនថៃ ស្របពេលបច្ចុប្បន្ន ចិនបដិសេធការនាំចូលទុរេនថៃ ដោយសារផ្ទុកសារធាតុគីមីច្រើនប៉ះពាល់សុខភាពអ្នកបរិភោគ ។

ទីតាំងវេចខ្ចប់ទុរេនគ្មានគុណភាព គឺស្ថិតនៅឃុំថុងបេនចា ស្រុកថាម៉ៃ ចំនួន២កន្លែង និងទីតាំង១កន្លែងទៀត ស្ថិតនៅឃុំស៊ែលុង ស្រុកមឿងចន្ទបុរី ខេត្តចន្ទបុរី ។ សាច់ទុរេនម៉ុនថងភាគច្រើនគ្មានស្តង់ដារ ទើបមន្ត្រីជំនាញបញ្ជាឱ្យក្រុមឈ្មួញរើទុរេនចេញពីឡាំងទាំង៣៥០ឡាំង ។ ក្នុងចំណោមទុរេនទាំងនេះ ក្នុងនោះទុរេនគ្មានគុណភាព គឺស្មើរហូតដល់ជាង១តោន (ឬជាង៥០០ផ្លែ) ទើបមន្ត្រីជំនាញឱ្យឈ្មួញបាញ់ថ្នាំពណ៌សម្គាល់ថា «ជាទុរេនគ្មានគុណភាព» ដើម្បីកុំឱ្យលាយឡំជាមួយទុរេនផ្សេងទៀត ។

មន្ត្រីជំនាញបានដាស់តឿនឱ្យក្រុមឈ្មួញនាំចេញទុរេនមានគុណភាពល្អទៅក្រៅប្រទេស ប្រសិនបើរកឃើញថា ក្រុមឈ្មួញលួចនាំចេញទុរេនខ្ចីគ្មានគុណភាពជាលើកទី២ គឺនឹងដកហូតអាជ្ញាប័ណ្ណនាំចេញ (ដោយមិនអនុញ្ញាតឱ្យនាំចេញទុរេន ចាប់ពី៣០ថ្ងៃ ទៅ៩០ថ្ងៃ) និងពិចារណាដកហូតអាជ្ញាប័ណ្ណជារៀងរហូត ។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៥ មន្ត្រីជំនាញថៃក៏ធ្លាប់រកឃើញទីតាំងលួចលាក់នាំចេញទុរេនខ្ចីពីខេត្តចន្ទបុរីទៅក្រៅប្រទេសដែរ ប៉ុន្តែសកម្មភាពនេះនៅតែកើតមានឡើងរហូតមក ។ បច្ចុប្បន្ន ទុរេនគ្មានគុណភាពនៅប្រទេសថៃត្រូវបានដាក់លក់ក្នុងតម្លៃថោកៗដើម្បីបញ្ចេញពីស្តុក ថៃកំពុងមានបញ្ហាទុរេនលើសតម្រូវការយ៉ាងខ្លាំងដោយសារចិនដែលជាទីផ្សារនាំចេញដ៏ធំ រឹតបន្តឹងការនាំចូល ទើបក្រសួងពាណិជ្ជកម្មថៃហៅ Influencer ល្បីមកជួយលក់ទុរេនតាមអនឡាញក្នុងតម្លៃឡៃឡុង ។

ទុរេនលើសតម្រូវការនៅថៃកើតឡើងស្របពេលគយចិនបានរាយការណ៍ពីការរកឃើញសារធាតុ Basic Yellow 2 (BY2) ដែលអង្គការសុខភាពពិភពលោក ចាត់ទុកជាសារធាតុបង្កជំងឺមហារីកក្នុងទុរេនថៃ ហើយចិនកំណត់ឱ្យការនាំចេញទុរេនទាំងអស់របស់ថៃ ត្រូវតែមានឯកសារបញ្ជាក់ច្បាស់លាស់ថា គ្មានសារធាតុ BY2 និងសារធាតុ Cadmium ៕