មីយ៉ាន់ម៉ាបានបិទព្រំដែនជាមួយថៃជាឯកតោភាគីអស់រយៈពេលជាច្រើនខែ បើទោះជាថៃព្យាយាមចរចាជាច្រើនលើកសុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ចថៃកុំឱ្យដាំក្បាលចុះ ប៉ុន្តែមីយ៉ាន់ម៉ានៅតែមិនយល់ព្រម ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow និងក្រុមហ៊ុនឯកជនថៃ បានធ្វើដំណើរទៅចរចាជាមួយលោក Min Aung Hlaing ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញជួយស្តារសេដ្ឋកិច្ចថៃ ប៉ុន្តែមិនទាន់ទទួលការឆ្លើយតបពីមីយ៉ាន់ម៉ា ។.jpg)
នៅថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បានផ្តល់សម្ភាសន៍ពីទីក្រុងណៃពិដា ប្រទេសមីយ៉ាន់ម៉ា ថា លោកបានចរចាម្តងទៀតសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបើកព្រំដែនធ្វើពាណិជ្ជកម្មជាមួយថៃឡើងវិញ និងបញ្ឈប់ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ។ ការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាលើកនេះ គឺមានគោលបំណង៣ចំណុច រួមមាន ៖ ១-បង្ហាញក្តីរីករាយដែលមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលថ្មី ២-លោក Min Aung Hlaing ត្រូវបានជ្រើសតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា និង៣-ការផ្លាស់ប្តូរដ៏សំខាន់ឈានទៅរកសន្តិភាព និងការផ្សះផ្សាជាតិ ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានសុំឱ្យមីយ៉ាន់ម៉ាជួយសហការសន្តិសុខព្រំដែន, ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបង្ក្រាបការជួញដូរគ្រឿងញៀនរវាងប្រទេសទាំងពីរ ព្រមទាំងឱ្យមីយ៉ាន់ម៉ាជួយថៃកាត់បន្ថយការបំពុលលើអាកាស និងទឹក ។ គោលបំណងសំខាន់បំផុតក្នុងការធ្វើដំណើរទៅមីយ៉ាន់ម៉ាលើកនេះ គឺចរចាឱ្យមីយ៉ាន់ម៉ាបើកព្រំដែនជាមួយថៃឡើងវិញដើម្បីធ្វើពាណិជ្ជកម្ម ពីព្រោះសំខាន់ណាស់សម្រាប់ជួយស្តារសេដ្ចកិច្ចថៃកុំឱ្យធ្លាក់ចុះ ខណៈកន្លងមក ពាណិជ្ជកម្មនៅព្រំដែនស្មើរហូតដល់៨០% នៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ។
លោក Sihasak បន្តថា ថៃចង់បំពេញតួនាទីក្នុងនាមជាប្រទេសសមាជិកអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សានៅមីយ៉ាន់ម៉ា ហើយថៃរីករាយដែលរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាប្រកាសលើកលែងទោសអ្នកនយោបាយ ជាពិសេស ការលើកលែងទោសអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ។ លោកក៏បានពិភាក្សាពីការកាត់បន្ថយភាពតានតឹងនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ ដោយគាំទ្រឱ្យអាស៊ាន និងអង្គការអន្តរជាតិជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ។

លើសពីនេះ លោកសុំឱ្យមីយ៉ាន់ម៉ាកាត់បន្ថយ ឬបញ្ឈប់ការប្រយុទ្ធគ្នានៅព្រំដែន ពីព្រោះបណ្តាលឱ្យគ្រាប់បែកធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់ ។ កន្លងមក មន្ត្រីកងទ័ពជាន់ខ្ពស់ថៃបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួមប្រជុំជាមួយកងទ័ពមីយ៉ាន់ម៉ាពិភាក្សាពីរឿងសន្តិសុខព្រំដែន ហើយថ្ងៃខាងមុខ ថៃនឹងធ្វើឱ្យជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកងទ័ពប្រទេសទាំងពីរជជែកពីបញ្ហានេះ ។

ក្រៅពីសុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ លោកក៏បានសុំឱ្យមីយ៉ាន់ម៉ាជួយកាត់បន្ថយធូលីកខ្វក់ PM 2.5 នៅប្រទេសថៃផងដែរ ដោយលោកថា មីយ៉ាន់ម៉ា និងឡាវ គួរតែជួយសហការកាត់បន្ថយធូលីកខ្វក់នៅប្រទេសថៃ ពីព្រោះជាបញ្ហាត្រូវដោះស្រាយបន្ទាន់ ។

គួរបញ្ជាក់ថា លោក Sihasak និងក្រុមហ៊ុនឯកជនថៃបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីចរចាជាមួយលោក Min Aung Hlaing ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា សុំឱ្យបើកព្រំដែនដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ការវិនិយោគ បន្ទាប់ពីមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីបណ្តាលឱ្យរាំងស្ទះដល់ការនាំចេញទំនិញថៃ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបរឿងបើកព្រំដែននៅឡើយទេ ៕










