មន្ត្រីអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា មនុស្សនៅលើពិភពលោក រហូតដល់ជាង៣០លាននាក់ នឹងធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ បើទោះជាសង្គ្រា.មនៅមជ្ឈិមបូព៌ានឹងបញ្ចប់ឆាប់ៗក៏ដោយ ហើយពិភពលោកនឹងប្រឈមបញ្ហាកង្វះខាតស្បៀងអាហារយ៉ាងខ្លាំងនាប៉ុន្មានខែមុខ ដោយសារទិន្នផលដំណាំនៅប្រទេសនានាធ្លាក់ចុះ បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz រាំងស្ទះដល់ការដឹកជញ្ជូនជីកសិកម្ម ។

បើតាមលោក Alexander De Croo មន្ត្រីគម្រោងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងជាអតីតនាយករដ្ឋមន្ត្រីបែលហ្សិក បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃទី២៣ ខែមេសា គឺមនុស្សជាង៣០លាននាក់នៅទូទាំងពិភពលោក នឹងធ្លាក់ក្នុងស្ថានភាពក្រីក្រ ខ្វះខាតស្បៀងអាហារ ទោះជាស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ានឹងបញ្ចប់ឆាប់ៗក្តី ។
ប្រទេសនានាកំពុងតែបាត់បង់ផលិតផលក្នុងស្រុកសរុប (GDP) ចាប់ពី០.៥% រហូតដល់០.៨% ជាពិសេស ប្រទេសដែលងាយរងផលប៉ះពាល់ ហើយមនុស្សចំនួន៣២លាននាក់នឹងរស់នៅក្នុងភាពតោកយ៉ាក ។ ប្រាក់ដែលមនុស្សលើពិភពលោក បានផ្ញើទៅឱ្យក្រុមគ្រួសារពួកគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺស្មើរហូតដល់១សែនលានដុល្លារក្នុង១ឆ្នាំ ប៉ុន្តែបច្ចុប្បន្ន ប្រាក់ទាំងនោះត្រូវបាត់បង់ ទោះជាសង្គ្រាមឆាប់បញ្ចប់ក្តី ក៏ផលប៉ះពាល់លើមនុស្សទាំង៣២លាននាក់ បានកើតឡើងរួចទៅហើយ ។
លោក De Croo បន្តទៀតថា មូលហេតុដែលមនុស្សជាច្រើនលាននាក់លើពិភពលោក រស់នៅក្នុងភាពអត់ឃ្លាន គឺបណ្តាលមកពីតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន (ហ្គាស) កើនឡើង និងកង្វះខាតអាហារកាន់តែខ្លាំង បន្ទាប់ពីច្រកសមុទ្រ Hormuz សម្រាប់ដឹកជញ្ជូនថាមពល និងជីកសិកម្មយ៉ាងច្រើនមហាសាល ត្រូវបានបិទខ្ទប់មិនឱ្យនាវាឆ្លងកាត់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។ បញ្ហាខ្វះខាតស្បៀងអាហារនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងនាប៉ុន្មានខែខាងមុខ ពីព្រោះដល់ពេលរដូវដាំដុះបង្កបង្កើនផល បែរជាគ្មានជីកសិកម្ម វាធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះខ្លាំងនៅខែកញ្ញា តុលា និងវិច្ឆិកា ខាងមុខ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ពលរដ្ឋរស់នៅគ្រប់ប្រទេសបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា បន្ទាប់ពីតម្លៃប្រេងឥន្ធនៈ និងហ្គាសកើនឡើងខ្ពស់ ជាលទ្ធផល ធ្វើឱ្យតម្លៃដឹកជញ្ជូន ក៏ដូចជាតម្លៃទំនិញផ្សេងៗកើនឡើងខ្ពស់ជាងបន្តបន្ទាប់ ប្រសិនបើសង្គ្រាមអូសបន្លាយពេលយូរទៀត ផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរជាងនេះ ៕










