ជ្រើសរើសការតាំងសមាធិនិងរកឃើញសេចក្តីស្ងប់នៅក្នុងចិត្តពិតប្រាកដ តារាចម្រៀង មាស សុខសោភា មានការផ្លាស់ប្តូររូបរាងគួរឱ្យកត់សម្គាល់ ខុសពីរូបរាងកន្លងមក ខណៈមួយចំនួនមានការសង្ស័យអំពីតារាចម្រៀងរូបនេះថាទំនងជាមានដំណឹងល្អទើបបានជាប្រែប្រួលរូបរាងបែបនេះ។
ថ្មីៗនេះអ្នកគាំទ្របានឃើញវីដេអូរបស់តារាចម្រៀងទាំងបីរូបរួមមាន សុគន្ធ និសា មាស សុខសោភា និង យក់ ថិតរដ្ឋា បានជួបជុំថតរូបជាមួយគ្នានៅឯខាងក្រោយឆាកក្នុងការប្រគំតន្រ្តីមួយកន្លែង។ តារាចម្រៀងទាំង៣រូបបានចែករំលែកពីភាពសប្បាយរីករាយជាមួយគ្នាអមដោយការរាំលេងកម្សាន្តតាមទិកតុកនិងសកម្មភាពផ្សេងទៀត។ ក្រៅពីឃើញមិត្តភាពដ៏រឹងមាំរបស់អ្នកទាំងបី អ្នកគាំទ្របានចាប់អារម្មណ៍ជាពិសេសទៅលើរូបភាពរបស់ មាស សុខសោភា។
តារាចម្រៀង មាស សុខសោភា ត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈទឹកដមសំឡេងដ៏ពីរោះរណ្តំនិងការថែរក្សារូបរាងឱ្យនៅតែស្រស់ស្អាត រាងស្លីម និងក្មេងជាងវ័យ។ ទោះយ៉ាងណា បន្ទាប់ពីតាំងសមាធិ ភ្ជាប់ស្នេហានឹងគូស្នេហ៍ថ្មី ព្រមទាំងរកឃើញសេចក្តីសុខពិតប្រាកដ តារាចម្រៀងរូបនេះកាន់តែស្រស់ថ្លា មានរូបរាងខុសពីមុន។ ការប្រែរូបរាងខុសពីធម្មតាមនុស្សមួយចំនួនក៏បង្កើតសង្ស័យថា អ្នកនាង មាស សុខសោភា កំពុងមានដំណឹងល្អឬយ៉ាងណា។ យ៉ាងណាមិញ កន្លងមកក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា មាស សុខសោភា ទំនងជាពរពោះបន្ទាប់ពីឃើញតារាចម្រៀងរូបនេះឡើងទម្ងន់ ប៉ុន្តែយ៉ាងណានោះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ហើយនេះអាចជារឿងធម្មតាដែលនាងមានផ្លូវចិត្តល្អប្រសើរ ទទួលទានអាហារល្អៗទើបធ្វើឱ្យខ្លួនឯងឡើងទម្ងន់ ឬអាចមកពីការជ្រើសរើសសំលៀកបំពាក់ខុសនឹងដងខ្លួន ស្របពេលតារាចម្រៀងរូបនេះផ្តោតសំខាន់ទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្តច្រើនជាងអំពីរូបរាងស្លីម។
គួរឱ្យដឹងថាជុំវិញភាពចម្រូងចម្រាសរបស់ មាស សុខសោភា និងគូស្នេហ៍ថ្មី ដែលមានការមិនពេញចិត្តច្រើនពីសំណាកមហាជន មកទល់នឹងពេលនេះមនុស្សមួយចំនួននៅតែបន្តបញ្ចេញមតិប្រតិកម្មដដែល ខណៈអ្នកខ្លះចាត់ទុកថានោះជារឿងផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះដោយពួកគេនៅតែបន្តគាំទ្រស្នាដៃសិល្បៈរបស់តារាចម្រៀងរូបនេះដដែល៕










