Home ព័ត៌មានអន្តរជាតិ សភាពាណិជ្ជកម្មថៃជំរុញឱ្យរដ្ឋាភិបាលខ្លួនឆាប់បន្តសុពលភាពប័ណ្ណការងារពលករកម្ពុជា និងពលករប្រទេសផ្សេងៗ

សភាពាណិជ្ជកម្មថៃជំរុញឱ្យរដ្ឋាភិបាលខ្លួនឆាប់បន្តសុពលភាពប័ណ្ណការងារពលករកម្ពុជា និងពលករប្រទេសផ្សេងៗ

87
0

កង្វះខាតពលករបរទេសធ្វើការនៅប្រទេសថៃ នៅតែជាបញ្ហាប្រឈមមួយដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul គ្មានដំណោះស្រាយ ខណៈពលករបរទេសបានរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចថៃឱ្យដើរទៅមុខ ។ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រធានសភាពាណិជ្ជកម្មថៃជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនបន្តសុពលភាពប័ណ្ណការងារឱ្យពលករកម្ពុជា និងពលករមកពីប្រទេសផ្សេងៗជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម និងកុំឱ្យប៉ះពាល់ដល់ការកំណត់គោលដៅកំណើនសេដ្ឋកិច្ច ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២៨ ខែមេសា ប្រធានសភាពាណិជ្ជកម្មបានលើកឡើងពីប្រទេសថៃប្រឈមមុខនឹងកង្វះខាតពលករបរទេសយ៉ាងខ្លាំងបណ្តាលឱ្យប៉ះពាល់គ្រប់វិស័យ ស្របពេលចំនួនពលរដ្ឋថៃធ្លាក់ចុះប៉ះពាល់ដល់កម្លាំងពលកម្មនៅទូទាំងប្រទេស ។ ក្រៅពីនេះ ថៃរងផលប៉ះពាល់ពីស្ថានការណ៍សេដ្ឋកិច្ចពិភពលោកតាំងពីឆ្នាំ២០២៥ រួមទាំងវិធានការដំឡើងពន្ធទំនិញ គ្មានភ្ញៀវទេសចរ កាន់តែធ្វើឱ្យប្រទេសថៃប៉ះពាល់ខ្លាំងថែមទៀត ។

ប្រធានសភាពាណិជ្ជកម្ម លោក ផុច អារ៉ាមវឌ្ឍនាណុន (Poj Aramwattananont) និយាយថា ម្ចាស់អាជីវកម្មនៅទូទាំងប្រទេសថៃបាននិយាយដូចៗគ្នាអំពីការខ្វះខាតពលករបរទេសយ៉ាងខ្លាំង គឺពលករកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ដែលពួកគេជាកម្លាំងដ៏សំខាន់ធ្វើការក្នុងផ្នែកផលិត កសិកម្ម សំណង់ និងសេវាកកម្ម ។ អាជីវកម្មនៅភាគខាងកើតប្រទេស ដូចជា ៖ នៅខេត្តចន្ទបុរី រ៉ាក់យ៉ង ស្រះកែវ ប្រាជីនបុរី និងត្រាត ខ្វះខាតពលករបរទេសខ្លាំងជាងគេ នាំឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការផលិត សេវាកម្ម និងការប្រកួតប្រជែងរបស់ថៃ ។

ពលករបរទេសជាច្រើនជិតដល់ពេលអស់សុពលភាពប័ណ្ណការងារ ពួកគេបានចាកចេញពីប្រទេសថៃជាបន្តបន្ទាប់ ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការដោះស្រាយភ្លាមៗទេ វានឹងប៉ះពាល់ដល់អាជីវកម្មថៃដែលពឹងផ្អែកខ្លាំងលើពលករបរទេស ជាពិសេស វិស័យសំណង់ កសិកម្ម (រួមទាំងការងារបេះផ្លែឈើតាមរដូវកាល) និងសេវាកម្ម ដែលសុទ្ធតែជាវិស័យសំខាន់ៗជួយជំរុញសេដ្ឋកិច្ចថៃ ។

ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ប្រធានសភាពាណិជ្ជកម្មស្នើឱ្យរដ្ឋាភិបាលថៃបន្តសុពលភាពប័ណ្ណការងារដល់ពលករកម្ពុជា និងពលករមកពីប្រទេសផ្សេងៗជាបន្ទាន់ ។ គណៈកម្មការចម្រុះនៃវិស័យឯកជនបានបញ្ជូនសំណើបន្ទាន់ទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ លោក Julapun Amornvivat រួចរាល់ហើយ ដោយសង្ឃឹមថា ក្រសួងការងារនឹងសហការជាមួយរដ្ឋាភិបាល និងវិស័យឯកជន កំណត់វិធានការបន្ទាន់កុំឱ្យពលករបរទេសចាកចេញ ក៏ដូចជាពន្លឿនវិធានការគ្រប់គ្រងពលករបរទេសរយៈពេលវែង ដោយពិចារណាពីសេដ្ឋកិច្ច-សង្គម ។

ប្រសិនបើរដ្ឋាភិបាលថៃមិនប្រញាប់កំណត់វិធានការ ឬមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម វានឹងប៉ះពាល់ដល់ការកំណត់គោលដៅកំណើនសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសថៃក្នុងរយៈពេលវែង ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចថៃអាចដើរទៅមុខបានក៏ដោយសារការពឹងផ្អែកយ៉ាងខ្លាំងលើពលករបរទេសធ្វើការក្នុងវិស័យជាច្រើន ខណៈប្រទេសថៃខ្វះខាតកម្លាំង បន្ទាប់ពីចំនួនពលរដ្ឋធ្លាក់ចុះ និងមនុស្សចាស់កើនឡើង ។

នៅត្រីមាសទី១ ឆ្នាំ២០២៦ ចំនួនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានថយចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុនៗ ដោយសារស្ថានការណ៍ជម្លោះព្រំដែនដែលកើតឡើងកាលពីឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៦ គឺមានពលករកម្ពុជាប្រមាណ ៣០ម៉ឺននាក់ ដែលកំពុងបន្តស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ៕