បវរកញ្ញា កុយ អេនណា បានធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតបន្ទាប់ពីរូបនាងឆ្លៀតពេលពីការងារសម្តែងនៅសហរដ្ឋអាម៉េរិកបានស្លៀកឈុតប្រពៃណីខ្មែរបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅទីក្រុងញូវយ៉ក។ តាមការបញ្ជាក់ពីរូបនាងផ្ទាល់ទីក្រុងនេះគឺជាកន្លែងក្នុងថ្ងៃស្រមៃរបស់ខ្លួនផងដែរ។
ប្រិយមិត្តនិយមតាមដានបវរកញ្ញា កុយ អេនណា ប្រាកដជាជ្រាបមកហើយថារូបនាង លោក នេន ទុំ ឈីន រតនៈ និងអ្នកផ្សេងទៀតបានចេញទៅសម្តែងជូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិកក្នុងរដូវកាលពីពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ ក្រៅពីសម្តែងយកថវិកា កុយ អេន ណា បានឆ្លៀតពេលរបស់ខ្លួនចូលរួមផ្សព្វផ្សាយពីវប្បធម៌ជាតិទៀតផង។

តាមការបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី២១ ខែមេសា ម៉ោងនៅកម្ពុជា កុយ អេនណា បានបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរនាពិធីមង្គលការឈរនៅតំបន់ Time Square ទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក។ កុយ អេនណា បាននិយាយនៅក្នុងវីដេអូថានេះគឺជាលើកទី១សម្រាប់នាងដែលបានមកនេះហើយនាងពិតជាមានអារម្មណ៍រំភើបរីករាយមែនទែនពីព្រោះនេះគឺជាក្តីសុបិនមួយក្នុងការមកដល់ទីនេះ។ ក្នុងពេលដែលបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងពិធីមង្គលការ កុយ អេនណា បានបង្ហាញពីមោទនភាពដែលនាងកើតមកជាកូនខ្មែរ។
វីដេអូរបស់ អេនណា បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើនដោយមានការបញ្ចេញមតិកោតសរសើរនិងពេញចិត្តចំពោះសកម្មភាពរបស់បវរកញ្ញាខ្មែររូបនេះណាស់។

កុយ អេនណា គឺជាលំដាប់រងទី១នៅក្នុងការប្រកួតបវរកញ្ញាដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ សកម្មភាពសប្បុរសធម៌ ការបង្ហាញពីតំបន់ទេសចរណ៍ និងឥទ្ធិពលផ្សេងទៀតបានជំរុញឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីរន្ធឺហើយបណ្តាញសង្គមហេ្វកប៊ុលរបស់នាងមានអ្នកតាមដានរហូតដល់១លាននាក់៕










