យោងតាមប្រសាសន៍របស់សម្ដេចធិបតី យុវជនដែលនឹងត្រូវចូលបំពេញកាតព្វកិច្ចយោធារបស់កម្ពុជា អាចមានរហូតដល់ ៣០ម៉ឺននាក់ក្នុង១ឆ្នាំ ប៉ុន្តែការជ្រើសរើសមិនមែនកំណត់យកយុវជនទាំងអស់ក្នុងពេលតែមួយឡើយ។
.jpg)
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ កម្ពុជាមានយុវជនប្រមាណជាង៣០ម៉ឺននាក់ដែលឈានដល់អាយុ១៨ឆ្នាំ និងអាចស្ថិតក្រោមច្បាប់កាតព្វកិច្ចយោធា។ ដូច្នេះរដ្ឋាភិបាលមិនអាចរើសយកម្តងទាំងអស់បាននោះទេ ពីព្រោះវាចំណាយច្រើន និងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេឡើយ ។
.jpg)
ក្រៅពីលើកឡើងពាក់ព័ន្ធនឹងចំនួនយុវជនដែលត្រៀមនឹងចូលបំពេញកាតព្វកិច្ចយោធាដូចខាងលើនេះ សម្ដេចធិបតីក៏បានលើកឡើងពីវិធីសាស្រ្តកេណ្ឌពលទាហានថ្មីៗផងដែរថា រដ្ឋាភិបាលកំពុងពិចារណាក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាទាំងស្ម័គ្រចិត្តនិងចាប់បង្ខំ។ ដោយជាជំហានដំបូងរដ្ឋាភិបាលនឹងអនុវត្តនីតិវិធីតាមរូបមន្តស្ម័គ្រចិត្ត ប៉ុន្តែក្នុងករណីដែលចំនួនអ្នកស្ម័គ្រចិត្តមិនគ្រប់គ្រាន់ រដ្ឋាភិបាលនឹងអនុវត្តវិធានការចាប់បង្ខំវិញម្ដង ដើម្បីបំពេញចន្លោះតម្រូវការកងទ័ព។.jpg)
ក្នុងន័យនេះបើតាមការពន្យល់របស់នាយករដ្ឋមន្រ្តី ការអនុវត្តច្បាប់កាតព្វកិច្ចយោធាមិនត្រឹមតែមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែអាចផ្ដល់ផលប្រយោជន៍យ៉ាងទូលំទូលាយដល់សង្គម។ តាមច្បាប់កាតព្វកិច្ចនេះ យុវជនដែលបានឆ្លងកាត់ការហ្វឹកហាត់ក្នុងជួរកងទ័ពរយៈពេលពីរឆ្នាំតាមបទប្បញ្ញត្តិច្បាប់នឹងបានទទួលវិន័យ សីលធម៌ និងភាពទទួលខុសត្រូវ ដែលអាចជួយកាត់បន្ថយបញ្ហាយុវជនទំនើងក្នុងសង្គម។
ក្នុងនោះផងដែរ សម្រាប់អ្នកដែលបានហ្វឹកហាត់រួចរាល់ ទោះបីជាមិនត្រូវបានជ្រើសរើសឱ្យធ្វើកងទ័ព ប៉ុន្តែពួកគាត់បានក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ។
សូមជម្រាបថា បច្ចុប្បន្នសេចក្ដីព្រាងច្បាប់ស្ដីពីការបំពេញកាតព្វកិច្ចយោធា ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅសភារួចរាល់ដើម្បីត្រួតពិនិត្យ ក្រោយទទួលបានការអនុម័តដោយគណៈរដ្ឋមន្ត្រី។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំតាមការកំណត់នៃច្បាប់ ខណៈស្ត្រីអាចចូលរួមតាមការស្ម័គ្រចិត្ត៕










