ក្រសួងការបរទេសអាមេរិកបានកំណត់វិធានការថ្មីផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ (Immigrant Visa) ដល់ពលរដ្ឋមកពីប្រទេសចំនួន៧៥ រួមទាំងកម្ពុជា ថៃ និងឡាវ ដោយអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដើម្បីបង្កើនការត្រួតពិនិត្យជនអន្តោប្រវេសន៍ និងបារម្ភអាចក្លាយជាបន្ទុកចំណាយថវិកាផ្នែកប្រព័ន្ធសុខុមាលភាពសាធារណៈរបស់រដ្ឋាភិបាលអាមេរិក ។

ការកំណត់វិធានការថ្មីនេះត្រូវបានពិភាក្សាគ្នាតាំងពីដើមឆ្នាំ២០២៦ ក្រោមហេតុផលពលរដ្ឋមកពីប្រទេសចំនួន៧៥ ដែលស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ទទួលបានអត្ថប្រយោជន៍សុខុមាលភាពពីរដ្ឋាភិបាលអាមេរិក ដែលធ្វើឱ្យប៉ះពាល់ដល់ថវិកាជាតិ និងពលរដ្ឋអាមេរិកដែលបង់ពន្ធជូនរដ្ឋ ។ ហេតុនេះ អាមេរិកចាំបាច់ត្រូវតែមានវិធានការគ្រប់គ្រងការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ពលរដ្ឋមកពីប្រទេសទាំងនេះយ៉ាងតឹងរ៉ឹង ។
.jpg)
ទោះយ៉ាងណា ពលរដ្ឋប្រទេសទាំង៧៥ នៅតែអាចដាក់ពាក្យស្នើសុំទិដ្ឋាការ និងចូលសម្ភាសន៍តាមធម្មតា ប៉ុន្តែក្នុងអំឡុងពេលអាមេរិកផ្អាកការចេញទិដ្ឋាការអន្តោប្រវេសន៍នេះ គឺនឹងគ្មានការអនុម័ត ឬចេញទិដ្ឋាការអន្តោប្រវេសន៍ឱ្យអ្នកដាក់ពាក្យមកពីប្រទេសទាំងនេះទេ ។.jpg)
ជាមួយគ្នានេះ ក៏លើកលែងសម្រាប់ករណីមួយចំនួន ដូចជា ៖ អ្នកមានសញ្ជាតិ២ និងកាន់លិខិតឆ្លងដែនមកពីប្រទេសផ្សេងដែលមិនស្ថិតក្នុងបញ្ជីប្រទេសទាំង៧៥ រួមទាំងកុមារដែលក្រុមគ្រួសារអាមេរិកកំពុងតែរៀបចំឯកសារសុំចិញ្ចឹមជាកូនធម៌ គឺនឹងមានការពិចារណាពិសេស ដើម្បីផលប្រយោជន៍ជាតិក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក ។

សេចក្តីប្រកាសផ្អាកផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេស៧៥ គឺជាការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិកដែលផ្តោតលើការគ្រប់គ្រងហានិភ័យសេដ្ឋកិច្ច និងសង្គមកាន់តែតឹងរ៉ឹង ស្របពេលបំណុលសាធារណៈ និងឱនភាពថវិកានៅតែជាបញ្ហាគោលនយោបាយសំខាន់ៗថ្នាក់ជាតិ ។
.jpg)
គួរបញ្ជាក់ថា វិធានការថ្មីនេះធ្វើឡើងតាមគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឱ្យជនបរទេសទៅរស់នៅអាមេរិកលែងក្លាយជាបន្ទុករបស់រដ្ឋាភិបាល និងមានសមត្ថភាពថវិកាដោយខ្លួនឯង ៕









