តម្លៃប្រេងឥន្ធនៈនៅប្រទេសនានាបានកើនឡើងខ្លាំង និងប្រែប្រួលមិនឈប់ឈរដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ា ហើយក្លាយជាបញ្ហាប្រឈមសម្រាប់កសិករក្នុងប្រទេសរងផលប៉ះពាល់ ពីព្រោះប្រេង គឺដូចគ្នានឹងសរសៃឈាមដ៏សំខាន់ក្នុងវិស័យកសិកម្ម តាំងពីការប្រើប្រាស់គ្រឿងចក្រឈូសឆាយដី បូមទឹកចូលស្រែ រហូតដល់ដឹកជញ្ជូនទិន្នផលទៅកាន់ទីផ្សារ សុទ្ធតែត្រូវការប្រេងជាចាំបាច់ ។ ប៉ុន្តែតម្លៃប្រេងកើនឡើងប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករដោយផ្ទាល់ ដែលទាមទារឱ្យផ្លាស់ប្តូរការធ្វើកសិកម្មតាមទម្លាប់ចាស់ដើម្បីរក្សាប្រាក់ចំណេញឱ្យស្ថិតស្ថេរ ។
ផលប៉ះពាល់របស់កសិករដោយសារតម្លៃប្រេងកើនឡើង រួមមាន ៖
១-ចំណាយដើមទុនខ្ពស់ក្នុងការដាំដុះ ៖ កសិករត្រូវចំណាយប្រាក់ច្រើនជាងមុនលើការទិញប្រេងសម្រាប់ប្រើប្រាស់ក្នុងគ្រឿងចក្រឈូសឆាយដីមុនពេលដាំដុះដំណាំ, ចំណាយប្រាក់ច្រើនសម្រាប់ប្រេងចាក់ម៉ាស៊ីនបូមទឹកដាក់ស្រែ ឬប្រើប្រាស់ឧបករណ៍បាញ់ថ្នាំកម្ចាត់សត្វល្អិត
២-តម្លៃជីកសិកម្មកើនឡើង ៖ មិនមែនមានតែតម្លៃប្រេងទេដែលកើនឡើង គឺតម្លៃជីកសិកម្ម និងថ្នាំកម្ចាត់សត្វល្អិតក៏កើនឡើងដែរ
៣-ចំណាយប្រាក់ច្រើនលើការដឹកជញ្ជូន ៖ ពេលកសិករដឹកជញ្ជូនទិន្នផលទៅកាន់ទីផ្សារ ឬរោងចក្រ ត្រូវចំណាយប្រាក់ច្រើនលើការដឹកជញ្ជូន ជំរុញឱ្យប្រាក់ចំណេញធ្លាក់ចុះ ។
.jpg)
កសិករគួរតែសម្របខ្លួនតាមវិធីទាំងនេះដើម្បីរក្សាប្រាក់ចំណេញ ៖
១-ថែទាំគ្រឿងចក្រ ៖ ការថែទាំគ្រឿងចក្រសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានសំខាន់ណាស់ ពីព្រោះគ្រឿងចក្រដែលប្រើប្រាស់ប្រេងម៉ាស៊ីនចាស់ វានឹងធ្វើការធ្ងន់ ឬស៊ីប្រេងយ៉ាងខ្លាំង ដែលទាមទារឱ្យត្រួតពិនិត្យឧបករណ៍គ្រឿងចក្រគ្រប់ពេលវេលាដើម្បីសន្សំសំចៃប្រេង ។
២-រៀបចំផែនការជាមុន ៖ រៀបចំផែនការដាំដុះក្នុងកសិដ្ឋានឱ្យរួចស្រេចដើម្បីកាត់បន្ថយការបើកបររថយន្តទៅមកមិនចាំបាច់ ដែលជាការខ្ជះខ្ជាយប្រេង ។ គួរតែសហការជាមួយកសិករផ្សេងទៀតដើម្បីដឹកជញ្ជូនទិន្នផលកសិកម្មរួមគ្នាទៅកាន់ទីផ្សារ និងចេញថ្លៃដឹកជញ្ជូនម្នាក់ពាក់កណ្តាល ។.jpg)
