ប្រជាជនជិត 180 លាននាក់ដែលរស់នៅក្នុងប្រទេសបង់ក្លាដេស កំពុងប្រឈមនឹងការកាត់ផ្ដាច់ប្រព័ន្ធទូរគមនាគមន៍ គ្មានអិនធើណេត និងគ្មានសូម្បីសេវាសម្រាប់ទំនាក់ទំនងតាមទូរស័ព្ទចល័ត ដោយសារកង្វះខាតប្រេងឥន្ធនៈដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់ CNA។
ដោយសារសង្រ្គាម និងការរាំងស្ទះនៅច្រកសមុទ្រដែលរំខានដល់ដំណើរការដឹកជញ្ជូនប្រេង និងឧស្ម័ន បានអូសបន្លាយពេលកាន់តែយូរ ប្រទេសជាច្រើនរួមទាំងប្រទេសបង់ក្លាដេស បានទទួលរងផលប៉ះពាល់ស្ទើលើគ្រប់វិស័យ។ ក្នុងនោះវិស័យទូរគមនាគមន៍របស់ប្រទេសនេះក៏ទទួលរងសម្ពាធធ្ងន់ធ្ងរផងដែរ ដោយរដ្ឋាភិបាលបានប្រកាសថា បើគ្មានការកែលម្អយ៉ាងឆាប់រហ័សលើបញ្ហាខ្វះខាតប្រេងឥន្ធនៈទេ ពួកគេអាចនឹងឈានដល់ការបិទប្រព័ន្ធទូរស័ព្ទចល័ត និងអ៊ីនធឺណិតឆាប់ៗនេះមិនខាន។
.jpg)
មូលហេតុដែលជំរុញឲ្យពួកគេធ្វើបែបនេះ គឺដោយសារតែក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងប្រទេសបង់ក្លាដេស ពឹងផ្អែកយ៉ាងខ្លាំងទៅលើម៉ាស៊ីនភ្លើង និងមជ្ឈមណ្ឌលទិន្នន័យដែលដើរដោយប្រេងម៉ាស៊ូត និងត្រូវការប្រេងសរុបទៅជិត ៤ ០០០លីត្រក្នុងមួយថ្ងៃ ដែលស្ថានីយប្រេងក្នុងស្រុកមិនមានលទ្ធភាពផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នោះទេ។ ក្នុងន័យនេះ នៅពេលការខ្វះខាតប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗ គ្រឹះស្ថានសំខាន់ៗជាច្រើននឹងតម្រូវឲ្យការផ្អាកដំណើរការ ព្រោះឥឡូវនេះវាកំពុងដំណើរការលើប្រេងបម្រុងទាបដែលគួរឱ្យព្រួយបារម្ភបំផុត។.jpg)
គួរជម្រាបថា ប្រទេសបង់ក្លាជាប្រទេសពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នប្រហែល 95% ដែលភាគច្រើនមានប្រភពមកពីមជ្ឈិមបូព៌ា ដូច្នេះវាងាយរងគ្រោះយ៉ាងខ្លាំងចំពោះការរំខានដល់ការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃ។ បច្ចុប្បន្នការតម្រង់ជួរវែងៗនៅស្ថានីយប្រេងឥន្ធនៈ និងប្រេងឡើងថ្លៃ កំពុងត្រូវបានមើលឃើញរួចហើយនៅទូទាំងប្រទេសនេះ ហើយពេលនេះវាក៏បង្កើនសម្ពាធដល់ប្រព័ន្ធដឹកជញ្ជូន អគ្គិសនី និងប្រព័ន្ធទំនាក់ទំនងបន្ថែមទៀត។.jpg)
ដោយមានប្រជាជនសរុបរហូតដល់ទៅ 177 លាននាក់ ពឹងផ្អែកលើការតភ្ជាប់ទូរស័ព្ទចល័ត ស្ថានភាពនេះមិនមែនគ្រាន់តែជាបញ្ហាថាមពលនោះទេ ប៉ុន្តែជាកង្វល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូលតែម្ដង៕










