លេខមួយខាងយកមុខ! រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានរៀបរាប់ប្រាប់ប្រមុខការទូតចិន លោក វ៉ាង យី យ៉ាងដូច្នេះថា៖ ភាគីថៃត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយកម្ពុជា ប៉ុន្តែលុះត្រាតែកម្ពុជាបង្ហាញភាពស្មោះត្រង់, កសាងទំនុកចិត្តល្អ និងសន្យាថានឹងដោះស្រាយបញ្ហាព្រំដែនតែរវាងទ្វេភាគីជាមួយថៃជាមុនសិន នោះទើបការចរចាអាចប្រព្រឹត្តទៅបាន។

ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រមុខការទូត តំណាងបក្សកុម្មុយនិស្តចិន កាលពីយប់ថ្ងៃទី២៤ ខែមេសានេះ លោក ស៊ីហាសាក់ ភួងកេតកែវ បានលើកឡើងថា៖ គោលនយោបាយរបស់ប្រទេសថៃ គឺរួមរស់ជាមួយប្រទេសជិតខាងក្នុងសន្តិភាព និងសន្តិសុខ ហើយនឹងមិនច្រានចោលឡើយនូវការចរចាដើម្បីបញ្ចប់បញ្ហាជាមួយកម្ពុជា។ ទោះជា លោក ស៊ីហាសាក់ បានគូសបញ្ជាក់ថា នៅក្នុងការចរចាទាំងនេះ ភាពស្មោះត្រង់ និងការកសាងទំនុកចិត្ត គឺជារឿងសំខាន់បំផុត។ 
តាមសម្ដីរបស់លោក ស៊ីហាសាក់ បញ្ហាទ្វេភាគីត្រូវតែដោះស្រាយតាមរយៈការចរចាទ្វេភាគី។ ដូច្នេះ ប្រសិនបើកម្ពុជាពិតជាស្មោះត្រង់ចំពោះវិធីសាស្រ្តនេះ នោះការចរចាបែបនេះគួរតែត្រូវបានបន្ត។ មិនគួរដាក់សម្ពាធលើប្រទេសថៃទេ ហើយខ្ញុំជឿថា ការចរចានឹងរីកចម្រើនបន្តិចម្តងៗ។ បន្ថែមលើនោះ រដ្ឋមន្រ្តីការបរទេសថៃរូបនេះថែមអះអាងទៀតថា ភាគីចិនក៏មិនយល់ស្របនឹងការនាំយកបញ្ហាទ្វេភាគីមកដោះស្រាយលើឆាកអន្តរជាតិដែរ។

គួរជម្រាបថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសថៃដូចខាងលើនេះ ប្រៀបបាននឹងការនិយាយជាន់ពន្លិចអ្នកដទៃដើម្បីយកល្អខ្លួនឯង ទាំងដែលជាក់ស្ដែង ភាគីថៃខ្លួនឯងសម្រេចចិត្តលុបចោល MOU ២០០១ ជាឯកតោភាគី ដោយមិនសួរយោបល់ពីកម្ពុជា ឬភាគីណាមួយឡើយ បើទោះជាអនុស្សារណៈនេះត្រូវបានចុះហត្ថលេខានៅក្រោមច្បាប់អន្តរជាតិក៏ដោយ។

សកម្មភាពហែកចោលកិច្ចព្រមព្រៀងរួមតែម្នាក់ឯងរបស់ថៃដូចខាងលើនេះ អាចចាត់ទុកបានថាជាការរំលោភលើច្បាប់អន្តរជាតិ បំផ្លា.ញទំនុកចិត្តរវាងប្រទេសទាំងពីរ និងបង្កជាឧបសគ្គដ៏ធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ជាពិសេសក្នុងវិស័យប្រេង និងឧស្ម័ន ដែលមានតម្លៃរាប់ពាន់លានដុល្លារ។.jpg)
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា វាជារឿងដែល “គួរឱ្យសោកស្តាយបំផុត” ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគី។ សម្រាប់កម្ពុជា MOU 2001 នៅតែមានសុពលភាពផ្លូវច្បាប់ពេញលេញ រហូតទាល់តែគោលបំណងនៃកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចជាស្ថាពរ។
សម្រាប់កម្ពុជា គឺនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕










