គ្រាន់តែរឿងបិទច្រកសមុទ្រមួយធ្វើឲ្យពិភពលោករង្គោះរង្គើររកដំណោះស្រាយមិនទាន់ចេញផង ឥឡូវអ៊ីរ៉ង់ស្រាប់តែលើកយកចំណុចរសើបថ្មីមកដាក់សម្ពាធបន្ថែមទៀត ដោយគំរាមថានឹងធ្វើការទម្លាក់គ្រាប់បំផ្ទុះ កាត់ផ្ដាច់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រនៅឈូងសមុទ្រពែរ្ស ដែលអាចបង្កឲ្យប្រទេសមួយចំនួនគ្មានអ៊ីនធឺណិតប្រើប្រាស់ និងមានភាពរអាក់រអួលនៅទូទាំងពិភពលោក។

យោងតាមការចុះផ្សាយរបស់ The MES Times និង The Times of India នៅថ្ងៃព្រហស្បត្តិ៍ ទី២៣ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញការព្រមានមួយ ដោយបង្ហាញថា ខ្សែកាបទិន្នន័យក្រោមសមុទ្រដែលរត់កាត់ច្រកសមុទ្រហ័រមូស នឹងក្លាយជាគោលដៅដែលងាយរងគ្រោះខ្លាំងចំពោះសកម្មភាពដោយចៃដន្យ ឬដោយចេតនា។.jpg)
បន្ថែមលើនោះ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយទីភ្នាក់ងារសារព័ត៌មាន Tasnim បានព្រមានថា “ការខូចខាតក្នុងពេលដំណាលគ្នាចំពោះខ្សែកាបសំខាន់ៗជាច្រើន” អាចបង្កឱ្យមានការដាច់ចរន្តអគ្គិសនីនៅតំបន់ទូទាំងឈូងសមុទ្រពែរ្ស ដែលជាសញ្ញាបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់នេះឥឡូវនេះអាចប្រឈមនឹងហានិភ័យ។.jpg)
ខណៈដែលបច្ចុប្បន្នមិនទាន់មានខ្សែណាមួយត្រូវបានកាត់ផ្តាច់ អ្នកវិភាគយល់ឃើញថា ចលនានេះជាសញ្ញាយុទ្ធសាស្ត្រក្នុងអំឡុងពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ ប្រសិនបើខ្សែសំខាន់ៗជាច្រើននៅឈូងសមុទ្រត្រូវបានខូចខាត ប្រទេសដូចជាអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន គុយវ៉ែត អ៊ីរ៉ាក់ និងអ៊ីរ៉ង់អាចប្រឈមនឹងល្បឿនអ៊ីនធឺណិតយឺត ការដាច់សេវា និងរំខានដល់ដំណើរការរបស់ធនាគារ ដែលពន្យារពេលក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល។ ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យដែលមានមូលដ្ឋាននៅឈូងសមុទ្រក៏អាចរងផលប៉ះពាល់ផងដែរ។.jpg)
គួរជម្រាបថា ខ្សែបណ្ដាញអុបទិកក្រោមបាតសមុទ្រទាំងនេះ គឺជាឆ្អឹងខ្នងលាក់កំបាំងនៃអ៊ីនធឺណិតសកល ដែលពួកវាផ្ទុកទិន្នន័យយ៉ាងច្រើនរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកជារៀងរាល់វិនាទី។ ដូច្នេះហើយ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកអាចនឹងជួបប្រទះជាមួយបញ្ហាកម្មវិធីដំណើរការយឺត ការហៅជាវីដេអូយឺត ប្រតិបត្តិការហិរញ្ញវត្ថុយឺត និងសេវាកម្ម cloud មិនស្ថិតស្ថេរ ប្រសិនបើការរំខានរីករាលដាល។
សម្រាប់ពេលនេះ ការគំរាមកំហែងនៅតែជាការព្រមាននៅឡើយ ប៉ុន្តែវាបានលាតត្រដាងការពិតដែលកំពុងកើនឡើងថានៅក្នុងពិភពលោកសព្វថ្ងៃនេះ សង្គ្រាមលែងត្រូវបានប្រយុទ្ធតែនៅលើដី ឬនៅលើអាកាសទៀតហើយ ប៉ុន្តែក៏ស្ថិតនៅក្រោមសមុទ្រជ្រៅផងដែរ ហើយរាល់ការរំខានដល់ណាមួយដល់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះនឹងនាំឲ្យរបត់សង្គមមានការប្រែប្រួលនឹកស្មានមិនដល់៕