៣-ប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយការចំណាយ ៖ កសិករអាចប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ ដូចជា ៖ ប្រើប្រាស់ពន្លឺផ្ទាំងសូឡាបូមទឹកបញ្ចូលស្រែ ដោយពុំចាំបាច់ប្រើម៉ាស៊ីនបូមទឹក ហើយការបូមទឹកតាមវិធីនេះ គឺកសិករមិនចាំបាច់ចំណាយប្រាក់ទិញប្រេង ឬប្រើប្រាស់អគ្គិសនីឡើយ ។ ក្រៅពីនេះ អាចប្រើប្រាស់ដ្រូនបាញ់ថ្នាំកម្ចាត់សត្វល្អិតក្នុងកសិដ្ឋាន និងពុំចាំបាច់ប្រើប្រាស់ឧបករណ៍បាញ់ថ្នាំដូចមុន ។
៤-កាត់បន្ថយការចំណាយប្រេងដោយការដាំដំណាំតែ១មុខ ៖ បើមានផ្ទៃដីដាំដំណាំច្រើនកន្លែង គួរតែដាំដំណាំតែ១មុខ ឬដាំដំណាំណាដែលត្រូវការថែទាំស្រដៀងគ្នាលើផ្ទៃដីក្បែរគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងចក្រញឹកញាប់ដែលនាំឱ្យខ្ជះខ្ជាយប្រេងឥតប្រយោជន៍ ។
៥-បង្កើនតម្លៃទិន្នផលក្នុងកសិដ្ឋាន ៖ ការកែច្នៃទិន្នផលក្នុងកសិដ្ឋាន ឬសហគមន៍ អាចជួយកាត់បន្ថយបរិមាណទិន្នផលដែលត្រូវដឹកជញ្ជូនទៅលក់នៅផ្សារឆ្ងាយៗ ដូចជា ៖ យកទិន្នផលដែលផលិតបានមកហាលថ្ងៃឱ្យស្ងួត និងបែងចែកប្រភេទទិន្នផលមុនពេលដឹកជញ្ជូន ។ ការធ្វើបែបនេះនឹងជួយបង្កើនតម្លៃទិន្នផល ដោយដឹកជញ្ជូនតែ១ជើងប៉ុណ្ណោះ ។
តម្លៃប្រេងកើនឡើង និងប្រែប្រួលឥតឈប់ឈរ បណ្តាលឱ្យការចំណាយដើមទុនក្នុងការផលិតកើនឡើងដែរ ទាំងថ្លៃដឹកជញ្ជូន និងគ្រឿងចក្រ ។ ប្រសិនបើនៅតែធ្វើស្រែ ឬចម្ការតាមទម្លាប់ចាស់ គ្មានការផ្លាស់ប្តូរនោះ កសិករនឹងទទួលបានប្រាក់ចំណេញតិចជាងមុន ដូច្នេះ ត្រូវអនុវត្តតាមវិធីទាំងនេះដើម្បីរក្សាប្រាក់ចំណេញឱ្យស្ថិតស្ថេរយូរអង្វែង ។.jpg)
ស្ថានការណ៍បែបនេះ កសិករត្រូវព្យាយាមពឹងផ្អែកលើខ្លួនឯងឱ្យច្រើនបំផុតដោយកាត់បន្ថយការប្រើប្រាស់ប្រេងខ្ជះខ្ជាយ និងងាកមកផ្តល់ភាពសំខាន់លើផែនការយុទ្ធសាស្ត្រ, សម្របខ្លួនឱ្យទាន់ពេលវេលា និងជ្រើសរើសបច្ចេកវិទ្យាសមស្របនឹងខ្លួនយើង ទើបអាចឆ្លងផុតស្ថានការណ៍ដ៏លំបាកបាន ។
ការសម្របខ្លួនរបស់កសិករក្នុងពេលតម្លៃប្រេងកើនឡើង គឺលំបាកនៅពេលដំបូង ប៉ុន្តែបើចាប់ផ្តើមដាក់ផែនការ និងផ្លាស់ប្តូរទម្លាប់ក្នុងកសិដ្ឋានចាប់ពីឥឡូវ ជឿថា កសិករគ្រប់រូបនឹងអាចឆ្លងផុតវិបត្តិថាមពល និងរឹងមាំនាថ្ងៃអនាគត ៕










