យើងតែងតែបានឮចាស់ៗហាមហាលសម្លៀកបំពាក់នៅពេលយប់ ពីព្រោះក្រៅពីពាក់ព័ន្ធនឹងជំនឿតៗគ្នាហើយ វាក៏ប៉ះពាល់សុខភាពផងដែរ ។ មកដឹងមូលហេតុថា ហេតុអ្វីពុំគួរហាលសម្លៀកបំពាក់ពេលយប់ តើមានផលប៉ះពាល់អ្វីខ្លះ?
ក្រៅពីជំនឿបុរាណ អ្នកជំនាញក៏បានលើកឡើងពីពេលវេលាល្អបំផុតសម្រាប់ការហាលសម្លៀកបំពាក់ គឺចាប់ពីពេលព្រឹកព្រលឹម រហូតដល់រសៀល ដែលពេលនេះមានកំដៅថ្ងៃខ្លាំងជួយឱ្យសម្លៀកបំពាក់ឆាប់ស្ងួត និងកម្ចាត់មេរោគបានល្អ ។ ចុះបើហាលសម្លៀកបំពាក់ពេលយប់វិញ តើនឹងមានអ្វីកើតឡើង?
១-ប្រមូលផ្តុំមេរោគ និងក្លិនមិនល្អ ៖ សីតុណ្ហភាពនឹងធ្លាក់ចុះពេលអស់កំដៅថ្ងៃ និងមានសំណើមកើនឡើងលើអាកាស ដែលបណ្តាលឱ្យសម្លៀកបំពាក់ហាលពេលយប់មិនងាយស្ងួត ក្លាយជាកន្លែងប្រមូលផ្តុំមេរោគ ។ លើសពីនេះ វាមានក្លិនមិនល្អ ប្រសិនបើកុមារងាយប្រតិកម្មស្បែក ពេលស្លៀកសម្លៀកបំពាក់នឹងកើតកន្ទួលរមាស់ ឬរលាកស្បែក ។
២-សត្វល្អិត និងកខ្វក់ ៖ ពេលយប់សម្បូរសត្វល្អិតតូចៗហើរមកទំលើសម្លៀកបំពាក់សើមដើម្បីបញ្ចេញពង ឬលាមក ពេលយកសម្លៀកបំពាក់មកប្រើប្រាស់ដោយមិនពិនិត្យជាមុនអាចប្រតិកម្មស្បែកធ្ងន់ធ្ងរ រីឯក្មេងតូចឆាប់ឆ្លងមេរោគ ។
៣-គ្រោះថ្នាក់ផ្លូវដង្ហើម ៖ សំណើម និងមេរោគជាប់សម្លៀកបំពាក់ហាលពេលយប់ គឺជាមូលហេតុគ្រោះថ្នាក់ប្រព័ន្ធផ្លូវដង្ហើម ។ អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ឬមានបញ្ហាផ្លូវដង្ហើមអាចកើតជំងឺហឺតដោយសារការស្រូបក្លិនមិនល្អរបស់សម្លៀកបំពាក់ ។
៤-ជំនឿ និងថាមពលអវិជ្ជមាន ៖ តាមជំនឿពលរដ្ឋនៅបណ្តាប្រទេសមជ្ឈិមបូព៌ា និងក្បួនហុងស៊ុយបញ្ជាក់ថា ការហាលសម្លៀកបំពាក់នៅកន្លែងងងឹត គឺជាការទាក់ទាញថាមពលអវិជ្ជមាន ឬរឿងមិនល្អជាប់នឹងសម្លៀកបំពាក់ វានឹងមកនូវតែសំណាងអាក្រក់ ។
៥-ខូចសាច់ក្រណាត់ និងបាត់ក្លិនក្រអូប ៖ ការហាលសម្លៀកបំពាក់មិនស្ងួតល្អធ្វើឱ្យឆាប់ខូចសាច់ក្រណាត់ និងបាត់ក្លិនក្រអូបរបស់ទឹកក្រអូប ហើយជំនួសមកវិញនូវក្លិនស្អុយបណ្តាលឱ្យវិលមុខ ។
អ្នកជំនាញណែនាំឱ្យហាលសម្លៀកបំពាក់ពេលថ្ងៃ និងយកទុកមុនពេលព្រលប់ដើម្បីកុំឱ្យត្រូវទឹកសន្សើម ហើយការហាល ក៏ត្រូវគិតពីសោភ័ណភាពផ្ទះ មិនមែនហាលគ្រប់កន្លែងទេ ។ បើចាំបាច់ត្រូវបោកគក់សម្លៀកបំពាក់ពេលយប់ គួរប្រើប្រាស់ម៉ាស៊ីនសម្ងួត និងហាលកន្លែងមានខ្យល់ ។
សរុបមក ការហាមហាលសម្លៀកបំពាក់ពេលយប់ មិនមែនគ្រាន់តែជាជំនឿបុរាណទេ ប៉ុន្តែមានហេតុផលវិទ្យាសាស្ត្រប៉ះពាល់សុខភាពដោយផ្ទាល់ ទាំងបញ្ហាមេរោគ និងរលាកស្បែក ។ ហេតុនេះ ការថែទាំសាច់ក្រណាត់ឱ្យស្អាត គួរហាលនៅកន្លែងមានកំដៅថ្ងៃ មានខ្យល់ ប្រមូលទុកពេលល្ងាចដើម្បីរក្សាក្លិនក្រអូប និងសុវត្ថិភាព ៕










